កីឡាអន្តរជាតិ
អន្តរជាតិ
Marseille ប្រកាស​ព្យួរ Patrice Evra ដែល​បាន​លោត​ធាក់​ក្បាល​អ្នកគាំទ្រ​
04, Nov 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា Patrice Evra ទទួល​កាត​ក្រហម ដោយសារ​ខ្សែការពារ​រូបនេះ បាន​លោត​ធាក់​អ្នកគាំទ្រ​នៅពេលដែល​គេ​កំដៅ​សាច់ដុំ​មុន​ដែល​ក្រុម Marseille បាន​ចាញ់ Vitoria Guimaraes ១-០ ក្នុង​ពានរង្វាន់ UEFA Europa League​។ ខណៈដែល​ក្រុមប្រឹក្សាវិន័យ EUFA កំពុង​ពិចារណា​លើ​ទោសកំហុស​របស់ Evra ក្លិប Marseille បានចេញ​សេចក្តីថ្លែងការណ៍​ព្យួរ​កីឡាករ​រូបនេះ​ផងដែរ​។​



«​ជា​ទង្វើ​ដែល​មិនអាច​ទទួលយកបាន​»​។ នេះ​ជាការ​លើកឡើង​របស់​ក្លិប Marseille នៃ​ក្របខណ្ឌ Ligue 1 ជុំវិញ​ការសម្រេច​ដាក់ពិន័យ​ខ្សែការពារ​វ័យ​បារាំង​វ័យ​៣៦​ឆ្នាំ Patrice Evra ចំពោះ​ការប្រើ​ក្បាច់​កុង​ហ្វូ​លោក​ធាត់​អ្នកគាំទ្រ​របស់ខ្លួន កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា​។​
អត្ថបទទាក់ទង

​ការសម្រេចចិត្ត​ព្យួរ​ដោយ​មិនទាន់​បញ្ជាក់​កាលកំណត់​ច្បាស់លាស់​នេះ ធ្វើឡើង​បន្ទាប់ពី ជំនួប​រវាង​លោក Jacques-Henri Eyraud ដែលជា​ប្រធាន​ក្លិប និង​កីឡាករ Patrice Evra ដោយផ្ទាល់ ជាពិសេស​ក្រោយ​ការស៊ើបអង្កេត​ផ្ទៃក្នុង​ជំហាន​ទីមួយ​។​

​យោងតាម​ការផ្សាយ​កាសែត L'Equipe អ្នកគាំទ្រ​ដែល​រងគ្រោះ​នោះ ស្រែក​ដៀមដាម​ដាក់ Evra ជាង ៣០​នាទី ទើប​ធ្វើ​ឲ្យ​រូបគេ​ទ្រាំ​មិនបាន​ក៏​លោត​ធាក់​មួយ​ជើង​ចំ​មុខ អំឡុងពេល​កំពុង​ហ្វឹកហាត់​នោះ​។ ភ្លាមៗ​ក្រោយ​កើតហេតុ ខ្សែការពារ​សញ្ជាតិ​បារាំង វ័យ​៣៦​ឆ្នាំនេះ ក៏ត្រូវ​បាន​កាត​ក្រហម​បណ្តេញចេញ​មុនពេល​ចាប់ផ្តើម​ការប្រកួត​ដែល Marseille ចាញ់​ក្រុម​ម្ចាស់ផ្ទះ Vitoria Guimaraes ១-០ នៃ​វគ្គ​ជម្រុះ​ពូ​ល I ពានរង្វាន់ Europa League​។​

Marseille បាន​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​ថា​៖ «​ក្នុងនាម​ជា​កីឡាករ​អាជីព និង​ពោរពេញ​ទៅដោយ​បទពិសោធន៍ Patrice Evra មិនគួរ​តបត​ដោយ​កាយវិការ​មិន​គប្បី​បែបនេះ​ឡើយ​»៕


Tag:
 បាល់ទាត់​
  Patrice Evra
© រក្សាសិទ្ធិដោយ thmeythmey.com