អន្តរជាតិ
ស៊ី ទៅកាន់ ត្រាំ​៖ បញ្ហា​តៃវ៉ាន់ ជា​ចំណុច ថ្នាំងថ្នាក់​រវាង​ចិន​និង​អាមេរិក​
10, Nov 2017 , 2:21 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​ចិន ដែល​បញ្ចប់​ជាមួយនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រាប់លាន​ដុល្លារ បាន​បង្កើតជា​ព្រឹត្តិការណ៍​ប្រ​វិត្ត​សាស្ត្រ​មួយ​នៃ​ទំនាក់ទំនង​ភាគី​ទាំងពីរ ។ ពីក្រោយ​នៃ​លទ្ធផល​ផ្លែផ្កា​នេះ ភាគ​ទាំងពីរ ក៏បាន​មានរឿង​រ៉ាវ ដែល​តែងតែ​បង្កើតជា​រឿង​ថ្នាំងថ្នាក់​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ ។​



​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នៅ​ថ្ងៃ​៩ វិច្ឆិកា បាន​ថ្លែង​ត្រង់ៗ​ទៅកាន់​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថា កិច្ចការ​ការទូត និង​សន្តិសុខ ជា​បញ្ហា​រួម ដែល​អាចធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ការអភិវឌ្ឍ​នៃ​ចំណង​ទ្វេភាគី និង​ទំនុកចិត្ត​រួម​របស់​ចិន និង​អាមេរិក ។

​ជាក់ស្តែង​នោះ ប្រមុខ​កំពូល​ចិន បាន​សង្កត់ធ្ងន់ថា បញ្ហា​កោះ​តៃវ៉ាន់ គឺជា​បញ្ហាសំខាន់ និង​រសើប​បំផុត​នៃ​ចំណង ចិន​-​អាមេរិក ដែល​អាច​ប៉ះពាល់​ដល់​មូលដ្ឋាន​នៃ​ទំនាក់ទំនង​ទ្វេភាគី ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​បាន​ដកស្រង់​សម្តី​របស់លោក ស៊ី ជិន​ពីង ដែល​បាន​ទទូច​ផងដែរ​ឲ្យ​អាមេរិក បន្ត​គោរព​គោ​លន​យោ​យ​បាយ​ចិន​តែមួយ​ដើម្បី​ការពារ​ភាព​រាំងស្ទះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ទាំងមូល ។

​តប​នឹង​ការលើកឡើង​របស់​ប្រមុខ​កំពូល​ចិន លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អះអាងថា រដ្ឋាភិបាល​អាមេរិក នឹង​ប្រកាន់ខ្ជាប់​ជានិច្ច​ចំពោះ​គោលនយោបាយ​ចិន​តែមួយ ។

​យ៉ាងណាក៏ដោយ បន្ទាប់ពី​បញ្ជាក់​ជំហរ​ដែលជា​ចំណុច​ចម្រូងចម្រាស​រួចហើយនោះ មេដឹកនាំ​ទាំងពីរ បានធ្វើ​សាក្សី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ដូចជា ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing, ក្រុមហ៊ុន​រថយន្ត General Electric Co និង​ក្រុមហ៊ុន​ផលិត​ឈី​ប Qualcomm Inc ជាមួយនិង​ក្រុមហ៊ុន​ចិន ដែល​តម្លៃ​ច្រើនជាង​២៥០​ពាន់​លាន​ដុល្លារ និង​ថែមទាំង​បាន​ព្រម​ចាប់ដៃគ្នា​ដើម្បី​បង្ហាញ​ពី​គំរូ​សម្រាប់​ការដឹកនាំ​ទៅកាន់​ពិភពលោក​ផងដែរ ៕


Tag:
 អាមេរិក​
  ចិន​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com