អន្តរជាតិ
COP23៖​ស៊ី​រី​សម្រេច​ចូលរួម​កិច្ចព្រមព្រៀង​អាកាសធាតុ នៅសល់តែ​អាមេរិក​មួយ​លើ​ពិភពលោក​
08, Nov 2017 , 8:19 pm        
រូបភាព
​ក្នុង​សន្និសីទ​ស្តីពី​អាកាសធាតុ​លើក​ទី ២៣ (The 23rd Conference of the Parties) នៅ​ទីក្រុង Bonn តំណាង​រដ្ឋាភិបាល​ស៊ី​រី​អះអាងថា​ខ្លួន​នឹង​ចុះ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស (Paris Climate Agreement) ឆ្នាំ ២០១៥​។ បើ​ស៊ី​រី​ក្លាយជា​សមាជិក​កិច្ចព្រមព្រៀង​នេះ វា​នៅសល់តែ​អាមេរិក​មួយ​ប៉ុណ្ណោះ​នៅលើ​ពិភពលោក​នេះ ដែល​មិន​ចូលរួម​ជាមួយ​គេ​។​



​សាធារណរដ្ឋ​អារ៉ាប់​ស៊ី​រី បានប្រកាស​ក្នុង​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​រៀបចំឡើង​នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​ថា ខ្លួន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ដែល​កើតឡើង​នៅ​ឆ្នាំ ២០១៥ នោះ​។

​អង្គការ Climate Tracker ដែលជា​អ្នកតាមដាន​កិច្ចចរចា​នៃ​អាកា​ធាតុ​ក្រោម​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC) បានបញ្ជាក់​ក្នុង​បណ្តាញ​សង្គម Twitter របស់ខ្លួន​ដូច្នេះ​៖«​សាធារណរដ្ឋ​អារ៉ាប់​ស៊ី​រី បានប្រកាស​នៅ​ថ្ងៃ ៧ ខែវិច្ឆិកា​ខ្លួន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ដែល​វា​ធ្វើ​ឲ្យ​អាមេរិក​ក្លាយជា​ប្រទេស​តែមួយគត់​ដែល​មិន​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នោះ​»​។​

​តាមពិត ដើមឡើយ វា​មាន​ប្រទេស​ទាំងអស់ ៣ ដែល​មិន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​ក្នុងនោះ​មាន ស៊ី​រី នី​កា​រ៉ា​ហ្កា និង​អាមេរិក​។  នី​កា​រ៉ា​ហ្កា បាន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ឡើងវិញ​កាលពីមុន ដោយ​ប្រកាសថា​ខ្លួន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះដែរ​។​

​ចំណែក ស៊ី​រី កន្លងមក​បាន​ខកខាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​នៅក្នុង​ឆ្នាំ ២០១៥ ដោយសារតែ​សង្គ្រាមស៊ីវិល​បន្ត​ឆាបឆេះ​ចាប់ពី​ឆ្នាំ ២០១១​មក​នោះ​។ ប៉ុន្តែ​ពេលនេះ ស៊ី​រី​បានបង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួម​ជាមួយ​ពិភពលោក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែល​ញាំញី​និង​គំរាមកំហែង​មនុស្សជាតិ​បច្ចុប្បន្ន​។​

​ដូច្នេះហើយ នៅពេល​ស៊ី​រី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ វា​នៅសល់តែ​មហាអំណាច​អាមេរិក​ប៉ុណ្ណោះ​ដែល​នៅឯ​កោ​ម្នាក់ឯង និង​បាន​សម្រេចចិត្ត​ដើរ​ចេញពី​កិច្ចព្រមព្រៀង​។ ដោយសារ​អះអាងថា​ខ្លួន​មិន​ជឿ​លើ​ការប្រែប្រួល​អាកាសធាតុ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បានប្រកាស​ដក​អាមេរិក​ពី​កិច្ចព្រមព្រៀង​នេះ​នៅក្នុង​ខែមិថុនា ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏​ច្រានចោល​គោលនយោបាយ​ដែល​ផ្តោតលើ​ថាមពល​ករ​កើតឡើង​វិញ និង​បញ្ឈប់​ឧស្សាហកម្ម​ធ្យូងថ្ម​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថែម​ទៀតផង​៕

Tag:
 COP23
  Climate Tracker
  ប្រែប្រួល​អាកាសធាតុ​
  អាមេរិក​
  Paris Climate Agreement
© រក្សាសិទ្ធិដោយ thmeythmey.com