ជាតិ
រាជរដ្ឋាភិបាល នឹង​ធានា​ប្រតិបត្តិការ​សម្អាត​សំណល់​ជាតិ​ផ្ទុះ បើ​អាមេរិក​ផ្តាច់ជំនួយ​មែន​
07, Nov 2017 , 9:39 pm        
រូបភាព
ដោយ:
​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ធានារ៉ាប់រង​ផ្ដល់ជំនួយ​ជំនួស​អាមេរិក​ក្នុងការ​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​អាមេរិក ប្រសិនបើ​ក្រសួងការបរទេស​អាមេរិក ផ្តាច់ជំនួយ​ក្នុង​ប្រតិបត្តិការ​នេះ​។  លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក ថ្លែង​ដូច្នេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ មុននឹង​បន្ត​ឲ្យ​ដឹងថា ជំនួយ​របស់​អាមេរិក​ផ្តល់​ដល់​ស៊ីម៉ាក​ក្នុង​មួយឆ្នាំៗ មាន​ទឹកប្រាក់​ពី​២​លាន ទៅ​២,១ លាន​ដុល្លារ ។



​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ធានារ៉ាប់រង​ផ្ដល់ជំនួយ​ជំនួស​អាមេរិក​ក្នុងការ​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​អាមេរិក​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា ហៅ​កាត់​ថា​ស៊ីម៉ាក ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ ក្នុង​ក្របខណ្ឌ​ដែល​លោក​បានទទួល​ព័ត៌មាន​ថា​អាមេរិក​ផ្តាច់ជំនួយ​ដល់​ស៊ីម៉ាក​។ លោក ហេង រតនា ថ្លែង​ដូច្នេះ​៖«​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្ដល់ជំនួយ​ជំនួស អាមេរិក​នេះ ក្នុងការ​ធានារ៉ាប់រង​ថវិកា​ទាំងស្រុង​កិច្ចប្រតិបត្តិការ​របស់​ស៊ីម៉ាក់​ឲ្យ​នៅ​ដដែល ដើម្បី​បោសសម្អាត​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​អាមេរិក ចាប់ពី​ឆ្នាំ​២០១៨​តទៅ​»​។ 

​បើតាម​អគ្គនាយក​ស៊ីម៉ាក កន្លងមក​ក្រសួងការបរទេស​អាមេរិក បាន​ឯកភាពគ្នា និង​គាំទ្រ​កម្លាំង​ស៊ីម៉ាក់ ឲ្យ​ជួយ​បោសសម្អាត​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​របស់​អាម​រិ​ក ដែល​បាន​ទម្លាក់​នៅលើ​ទឹកដី​កម្ពុជា​។ ជាមួយនឹង​ថ្លែង​សោកស្ដាយ ចំពោះ​ការបញ្ចប់​ជំនួយ​នេះ  លោក ហេង រតនា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ជំនួយ​របស់​អាមេរិក​ផ្តល់​ដល់​ស៊ីម៉ាក​ក្នុង​មួយឆ្នាំៗ មាន​ទឹកប្រាក់​ពី​២​លាន ទៅ​២,១ លាន​ដុល្លារ  តាមរយៈ​អង្គការ NPA និង NGO goal den best ដែលជា​ក្រុម​មុជទឹក​។​



​គួរ​បញ្ជាក់ថា អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ប្រមាណ ២​លាន ៧​សែន​គ្រាប់ ក្នុងអំឡុង​សង្គ្រាម​នា​ទសវត្សរ៍​១៩៧០ រវាង​កងទ័ព​សាធារណៈរដ្ឋ​កម្ពុជា ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​កងទ័ព​តស៊ូ​រប​ស់​ខ្មែរក្រហម ក្រោយពេល​ពួកគេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០​។​

​ទោះយ៉ាងណា មិនមែន​មានតែ​កម្ពុ​ជាមួយ​នោះទេ  ដែល​នឹងរង​ផលប៉ះពាល់​ចំពោះ​គម្រោង​ផ្តាច់ជំនួយ​អាមេរិក ដែល​ស្នើ​ដោយ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាលពីដើម​ខែមីនា ពិតជា​ត្រូវ​បានអនុម័ត​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ ខាងមុខ​មែន​នោះ ពិភពលោក​ទាំងមូល​នឹង​ប៉ះពាល់​ដែរ​។ លោក ដូ​ណា​ល់ ត្រាំ បានស្នើ​កាត់បន្ថយ​ថវិកា​ជាង ២៨​ភាគរយ​ដែលមាន​ទំហំ​ស្មើនឹង ១១​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ក្រសួងការបរទេស ដែល​ក្នុងនោះ​មាន​ទាំង​ថវិកា​សម្រាប់​ជំនួយ​អភិវឌ្ឍ​ផងដែរ​។  វា​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ «​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​»​របស់​ប្រធានាធិបតី​ផ្ទាល់​៕


Tag:
 ហេង រតនា​
  CMAC
 ​ កម្ពុជា​
 ​ អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com