ពីនេះ ពីនោះ
រវាង​ពាក្យ «​បម្រាស​», «​បម្រាស់​», «​បម្រះ​», «​បង្រះ​» មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច​?
06, Nov 2017 , 9:27 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ភាគច្រើន សរសេរ​ពាក្យ «​បម្រាស​», «​បម្រាស់​», «​បម្រះ​», «​បង្រះ​» ទាំងនេះ​ដោយ​មិនដឹងថា​មួយណា​ខុស​ឬ​ត្រូវ​ឡើយ ហើយក៏​មិនដឹងថា​ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​នោះដែរ​។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ «​បម្រាស​» និង «​បម្រាស់​» គឺ​ប្រើ​ក្នុងន័យ​ខុសគ្នា​។ រីឯ​ពាក្យ «​បម្រះ​» និង «​បង្រះ​» គឺ​ប្រើ​ក្នុងន័យ​តែមួយ​។​



ទី​១ ពាក្យ «​បម្រាស​» មានន័យថា ធ្វើ​ឲ្យ​ប្រាស ឲ្យ​ឃ្លាត​ចេញ​។ ឧទាហរណ៍​៖ អ្នក​រឹត​ទឹកដោះគោ ទាក់​កកូន​គោ ចង​បម្រាស​ឲ្យ​ឃ្លាត​ចេញពី​មេ​វា​...​។​

​ទី​២ ពាក្យ «​បម្រាស់​» ជា​ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ បម្រើ ថា «​បម្រើបម្រាស់​» គឺ​មានន័យថា ទទួលភារៈ​តាម​កិច្ច​ដែល​គេ​ប្រើប្រាស់ ឬ​ទទួល​រ៉ាប់រង​កិច្ចការ​ខ្ពស់​ទាប​គ្រប់យ៉ាង​តាម​ពាក្យ​ដែល​គេ​ប្រើ​។ ឧទាហរណ៍​៖ ក្មួយ​ឯង​ជា​អ្នក​ទ័លក្រ​, ឯង​ខំ​បម្រើបម្រាស់​លោក​ទៅ​...​។​

​ទី​៣ ពាក្យ «​បម្រះ​» ឬ «​បង្រះ​» មានន័យថា ប្រះ​ចុះ​ប្រះ​ឡើង​រឿយៗ​, កម្រើក​អវយវៈ​ដោយ​ប្រឹង​ខ្លាំង ដើម្បី​នឹង​ឲ្យ​រួច​ពី​ចំណាប់ ឬ​ពី​ចំណង​។ ឧទាហរណ៍​៖ ដេក​បម្រះ​ខ្លួន​, លលក​បង្រះ​ក្នុង​ទ្រុង ប៉ុន្តែ​បម្រះចេញ​មិន​រួច​៕

© រក្សាសិទ្ធិដោយ thmeythmey.com