ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក វុទ្ធី មុនីរ័ត្ន បណ្ឌិតជំនាញធនធានទឹកក្រោមដី ចែករំលែកបទពិសោធន៍សិក្សានៅជប៉ុន
06, Nov 2017 ,
7:59 am
រូបភាព
លោក វុទ្ធី មុនីរ័ត្ន
×
ដោយ:
ថ្មីៗ
លោក វុទ្ធី មុនីរ័ត្ន បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ជំនាញធនធានទឹកក្រោមដី ពីសាកលវិទ្យាល័យឈីបា ប្រទេសជប៉ុន នៅឆ្នាំ២០១០។ បច្ចុប្បន្នលោក ជាប្រធានសមាគមអតីតនិស្សិតមកពីប្រទេសជប៉ុន និងជាអគ្គនាយកក្រុមហ៊ុន ថៃវ៉ា សេយគី(ខេមបូឌា)ខបភើរេសិន ដែលមានរោងចក្រដំឡើងម៉ាស៊ីនកិនស្រូវ ក៏ដូចជាសម្ភារកសិកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ។
ក្រៅពីរៀបរាប់ប្រាប់ពីជំនាញធនធានទឹកក្រោមដីដែលលោកបានសិក្សា លោក វុទ្ធី មុនីរ័ត្ន បានផ្តល់បទពិសោធន៍ថា មុននឹងបន្តការសិក្សា ប្រទេសជប៉ុន ទី១និស្សិតត្រូវរៀនឲ្យបានពិន្ទុខ្ពស់ និងសមត្ថភាពភាសាអង់គ្លេស ឬជប៉ុន ទី២ យើងគួរតែដឹងពីវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណ ទីគួរតែរាប់អានញាតិមិត្តឲ្យបានច្រើន ក៏ដូចជាសិក្សា ពីអត្តចរិតជនជាតិជប៉ុន។
សូមអានបទសម្ភាសរវាង លោក ទីន សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក វុទ្ធី មុនីរ័ត្ន ដូចតទៅ៖
លោក ទីន សុខលីម៖
ហេតុអ្វីបានលោកជ្រើសរើសរៀនជំនាញធនធានទឹកក្រោមដី ខណៈនិស្សិតជាច្រើនមិនសូវចាប់អារម្មណ៍?
លោក វុទ្ធី មុនីរ័ត្ន៖
កាលពីក្មេងនៅមុខផ្ទះរបស់ខ្ញុំមានទន្លេ និងខាងក្រោយមានបឹង។ ខ្ញុំបានចំណាយពេលជាច្រើនដើម្បីរកត្រី រហូតដល់បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំក៏បានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ជំនាញជលផល។ បន្ទាប់មកទៀត ខ្ញុំបានបញ្ចប់ការសិក្សា ជំនាញអក្សសាស្ត្រអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស។ ក្រោយមកទៀតខ្ញុំក៏បាន ជាប់អាហារូបករណ៍ នៅប្រទេសជប៉ុន។ ដោយសារពេលនោះ ខ្ញុំមើលឃើញថាផ្នែកខាងទឹក សំខាន់ណាស់។ ដូច្នេះខ្ញុំចង់រៀន ពីការគ្រប់គ្រង កាកសំណល់ និងសំរាម ដែលធ្វើឲ្យកង្វក់ទឹកនៅតាមបឹង និងទន្លេ។ ក្រោយពីបានសិក្សានៅប្រទេសជប៉ុន ខ្ញុំក៏បានដឹងថាទឹកដែលនៅក្រោមដី ច្រើនលើសលុប ជាងទឹកនៅលើដីទៅទៀត។ នេះជាប្រភពទឹកដែលយើងអាចប្រើប្រាស់ ជានិរន្តន៍បាន។ កន្លែងណា ក៏មានទឹកដែរ និងគ្រាន់តែកន្លែងខ្លះមានច្រើន និងកន្លែងខ្លះមានតិច។ ទឹកទាំងអស់នេះ យើងអាចជីកយកមកប្រើប្រាស់ ដើម្បីឧស្សាហកម្ម និងប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ។
លោក ទីន សុខលីម៖
ទឹកក្រោមដី មានច្រើនជាងទឹកលើគោក តើមកពីអ្វី?
លោក វុទ្ធី មុនីរ័ត្ន៖
យើងអាចប្រៀបធៀបថា ទឹកដែលនៅក្រោមដីនោះ វាប្រៀបដូចជាអេប៉ុងមួយអ៊ីចឹង។ ដីមានភ្លៀងដាក់គ្រប់ពេលវេលា សូម្បីតែទឹកហូនៅតាមទន្លេនោះ ក៏វាហូរជ្រៀបទៅក្នុងដីដែរ។ ទឹកទាំងអស់នេះ បានមកពីភ្លៀង និងទឹកផ្សេងៗ ដែលយើងប្រើប្រាស់ពីលើរាល់ថ្ងៃនេះ។ អ៊ីចឹងនៅគ្រប់ទីកន្លែងទាំងអស់ គឺសុទ្ធតែទឹកនៅក្រោមដីនេះ។ ចំណែកទឹកនៅទន្លេ មានតែនៅទន្លេទេ។
លោក ទីន សុខលីម៖
ត្រឡប់មកជំនាញ ធនធានទឹកក្រោមដី តើលោកបានសិក្សាអី្វខ្លះ?
លោក វុទ្ធី មុនីរ័ត្ន៖
ការសិក្សាជំនាញ ធនធានទឹកក្រោមដីនោះ យើងចង់ដឹងថា តើធនធានទឹកក្រោមដី មានចំនួនប៉ុន្មាននៅកន្លែងនោះ? យើងសិក្សាពីដីនៅកន្លែងនោះទៀត តើដីនោះមានជ្រាបទឹកប៉ុណ្ណា? ជាប្រភេទដីឥដ្ឋ ឬដីល្បាយខ្សាច់? ដើម្បីយើងអាចបូមទឹកនោះ យកមកប្រើប្រាស់បាន។ ពីព្រោះថា ប្រសិនបើជាប្រភេទដីឥដ្ឋ មានជម្រាល វាតូចពេក ដូច្នេះវាបឺតមក មិនចង់ចេញទេ។ និយាយឲ្យស្រួលស្តាប់ទៅ ដើម្បីថែរក្សា ប្រាសាទអង្គវត្ត យើងត្រូវរក្សាលំនឹងទឹកក្រោមដី ឲ្យបានល្អ។ ប្រសិនជាយើងជីក ឲ្យជ្រៅ បូមឲ្យខ្លាំង វាអស់ទឹកនៅខាងក្នុងនោះ វានឹងមានការបាក់ស្រុតដី។ ប្រសិនបើយើងថែទាំវា មិនបានល្អទេ។ ការបាក់ស្រុតដីនេះ វាធ្វើឲ្យផ្អៀងប្រាសាទ វាអាចនឹងបាក់ប្រាសាទអស់ដែរ។ នេះជារឿងមួយ។ មួយទៀត ដើម្បីរក្សាទឹកយើងមានប៉ុន្មាន? យើងត្រូវដឹងថាមានភ្លៀងប៉ុន្មាន?ទឹកនេះចូលទៅក្រោមដីប៉ុន្មាន? យើងត្រូវការវាស់វែង។ ប្រសិនបើភ្លៀងយើងប៉ុណ្ណឹង តំបន់យើងប៉ុណ្ណឹង តើយើងអាចមានធនធានទឹកប៉ុណ្ណា? យើងអាចបូម ក្នុងមួយថ្ងៃប៉ុណ្ណា? យើងត្រូវប្រាស់យ៉ាងម៉េច ដើម្បីកុំឲ្យវាជ្រុល ឬប្រើប្រាស់យ៉ាងម៉េច ដើម្បីកុំឲ្យវាតិចពេក។ ប្រសិនបើទន្លេខាងលើគេទប់ទៅ តើយើងបានទឹកពីណាផឹក? អ៊ីចឹងទឹកនៅក្រោមដីនេះ យើងត្រូវការពារធ្វើយ៉ាងម៉េច? កុំឲ្យវាមានការបំពុលបរិស្ថាន។ ពីព្រោះយើងដឹងហើយថា ប្រសិនបើយើងធ្វើអ្វី នៅខាងលើ ដែលសុទ្ធតែជាតិពុល ជាពិសេសការប្រើប្រាស់ជាតិគីមី នៅតំបន់កសិកម្ម ឬឧស្សាហកម្ម។ ប្រសិនបើជាតិពុលនេះ ជ្រាបចូលទៅក្នុងទឹក។ ទឹកនេះក៏ពុលដែរ។ ដូច្នេះយើងមិនអាចយកកទឹកនេះ មកប្រើប្រាស់កើតទេ។ ដូច្នេះយើងត្រូវរក្សាការពារ ពីព្រោះទឹកនៅក្រោមដីនេះ ក៏វាបានមកពីលើដីដែរ។
លោក ទីន សុខលីម៖
តើយើងត្រូវថែរក្សាទឹក ដើម្បីកុំឲ្យបំពុលបរិស្ថានដោយរបៀបណា?
លោក វុទ្ធី មុនីរ័ត្ន៖
យើងដឹងហើយថា ទឹកនៅក្រោមដី បានមកពីលើដី។ អ៊ីចឹងយើងត្រូវដឹងថាប្រភពទឹកនេះ វាចូលនៅកន្លែងណា? វាចេញនៅកន្លែងណា? វាចូលនោះ ជាទឹកប្រភេទអ្វី? ប្រសិនបើទឹកលូ ចូលទៅ ក៏វាមិនសូវជាស្អាតប៉ុន្មានដែរ។ ទឹកនោះវានឹងជ្រាបចូលទៅក្នុងដី។ វាមិននៅមួយកន្លែងទេ វានឹងជ្រាបបន្តទៅទៀត។ ពីកន្លែងដែលមានសំពាធខ្លាំង ទៅកន្លែងដែលមានសំពាធខ្សោយ។ ដូច្នេះប្រសិនបើយើងជីកអណ្តូង យកទឹកមកប្រើប្រាស់ ទឹកនេះសុទ្ធតែសំរាម។ យើងធ្លាប់ឃើញហើយថា ជួលកាល កើតមកកូនក្បាលពីរ ឬក្បាលបី វាអាចដោយសារ ការប្រើប្រាស់ទឹកនេះ។ ប៉ុន្តែយើងបែជាជឿថានេះ មកពីព្រះ ឬមនុស្សដែលមានបុណ្យបារមីទៅវិញ។
លោក ទីន សុខលីម៖
សម្រាប់និស្សិតដែលរៀនជំនាញនេះ ចប់ទៅអាចធ្វើអ្វីបាន? ចុះទីផ្សារការងារ យ៉ាងណាដែរ?
លោក វុទ្ធី មុនីរ័ត្ន៖
ប្រសិនបើខ្ញុំធ្វើការងារ ជំនាញធនធានទឹកក្រោមដី វាមានច្រើនណាស់ ជាពិសេសប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ពីព្រោះប្រទេសទាំងនេះ ខ្វះខាតទឹក។ ដោយឡែក ប្រទេសយើង មានទឹកច្រើនប៉ុន្តែយើងមិនទាន់គិតគូរទេ។ នៅប្រទេសកម្ពុជា ធនធានទឹកដែលនៅក្រោមដី ជាប្រភពទឹកដ៏សំខាន់ សម្រាប់អ្នកដែលរស់នៅឆ្ងាយពីទន្លេ។ ប្រទេសកម្ពុជាយើង មានរៀងជាបាតខ្ទះ។ អ៊ីចឹងនៅក្នុងកណ្តាលផ្ទៃ ប្រទេសនោះ វាមានពពួកដីល្បាប់ច្រើន ឬល្បាប់ដីឥដ្ឋ។ ល្បាប់ទាំងអស់នេះ វាធ្វើឲ្យជម្រាបទឹក វាតូចមែនទែន ដូច្នេះបានកន្លែងខ្លះ យើងជីកអណ្តូងទៅ វាអត់ចេញទឹក និងកន្លែងខ្លះចេញទឹក។ នេះវាអាស្រ័យលើកន្លែងយើងបើកមុខ ជាប្រភេទដីអ្វី? យើងគួរតែជីកអណ្តូងទូទាំងប្រទេសយើង ឲ្យជ្រៅៗ ហើយយើងធ្វើគំរូសកាត់ទទឹង នៅផែនដីរបស់យើង។ គំរូសកាត់ទទឹងជម្រៅប៉ុណ្ណា ដើម្បីឲ្យយើងដឹងថាខ្សែរទឹកនៅកន្លែងនេះ វាមកពីកន្លែងណា? ដូចទឹកនៅកំពង់ធំ វាមានទឹកហូចេញពីខាងក្រោមដី យើងត្រូវតែសិក្សាថា តើទឹកនេះ វាហូរចេញពីកន្លែងណា? វាប្រាដកជាមានប្រភព។
លោក ទីន សុខលីម៖
និយាយពីការសិក្សារបស់លោកនៅជប៉ុនវិញ តើលោកជួបផលលំបាកអ្វី?
លោក វុទ្ធី មុនីរ័ត្ន៖
ខ្ញុំទៅសិក្សានៅប្រទេសជប៉ុន ដូចជាមិនការលំបាកអ្វីទេ ប៉ុន្តែវាដូចជាសប្បាយទៅវិញ ដោយសារប្រទេសគេ គេយកចិត្តទុកដាក់ធនធានទឹកក្រោមដី។ យើងមានមន្ទីពិសោធន៍ ឧបករណ៍សម្ភារៈគ្រប់គ្រាន់ ការណែនាំពីគ្រូជំនាញ ជួបអ្នកវិទ្យាសាស្ត្រផ្នែកជំនាញ សំខាន់សម្ភារៈនៅក្នុងការសិក្សារ និងការធ្វើការពិសោធន៍នៅយើងមានគ្រប់បែបយ៉ាង។
លោក ទីន សុខលីម៖
ចំពោះនិស្សិត ដែលមានបំណង ចង់ទៅសិក្សាប្រទេសជប៉ុន តើពួកគេ ត្រូវត្រៀមអ្វីខ្លះ?
លោក វុទ្ធី មុនីរ័ត្ន៖
ទី១ ប្រសិនបើគាត់មានលទ្ធភាព ចេញលុយខ្លួនឯង នេះជារឿងមួយងាយណាស់។ ប៉ុន្តែចំពោះនិស្សិត ដែលមិនមានលទ្ធភាពទេ ពួកគេត្រូវខិតខំរៀនសូត្រ ឲ្យបានពិន្ទុល្អ និងត្រូវមានសមត្ថភាព ផ្នែកភាសាអង់គ្លេស ឬភាសាជប៉ុន ដើម្បីប្រឡងអាហារូបករណ៍ ទៅប្រទេសជប៉ុន។ ទី២ មុននឹងចេញដំណើរទៅប្រទេសជប៉ុន យើងគួរតែដឹងពីវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់ខ្លួន។ ទី៣ ក្រោយពីបានទៅសិក្សា យើងគួរតែរាប់អានញាតិមិត្តឲ្យបានច្រើន ក៏ដូចជាសិក្សា ពីអត្តចរិតជនជាតិជប៉ុន។ ប្រទេសជប៉ុនជាប្រទេសអភិវឌ្ឍខ្លាំងណាស់។ យើងជាជនជាតិអាស៊ីដូចគ្នា ហេតុអ្វីក៏យើងមិនទាន់អាចធ្វើបានដូចគេ?
លោក ទីន សុខលីម៖
តើអ្វីជាអនុសាសន៍របស់លោកចុងក្រោយ សម្រាប់និស្សិតដែលមានបំណងចង់ដាក់អាហារូបករណ៍ដូចជាលោក?
លោក វុទ្ធី មុនីរ័ត្ន៖
សម្រាប់និស្សិតដែលមានបំណងចង់ទៅបន្តការសិក្សា នៅក្នុងប្រទេសជប៉ុន គួរតែខិតខំត្រៀមខ្លួនពីឥឡូវនេះទៅឲ្យហើយ ទាំងភាសា ជំនាញដែលគាត់ចង់រៀន និងលក្ខណៈត្រៀមផ្សេងៗទៀត ជាពិសេសសុខភាព។ ប្រសិនជាយើងទៅរៀនហើយ សុខភាពមិនល្អ ក៏វាមិនកើតទេ។ ចំពោះការ រៀនទៀតសោធ គួរតែបែងចែកម៉ោងសិក្សា ម៉ោងកីឡា និងរាប់អានញាតិ និងត្រលប់មកកម្ពុជាវិញកាន់សញ្ញាបត្រ និងសមត្ថភាពមកអភិវឌ្ឍន៍ប្រទេសកម្ពុជា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វុទ្ធី មុនីរ័ត្ន
សាកលវិទ្យាល័យឈីបា
សមាគមអតីតនិស្សិតមកពីប្រទេសជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម