អុំទូក​៖ ក្រសួងសុខាភិបាល​ត្រៀម​រថយន្ត​សង្គ្រោះ ៥៨​គ្រឿង និង​ក្រុមគ្រូពេទ្យ ៨២០​នាក់
ជាតិ
សង្គមជាតិ
អុំទូក​៖ ក្រសួងសុខាភិបាល​ត្រៀម​រថយន្ត​សង្គ្រោះ ៥៨​គ្រឿង និង​ក្រុមគ្រូពេទ្យ ៨២០​នាក់
01, Nov 2017 , 8:39 pm        
រូបភាព
​នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២-៤ វិច្ឆិកា​នេះ ក្រសួង​សួង​សុខាភិបាល បានរៀបចំ​ឲ្យ​មាន​រថយន្ត​គិលានសង្គ្រោះ​ចំនួន ៥៨​គ្រឿង និង​ក្រុមគ្រូពេទ្យ​ចំនួន ៨២០​នាក់ ព្រមទាំង​បន្ថែម​ក្រុមគ្រូពេទ្យ​មួយចំនួនធំ​ទៀត​ដែល​ត្រូវ​ប្រចាំការ​នៅតាម​បណ្ដា​មន្ទីរពេទ្យ​ជាតិ​ទាំង ៤ គឹ មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​អង្គឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដើម្បី​ផ្ដល់​សេវា​ពិនិត្យ ព្យាបាល និង​សង្គ្រោះបន្ទាន់ ហើយ​រាល់​ការពិនិត្យ​ព្យាបាល​នៅ​កន្លែង​តង់​សុខភាព និង​ការជួយ​សង្គ្រោះបន្ទាន់ ដោយ​មិនមាន​ការបង់ប្រាក់​ឡើយ​។​



​សេចក្ដីជូនដំណឹង​ក្រសួងសុខាភិបាល បន្តទៀតថា ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ស្វែងរក​សេវាកម្ម ពិនិត្យ​សុខភាព ក្រសួង​បាន រៀបចំ​ក្រុមគ្រូពេទ្យ​ចល័ត​ជាច្រើន​ក្រុម ដែលមាន​តង់​សុខភាព និង​ចល័ត​ក្នុង​ហ្វូង​ប្រជាពលរដ្ឋ ព្រមទាំង​តាម​ក្រុម​ទូក​ដែល​មកពី​បណ្ដា​ខេត្ត​នានា ដោយមាន​ពាក់​ឯកសណ្ឋាន​ពេទ្យ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព​បាន​ទាន់ពេលវេលា​។

​សេ​ក្ដី​ជូនដំណឹង ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ បាន​ស្រង់​សំដី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង យ៉ាងនេះ​ថា «​សូម​បងប្អូន​ថែរក្សា​អនាម័យ​ឲ្យ​បានល្អ និង​ធានា​នូវ​សុវត្ថិភាព​ចំណីអាហារ​ដើម្បី​សុខភាព​ល្អ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះដែរ កុំ​ប្រជ្រៀត​គ្នា​ឡើយ ដើម្បី​ចៀសវាង​បាន​នូវ​ការដួលសន្លប់​ជាយថាហេតុ​» លោក បញ្ជាក់ថា «​សូមកុំ​ពិសា​រគ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ ហើយ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ក្នុងពេល​បើកបរ​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ចរាចរណ៍​»​។​

​ក្រសួងសុខាភិបាល​បន្ថែ​ម​ទៀតថា ក្រសួង​បាន​ក៏បាន​ត្រៀម​ក្រុមគ្រូពេទ្យ និង​រថយន្ត​គិលានសង្គ្រោះ​ចល័ត ២៦​គ្រឿង ដាក់​នៅតាម​គោលដៅ ២៥​កន្លែង និង​បានដាក់​តង់​ពិនិត្យ​សុខភាព​សេវា ២៤​ម៉ោង ចំនួន​១២​កន្លែង​ផ្សេងៗ​គ្នា​ដើម្បី​ត្រៀម​ជួយសង្គ្រោះ និង​ផ្ដល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ​។ ក្នុងនោះដែរ​ក៏មាន​លេខ​ទូរស័ព្ទ លេខ​១១៩ សម្រាប់​ងាយស្រួល​ទំនាក់ទំនង​រក​ការផ្ដល់សេវា និង​ជួយសង្គ្រោះ​បន្ទាន់​បាន​ទាន់ពេលវេលា​។​

​សេចក្ដីជូនដំណឹង​ដដែល​នេះ បាន​បន្ថែមថា ក្រសួង​ក៏បាន​ចាត់​ឲ្យ​មាន​ក្រុមគ្រូពេទ្យ និង​រថយន្ត​គិលានសង្គ្រោះ​មកពី​បណ្ដា​រាជធានី​-​ខេត្ត តាម​ក្រុម​ទូកប្រណាំង​និ​មួយៗ​ចំនួន ៧​គ្រឿង រថយន្ត​គិលានសង្គ្រោះ​ប្រចាំការ​នៅតាម​មន្ទីរពេទ្យ​ថ្នាក់ជាតិ​ទាំង ៤​កន្លែង និង​នៅ​ទីស្ដីការក្រសួង​សុខាភិបាល​ចំនួន ២៥​គ្រឿង​ផងដែរ​៕






Tag:
 ក្រសួងសុខាភិបាល​
 ​ អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com