ឯករាជ្យ​ជាតិ កើតចេញពី​ការរួម​កម្លាំង​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​!
ជាតិ
ឯករាជ្យ​ជាតិ កើតចេញពី​ការរួម​កម្លាំង​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​!
09, Nov 2018 , 6:29 am        
រូបភាព
រូបសំណាកព្រះករុណាព្រះបរមរតនកោដ្ឋ។ រូបថត AFP
រូបសំណាកព្រះករុណាព្រះបរមរតនកោដ្ឋ។ រូបថត AFP
​ភ្នំពេញ​៖ រយៈពេល​៦៥ឆ្នាំ​ហើយ ដែល​ប្រទេស​កម្ពុជា ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ រួមទាំង​ឥស្សរជន​ខ្មែរ​ដទៃទៀត​។ ហើយ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដូច​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ ត្រឹមតែ​ការចូលរួម​អបអរសាទរ គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ​។ អ្វីដែល​សំខាន់​លើសពីនេះ គឺ​អ្នកនយោបាយ​គ្រប់​គណបក្ស ត្រូវ​បន្ត​រួម​កម្លាំង​គ្នា ដើម្បី​ការពារ​សុខសន្តិភាព អធិបតេយ្យ និង​ឯករាជ្យ​ជាតិ​។



​ការ​រម្លឹក​ទិវា​នៃ​ការទទួលបាន​ឯករាជ្យ​ជាតិ គឺ​បង្ហាញ​ពី​មោទកភាព​យ៉ាង​ក្រៃលែង ដែល​ប្រទេស​កម្ពុជា បាន​រួច​ផុតពី​ការគ្រប់គ្រង​របស់​ប្រទេស​បារាំង តាំងពី​ឆ្នាំ​១៩៥៣ រហូតមកដល់​បច្ចុប្បន្ន​។ ប៉ុន្តែ ដើម្បី​ជៀសផុត​ពី​ប្រទេស​ដទៃ ដែលមាន​បំណង​ចង់​លប​ឈ្លានពាន​ប្រទេស​កម្ពុជា តាម​មធ្យោបាយ​ណាមួយ គឺ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ក្រុម​អ្នកនយោបាយ​គ្រប់​និន្នាការ ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ចម្បង ហើយ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

​ថ្វី​ដ្បិត​កម្ពុជា​ប្រកាន់យក​របប​នយោបាយ​បែប​ប្រជាធិបតេយ្យ ហើយ​អំណាច​និង​វាសនា​ប្រទេសជាតិ ស្ថិត​លើ​ប្រជាពលរដ្ឋ​ក៏ពិតមែន ប៉ុន្តែ​អ្នកនយោបាយ នៅតែ​អាច​ចាត់ទុកថា​ជា​ក្បាលម៉ាស៊ីន ដែល​អាច​កំណត់​ពី​ភាព​សាមគ្គី ឬ​ការបែកបាក់​។ ហេតុដូច្នេះ វា ជា​ចំណុច​សំខាន់បំផុត ដែល​តម្រូវ​ឲ្យ​អ្នកនយោបាយ ត្រូវមាន​ភាពចុះ​សម្រុង​នឹង​គ្នា​ជាមុនសិន ទើប​អា​ចប​ញ្ឆៀ​ស​ប្រជាពលរដ្ឋ កុំ​ឲ្យ​បែងចែក​គ្នា​ជា​ក្រុម ជា​ពួក​។ 

​គេ​អាច​មើលឃើញ​ទិដ្ឋភាព​ប្រទេសជាតិ​មួយ​ទាំងមូល​ថា មាន​សាមគ្គីភាព ឬក៏​បែកបាក់ ដោយ​ការ​សម្លឹង​ទៅលើ​ទំនាក់ទំនង រវាង​អ្នកនយោបាយ និង​អ្នកនយោបាយ​។ ប្រសិនបើ​អ្នកនយោបាយ ធ្វើ​នយោបាយ​ព្រោះតែ​គំនុំគុំកួន ហើយ​ប្រឹង​យកឈ្នះ​ចាញ់​ស្លាប់​រស់​ជាមួយគ្នា​នឹង​គ្នា គេ​ច្បាស់​ជា​អាច​សន្និដ្ឋានបាន​ភ្លាម​ថា ប្រជាពលរដ្ឋ​ក្នុងស្រុក​នោះ ក៏​មិន​ចុះសម្រុង​គ្នា​ដែរ ហើយ​អស្ថិរភាព​នយោបាយ ច្បាស់​ជា​កើតឡើង​ជាមិនខាន​។  វា​ជា​រឿង​ពិបាក ដែល​គេ​ស្រែក​ឲ្យ​ពលរដ្ឋ​សាមគ្គី​គ្នា ខណៈ​អ្នកនយោបាយ កំពុងតែ​បែកបាក់​គ្នា​។​

​ការបែកបាក់​គ្នា រវាង​អ្នកនយោបាយ​និង​អ្នកនយោបាយ គឺជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​និង​ពលរដ្ឋ​បែកបាក់​គ្នា ហើយ​ចុងក្រោយ​វា​នឹង​នាំ​ឲ្យ​ជាតិ​ទាំងមូល​បែកបាក់​ផងដែរ​។ ដោយ​ដើរ​តាម​គន្លង​អ្នកនយោបាយ​រៀងៗ​ខ្លួន ប្រជាពលរដ្ឋ​កម្ពុជា បាន​បែងចែក​ពណ៌​សម្បុរ​នយោបាយ​រវាង​គ្នា​នឹង​គ្នា​។ អ្នកខ្លះ បានចាត់ទុក​ខ្មែរ​គ្នាឯង​ថា​ជា​ក្រុម​ផ្សេង ប្រសិនបើ​ជន​ទាំងឡាយ​នោះ​ប្រឆាំងនឹង​គោលនយោបាយ មនោ​គម​វិទ្យា​នយោបាយ និង​មេដឹកនាំ​នយោបាយ​បក្ស​របស់ខ្លួន​។ ការប្រកាន់​ខ្ជាប់​នូវ​ឥរិយាបថ​ដ៏​ពិបាក​កែប្រែ​បែបនេះ ស្ទើរតែ​ក្លាយជា​វប្បធម៌​នៃ​ការគិត​ក្នុងសង្គម​ខ្មែរ​ទៅហើយ​។

​ពលរដ្ឋ ដែលមាន​ជំនឿ​លើ​បក្ស​នីមួយៗ បាន​ប្រកាន់​យ៉ាង​មាំ​ថា គ្មាន​បក្ស​ណា​ល្អ​ជាង​បក្ស​ខ្លួន​ទេ​។ ពួកគេ​តែង​វាយប្រហារ​គ្នា​ថា បក្ស​ដទៃ គឺជា​បក្ស​បោកប្រាស់ ពុករលួយ បក្សពួកនិយម គិត​ប្រយោជន៍​បុគ្គល ប្រយោជន៍​គ្រួសារ ប្រយោជន៍​បក្ស ជាង​ប្រយោជន៍​ជាតិ​។ បើ​ពលរដ្ឋ​ក្នុង​បក្ស​នីមួយៗ គិត​ដូច្នេះ​រៀងៗ​ខ្លួន ប្រកាន់ខ្ជាប់​យ៉ាងនេះ​ដូចៗ​គ្នា រឿង​អ្វី​ថា ខ្មែរ​មិន​បែកបាក់​គ្នា មិន​បែងចែក​បក្សពួក​គ្នា មិន​ស្អប់​គ្នា​។​

​ទឡ្ហីករណ៍​ទាំងនេះ បាន​បង្ហាញថា ប្រសិនបើ​អ្នកនយោបាយ​ឈ្លោះ​គ្នា​ធ្ងន់ធ្ងរ​យ៉ាងណា ពលរដ្ឋ​ប្រាកដជា​ប្រទូស​ប្រទាំង​ដាក់គ្នា​ធ្ងន់ធ្ងរ​យ៉ាងនោះ​ដែរ​។ ពលរដ្ឋ ប្រេះឆា​នឹង​គ្នា​ខ្លាំង​ប៉ុនណា ជាតិ​នឹង​បែកបាក់​ខ្លាំង​ប៉ុណ្ណោះ​ដែរ​។​

​ល្មម​ហើយ​សម្រាប់​អ្នកនយោបាយ ដែល​គួរតែ​យក​បទពិសោធ​នៃ​វិនាសកម្ម​ពី​ការបែកបាក់​គ្នា​នេះ មក​ធ្វើជា​មេរៀន​ដើម្បី​ប្រែក្លាយ​ជាតិ​ឲ្យ​មាន​សាម​គ្តី​ភាព​។ ហើយ វា​ក៏​លើសពី​ភាព​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ដែរ ដែល​គប្បី​យល់​ឲ្យ​ច្បាស់​ថា ការទទួល​ឥទ្ធិពល និង​ការដើរតាម​វិថី​អ្នកនយោបាយ​ស្លាប់រ​ស់រៀងៗ​ខ្លួន រហូតដល់​ស្អប់ខ្ពើម​ពលរដ្ឋ​ជាតិ​សាសន៍​ខ្លួនឯង​បែបនេះ គឺជា​ដើមចម ដែល​បណ្តាល​ឲ្យ​ជាតិ​ទាំងមូល ទទួល​នូវ​ការបែកបាក់​យ៉ាងធ្ងន់ធ្ងរ​៕


Tag:
 ឯករាជ្យ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 58484 [1] => 9 [2] => ឯករាជ្យ​ជាតិ កើតចេញពី​ការរួម​កម្លាំង​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​! [3] => content [4] => [5] => ឯករាជ្យ​ជាតិ [6] => 50 [7] => 0 [8] => ទស្សនៈ )