ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជឿ​អត់បើ​ខ្ញុំ​និយាយថា មិន​ញ៉ាំ​អាហារ​ពេលព្រឹក​អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​?
24, Nov 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​សិស្សសាលា​ក្នុងប្រទេស​អង់គ្លេស​បាន​រកឃើញថា អ្នក​ដែល​មិនបាន​ញ៉ាំ​អាហារ​ពេលព្រឹក​ទៀងទាត់ គឺមាន​រោគសញ្ញា​ភ្លាមៗ​នៃលក្ខណៈ​សម្គាល់ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​សេចក្តីរាយការណ៍​ពី Mail Online និយាយថា ការមិន​បាន​ញ៉ាំ​អាហារ​ពេលព្រឹក​ចំពោះ​ក្មេងៗ​អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​បាន​។​



​ការសិក្សា​បាន​រកឃើញថា ក្មេង​ដែល​មិនបាន​ញ៉ាំ​អាហារ​ពេលព្រឹក​ញឹកញាប់​គឺមាន​ការ​រ៉េ​ស៊ី​ស្តង់​នឹង​អាំង​ស៊ុយ​លីន​ខ្ពស់ជាង​ក្មេង​ដែល​តែងតែ​ញ៉ាំ​អាហារ​ពេលព្រឹក​រហូតដល់ ២៦​ភាគរយ​។ កាលណា​មានការ​រ៉េ​ស៊ី​ស្តង់​នឹង​អាំង​ស៊ុយ​លីន​កាន់តែ​ខ្ពស់ កាន់តែ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។​

​អ្នកស្រាវជ្រាវ​បាន​សួរ​សំណួរ​ទៅ​ក្មេង​អាយុ​ចាប់ពី ៩ ទៅ​១០​ឆ្នាំ ចំនួន​ជាង ៤០០០​នាក់ អំពី​ភាព​ញឹកញាប់​ដែល​ពួកគេ​ញ៉ាំ​អាហារ​ពេលព្រឹក និង​ធ្វើតេស្ត​ឈាម ព្រមទាំង​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​ដែរ​។ ជា​លទ្ធផល​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​អាហារ​ពេលព្រឹក​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​រ៉េ​ស៊ី​ស្តង់​អាំង​ស៊ុយ​លីន​ខ្ពស់​បាន ប៉ុន្តែ​វា​នៅតែ​មិនអាច​បញ្ជាក់បាន​ថា​ការ​មិនបាន​ញ៉ាំ​អាហារ​ពេលព្រឹក​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​តែម្តង​ទេ ព្រោះ​វា​មាន​កត្តា​ចូលរួម​ជាច្រើន​ថែមទៀត​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ដែល​សម្បូរ​ជាតិ​សរសៃ​គឺមាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់ ហើយក៏​ត្រូវបាន​គេ​ដឹងថា​ជា​ជម្រើស​ដ៏​ល្អ​មួយ​ដើម្បី​រក្សា​ទម្ងន់​ឲ្យ​នៅ​សុខភាព​ល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com