អន្តរជាតិ
ត្រាំ ព្រមាន​មេដឹកនាំ​ផ្ដាច់ការ «​កុំ​មើលស្រាល​អាមេរិក​ឲ្យ​សោះ​»
05, Nov 2017 , 10:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​ព្រមាន​ដោយ​មិន​ចំឈ្មោះ​ទៅកាន់​មេដឹកនាំ​ផ្ដាច់ការ​ទាំងអស់ ហើយ​បាន​ប្រាប់​ពួកគេ​ឲ្យ​ប្រយ័ត្នប្រយែង និង​កុំ​ចង់​សាកល្បង​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ឲ្យ​សោះ​។ ទោះជា​មិន​បញ្ចេញ​ឈ្មោះ​ក្ដី គេ​អាច​យល់បាន​ថា លោក ត្រាំ ចង់​និយាយ​សំដៅ​មេដឹកនាំ​កូរ៉េខាងជើង ដែល​ប្រកាន់​ជំហរ​មានះ ចចេស​ក្បាលរឹង និង​ហ៊ាន​គំរាម​បាញ់​មី​ស៊ី​ល​ដាក់​ទឹកដី​អាមេរិក​ទៅទៀត​នោះ​។​



​ទៅដល់​ទឹកដី​ជប៉ុន​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ប្រធានាធិបតី​អាមេរិក​ក ដូ​ណា​ល់ ត្រាំ បាន​ទៅសួរសុខទុក្ខ​កងទ័ព​អាមេរិក​ដែល​ឈរជើង​នៅ​ទឹកដី​ជប៉ុន​នៅឯ​មូលដ្ឋាន​ទ័ពអាកាស Yokota ភាគ​ខាងលិច​ក្រុង​តូ​ក្យូ​។ ចំពោះមុខ​ទាហាន​ជាច្រើន​ដែល​ឈរ​ទះដៃ​អបអរសាទរ​វត្តមាន​របស់លោក ប្រធានាធិបតី​អាមេរិក​ក៏​បន្ត​ប្រើប្រាស់​សម្ដី​វោហារសាស្ត្រ​ខ្លាំងៗ​ដាក់​បណ្ដា​មេដឹកនាំ​ផ្ដាច់ការ​នៅ​ជុំវិញ​ពិភពលោក ដែល​លោក​អះអាងថា ធ្លាប់​មើលស្រាល​អាមេរិក​។

​ជាមួយនឹង​អាវ​យោធា​អាមេរិក លោក ត្រាំ បាន​និយាយ​គំរាមថា​៖ «​គ្មាន​នរណា គ្មាន​ជន​ផ្ដាច់ការ​ណា និង​គ្មាន​របប​ណាមួយ​អាច​មើលស្រាល​ការតាំង​ចិត្ត​របស់​អាមេរិក្ក​បានឡើយ​»​។ បើតាម​ប្រធានាធិបតី​អាមេរិក​រូបនេះ នាពេល​កន្លងមក មាន​មេដឹកនាំ​ជាច្រើន​មើលងាយ​អាមេរិក​យ៉ាងខ្លាំង ប៉ុន្តែ​លោក​នឹងមិន​បោះបង់​ការការពារ​ប្រជាជន សេរីភាព និង​ទង់ជាតិ​អាមេរិក​ឡើយ​។ នេះ​បើតាម​ការផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ទោះជា​មិន​បញ្ជាក់​ពី​ឈ្មោះ​មេដឹកនាំ​ណា​ក្ដី ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ លោក ត្រាំ ទំនងជា​ចង់​ចង្អុលមុខ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែលជា​សត្រូវ​ស្រួចស្រាល់​របស់​អាមេរិក​។ ទស្សនកិច្ច​រយៈពេល​វែង​របស់លោក​នៅ​តំបន់​អាស៊ី ផ្ដោត​សំខាន់​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែម្ដង ដោយ​លោក​ចង់​ប្រមូល​ការគាំទ្រ​ឲ្យ​បាន​ពី​ប្រទេស​ក្នុង​តំបន់​ដើម្បី​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​។ 

​ជប៉ុន និង​កូរ៉េខាងត្បូង គឺជា​ចំណត​របស់ Air Force One ព្រោះ​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ​រង​ការគំរាមកំហែង​ពី​មី​ស៊ី​ល​កូរ៉េខាងជើង​ខ្លាំងជាងគេ​។ លោក ត្រាំ ចង់​ឲ្យ​ជប៉ុន និង​កូរ៉េខាងត្បូង​ដើរ​តាមផ្លូវ​របស់លោក គឺជា​ការដាក់ទណ្ឌកម្ម​ខ្លាំង​មិន​ធ្លាប់មាន ក៏ដូចជា​ជម្រើស​យោធា​ផង​នោះ​។ ប៉ុន្តែ​ក្រុង​តូ​ក្យូ និង​ក្រុង​សេ​អ៊ូ​ល​ហាក់​រារែក​ពី​ជម្រើស​កងទ័ព​ដើម្បី​បញ្ចប់​បញ្ហា​នុយក្លេអ៊ែរ ដ្បិត​ខ្លួន​ពិតជា​ងាយ​រងគ្រោះ​ខ្លាំងណាស់​។​

​សូមបញ្ជាក់ថា ពេលទៅដល់​ជប៉ុន​ភ្លាមនោះ ប្រធានាធិបតី​អាមេរិក​ក៏បាន​ប្រកាស​ពី​ជម្រើស​ថ្មី​ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ ព្រោះ​វិធីសាស្ត្រ​បច្ចុប្បន្ន​មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ​។ ដូច​ដឹង​ស្រាប់ លោក ត្រាំ មិន​ពេញ​ចិត្តនឹង​ការចរចា​រយៈពេល​រាប់សិប​ឆ្នាំ​ឡើយ ដោយ​លោក​ចាត់ទុក​ជាការ​ខ្ជះខ្ជាយ​ពេលវេលា​ប៉ុណ្ណោះ​។ លោក ត្រាំ នៅតែ​ចិញ្ចឹមចិត្ត​ប្រើ​យោធា​ដោះស្រាយ​បញ្ហា ប៉ុន្តែ​មធ្យោបាយ​នេះ​មិន​ទទួលបាន​ការគាំទ្រ​ឡើយ​៕


Tag:
 អាមេរិក​
  ជប៉ុន​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com