ជាតិ
សង្គមជាតិ
អុំទូក​៖ សមត្ថកិច្ច មមាញឹក​ក្នុង​ការរក្សា​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ដល់​ពលរដ្ឋ
02, Nov 2017 , 6:20 pm        
រូបភាព
ភ្នំពេញ​៖ ថ្ងៃទី​២ វិច្ឆិកា​នេះ គឺ​ថ្ងៃ​ដំបូង​នៃ​ការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រ​ទី​ត និង​សំពះ​ព្រះ​ខែ អកអំបុក ។ មកដល់ពេលនេះ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​មកពី​បណ្ដា​ខេត្ត​នានា បាននាំគ្នា​សម្រុក​ដើរ​កម្សាន្ត​នៅ​ទីតាំង​តាមផ្លូវ​មាត់ទន្លេ មុខ​ព្រះបរមរាជវាំង មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ និង​ទីតាំង​ត្រើយម្ខាង នា​ថ្ងៃបុណ្យ​អំ​ទូក​នេះ​។ ខណៈដែល​ពលរដ្ឋ​សម្រុក​មក​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ជាតិ​នេះ សមត្ថកិច្ច និង​ក្រុម​កងកម្លាំង​ជាច្រើន​នាក់ ក៏​មមាញឹក​ក្នុង​ការរក្សាសន្តិសុខ និង​សណ្ដាប់ធ្នាប់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពលរដ្ឋ​ផងដែរ​។ 
​សូម​ទស្សនា​វីដេអូ​នៃ​សកម្មភាព​សមត្ថកិច្ចរ​ក្សា​សណ្ដាប់ធ្នាប់​ខាងក្រោម​នេះ​៖
 
 
​កន្លងមក​លោក ចាន់ ស៊ីថា ប្រធាន​អង្គភាព​អន្តរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​និយាយថា អង្គភាព​អន្តរាគមន៍​បាន​ត្រៀមកម្លាំង​៣​ពាន់​នាក់ សម្រាប់​ល្បាត ថែរក្សា​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និង​សង្គ្រោះ នៅ​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២-៤ ខែវិច្ឆិកា ។ 
«​នគរបាល​អន្តរាគមន៍​ត្រៀមកម្លាំង ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​នៅ​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក […] រួមទាំង​ត្រៀមខ្លួន​ចេញ​ប្រតិបត្តិការ​ជានិច្ច​ក្នុងការ ការទប់ស្កាត់​អំពើ​ភេរវ​ម្ម និង​បាតុកម្ម​ផ្សេងៗ បន្ទាប់ពី​មាន​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​»​។ នេះ​តាម​ការអះអាង​របស់លោក ចាន់ ស៊ីថា ​។​


 
​លោក ចាន់ ស៊ីថា បន្ថែមទៀតថា ក្រៅពី​ត្រៀមកម្លាំង អង្គភាព​អន្តរាគមន៍ បាន​ត្រៀម​នូវ​រថយន្ត​ប្រឆាំង​ភេរវកម្ម​ចំនួន​១០​គ្រឿង រថយន្ត​ទប់ស្កាត់​បាតុករ​ចំនួន​៤​គ្រឿង រថយន្ត​អគ្គីភ័យ​ចំនួន​៤​គ្រឿង រថយន្ត​សង្គ្រោះ​ទូទៅ​ចំនួន​៣​គ្រឿង ម៉ូតូ​ល្បាត​គ្រប់​ទិសដៅ​ចំនួន​២០​គ្រឿង និង​រថយន្តក្រុង​ចំនួន​៨​គ្រឿង​។ 
 
​គួររម្លឹកថា លោក ថោង លីម អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ត្រៀមកម្លាំង​ជាង​២​ម៉ឺន​នាក់ ដើម្បី​ថែរក្សា​ការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការពារ​ទប់ស្កាត់​អំពើចោរកម្ម ឬ​ជន​ឆ្លៀតឱកាស ដែល​ប្រព្រឹត្ត​អំពើ​លួច ប្លន់ ទៅលើ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ហើយ​និង​បាន​ត្រៀម​រថយន្ត​ពេទ្យ រថយន្ត​ពន្លត់អគ្គីភ័យ​រាប់រយ​គ្រឿង​ផងដែរ នៅ​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com