អន្តរជាតិ
សន្និសីទ​ប្រែប្រួល​អាកាសធាតុ COP 23 ចាប់ផ្តើម​ថ្ងៃ​ចន្ទ​នេះ​នៅ​អាល្លឺម៉ង់​
06, Nov 2017 , 9:39 pm        
រូបភាព
រូបភាព៖ The News Economy
រូបភាព៖ The News Economy
​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ (COP23) ចាប់ផ្តើម​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ទី ៦ វិច្ឆិកា​នេះ​នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់ ដោយមាន​ប្រទេស​ហ្វី​ជី​ជា​ប្រធាន​។ ប្រតិភូ ២៥០០០​នាក់​តំណាង​រដ្ឋាភិបាល​នៃ​ប្រ​ទេ​ស្ទើរ​ទាំងអស់​លើ​ពិភពលោក​រួមជាមួយ​តំណាង​អង្គការ​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល នឹងមាន​វត្តមាន​ក្នុង​កិច្ចពិភាក្សា​នេះដែរ​។



​ប្រតិភូ​តំណាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ២៥០០០​នាក់​មាន​វត្តមាន​នៅក្នុង​សន្និសីទ​លើក​ទី ២៣ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​ចន្ទ​នេះ​។ កិច្ចចរចា​រយៈពេល​ពី​រ​សប្តាហ៍​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការកំណត់​បទបញ្ញត្តិ​ដែល​ធានា​ការអនុវត្ត​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥​។​

​បន្ទាប់ពី​បង្កើត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​កម្រិត​កំណើន​សីតុណ្ហភាព​មក​ត្រឹម ២ អង្សា​សេ មុន​សម័យ​ឧស្សាហកម្ម បណ្តា​ប្រទេស​ដែល​សមាជិក​នឹងត្រូវ​ស្វែងរក​ការឯកភាព​គ្នា​ក្នុង​ការកំណត់​បញ្ញត្តិ​ណែនាំ​សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​។ វា​នឹង​ជួយ​ធានាបាន​ថា តើ​បណ្តា​ប្រទេស​នីមួយៗ​ត្រូវអនុវត្ត​ផែនការ​សកម្មភាព​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នេះ​របៀប​ម៉េច​នោះ​។

​ក្រៅពីនេះ នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ គេ​នឹង​ផ្តោត​សំខាន់​លើ​តួនាទី​របស់​អាមេរិក​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ​ក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។ វា​បង្កើតជា​ចម្ងល់​មួយ​ចំពោះ​តួនាទី​អាមេរិក​ក្នុង​ការចរចា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​ក្នុង​មូលនិធិ Green Climate Fund ដែរ​។​

 ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​កាលពី​ខែមិថុនា​កន្លងទៅ តាម​ការសន្យា​របស់ខ្លួន​ក្នុងពេល​ឃោសនាបោះឆ្នោត​។ លោក ត្រាំ ម្តង​ជា​ពីរដង​អះអាងថា ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​បោកប្រាស​ប៉ុណ្ណោះ​។​

​ដោយឡែក ចក្រភព​អង់គ្លេស​ដោយ​ចាប់ដៃ​ជាមួយ​កាណាដា​ត្រៀម​បញ្ចេញ​គំនិត​ផ្តួចផ្តើម​ថ្មី សម្ព័ន្ធ​ពិភពលោក​នៅ​កិច្ចប្រជុំ​អាកាសធាតុ​នេះ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​នានា​បន្ត​ប្តេជ្ញាចិត្ត​បញ្ឈប់​ការប្រើប្រាស់​ថាមពល​ធ្យូងថ្ម​។ ប៉ុន្មាន​សប្តាហ៍​មុននេះ ប្រទេស​ប្រទេស​អាល្លឺម៉ង់ អី​តា​លី និង​ហូ​ឡង់ ប្រកាសថា ពួកគេ​នឹង​បញ្ឈប់​ការប្រើប្រាស់​ថាមពល​ធ្យូងថ្ម​៕ 


Tag:
 COP23
  អាមេរិក​
  Bonn
  ហ្វី​ជី​
  ប្រែប្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com