អន្តរជាតិ
ជប៉ុន និង​កូរ៉េខាងត្បូង​ឈ្លោះ​គ្នា​ព្រោះ​រឿង​យក​បង្គា​មក​ធ្វើ​ម្ហូប​ឲ្យ​លោក ត្រាំ
09, Nov 2017 , 3:50 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ជួបជាមួយស្រ្តីទាសករផ្លូវភេទដោយការបង្ខំរបស់ទាហានជប៉ុន (រូបភាព៖ The Korea Herald)
ប្រធានាធិបតី ដូណាល់ ត្រាំ ជួបជាមួយស្រ្តីទាសករផ្លូវភេទដោយការបង្ខំរបស់ទាហានជប៉ុន (រូបភាព៖ The Korea Herald)
​អតីត​សត្រូវ​ចាស់ គឺ​កូរ៉េខាងត្បូង និង​ជប៉ុន បាន​ផ្លោង​សម្ដី​ដាក់គ្នា​ទៅវិញទៅមក​ជុំវិញ​វត្តមាន​អតីត​ទាសករ​ផ្លូវភេទ​កូរ៉េខាងត្បូង និង​ការយក​បង្គា​ពី​កោះមាន​ជម្លោះ​ធ្វើជា​អាហារ​ក្នុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ជប៉ុន​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​សកម្មភាព​ទាំងពីរ​នេះ និង​ចោទ​កូរ៉េខាងត្បូង​ថា មិន​គោរព​កិច្ចព្រមព្រៀង​នាពេល​កន្លងមក​។ កូរ៉េខាងត្បូង​ក៏​ឆ្លើយ​វិញ​ថា ការតវ៉ា​របស់​ជប៉ុន ជាការ​ជ្រៀតជ្រែក​ហួសហេតុ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។​



​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​។ ទស្សនកិច្ច​នេះ​ធ្វើ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក និង​កូរ៉េខាងត្បូង​កាន់តែ​ប្រសើរឡើង ប៉ុន្តែ​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន រង្គោះរង្គើ​ទៅវិញ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានរៀបចំ​ពិធី​លាង​សាយភោជន៍​ផ្លូវ​ការជូន​លោក ត្រាំ ដោយបាន​អញ្ជើញ​អតីត​ទាសករ​ផ្លូវភេទ​ម្នាក់​ឲ្យ​ចូលរួម​កម្មវិធី​នេះ ហើយ​បាន​យក​បង្គា​ពី​កោះ Dokdo ធ្វើជា​ម្ហូប​ទៅទៀត​។​

​មន្ត្រី​ជប៉ុន​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​នឹង​សកម្មភាព​របស់​ក្រុង​សេ​អ៊ូ​ល និង​ចាត់ទុក​អញ្ជើញ​អតីត​ស្ត្រី​បម្រើ​ផ្លូវភេទ​សម័យ​សង្គ្រាម​នេះ គឺជា​ការបំពាន​ស្មារតី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែល​ក្រុង​តូ​ក្យូ និង​ក្រុង​សេ​អ៊ូ​ល​យល់ព្រម​បញ្ចប់​បញ្ហា​រ៉ាំរ៉ៃ​មួយ​នេះ​។ ជប៉ុន​រឹតតែ​មិន​សប្បាយចិត្ត ពេល​កូរ៉េខាងត្បូង​យក​បង្គា​ពី​កោះ Dokdo ទទួល​លោក ត្រាំ ព្រោះ​កោះ​នេះ​ស្ថិតក្នុង​ភាពមិន​ដាច់ស្រេច​នៅឡើយ ដោយ​ជប៉ុន​ក៏​ទាមទារ​សិទ្ធិ​គ្រប់គ្រង​ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ជប៉ុន​បាន​តវ៉ា​វត្តមាន​ស្ដ្រី​ទាសករ​ផ្លូវភេទ​នេះ​តាមផ្លូវ​ការទូត​រួចហើយ និង​បាន​រំឭក​កូរ៉េខាងត្បូង​ឲ្យ​គោរព​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែល​បញ្ចប់​បញ្ហា​នេះ និង​មិនអាច​សើរើ​បានឡើយ​។ ក្រោម​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​សម័យ​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ជប៉ុន​បាន​ប្រាក់​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ទាំងអស់​ចំនួន​ជិត​៩​លាន​ដុល្លារ​ដើម្បី​បិទ​សំណុំរឿង ប៉ុន្តែ​រដ្ឋបាល​លោក មូ​ន ប្រកាស​សើរើ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​។​

​ទាក់ទង​ការតវ៉ា​របស់​ជប៉ុន ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​ឆ្លើយ​បកស្រាយ​តាមផ្លូវ​ការទូត​រួចហើយ​ដែរ និង​ចាត់ទុក​សកម្មភាព​រប​ស់ជ​ប៉ុន​ជា​រឿង​មិន​សមរម្យ ដ្បិត​ជប៉ុន​ចូល​លូកលាន់​ការរៀបចំ​បដិសណ្ឋារកិច្ច​ចំពោះ​លោក ត្រាំ ។ អ្នកនាំពាក្យ​លោក Noh Kyu-duk បាន​និយាយ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ថា អាហារ​សម្រាប់​ទទួល​លោក ត្រាំ និង​ភ្ញៀវ​ត្រូវ​អញ្ជើញ​នោះ គឺ​ត្រូវបាន​កំណត់ដោយ​ពិនិត្យ​លើ​កត្តាចាំបាច់​ទាំងអស់​។​

​សំណុំរឿង​ទាសករ​ផ្លូវភេទ និង​រឿង​ដែន​កោះ Dokdo គឺជា​របួស​ចាស់​ដែល​មិនអាច​ព្យាបាល​បាន និង​ក្លាយជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការកសាង​ទំនាក់ទំនង​ដោយ​ការជឿទុកចិត្ត​រវាង​ប្រទេសជិតខាង​ទាំងពីរ​នេះ​។ ប្រជាជន​កូរ៉េខាងត្បូង​នៅតែ​ចងចាំ​សកម្មភាព​ឃោរឃៅ​របស់​ទាហាន​ជប៉ុន​កាលពី​សម័យ​សង្គ្រាម និង​បានទាមទារ​ឲ្យ​ជប៉ុន​សុំទោស​ជនរងគ្រោះ​ឲ្យ​បាន​សមរម្យ​ទៀតផង​។ ឯ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​វិញ ក៏​ទំនងជា​មិនអាច​ផ្សះផ្សា​ភាព​សង្ស័យ​បានដែរ​៕ 


Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com