កីឡាជាតិ
ជាតិ
វីរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសពិភពលោកមួយទៀតហើយ!
× កីឡាការិនី កែ ឡេង ទទួលបានមេដាយមាសពិភពលោកមួយទៀត ពីព្រឹត្តិការណ៍ 16th Women Petanque World Championship ដែលរៀបចំនៅក្រុង Kaihua ខេត្ត Zhejiang ប្រទេសចិន ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា។ នេះជាមេដាយមាសពិភពលោក៣លើកជាប់គ្នារបស់វីរកីឡាការិនីកម្ពុជា កែ ឡេង បន្ទាប់រកបានលើកដំបូងនៅឆ្នាំ២០១៣ក្នុងប្រទេសបារាំង និងលើកទីពីរនៅឆ្នាំ២០១៥នៅប្រទេសថៃ។
សម្រាប់ការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ (Shooting) នៅវគ្គជម្រុះដែលមានកីឡាការិនីចូលរួម៤៣នាក់ កីឡាការិនីកែ ឡេង រកបានពិន្ទុខ្ពស់ជាងគេរហូតដល់ទៅ៤៦ពិន្ទុ ។ កែ ឡេង ឡើងទៅកាន់វគ្គបន្តដោយស្វ័យប្រវត្តិជាមួយកីឡាការិនីអាល់ហ្សេរី Djabri Nadia (៣៥ពិន្ទុ) កីឡាការិនីអ៊ីតាលី Romeo Vanessa (៣៥ពិន្ទុ) និងកីឡាការិនីឥណ្ឌូណេស៊ី Anissa Alfath (៣៤ពិន្ទុ) ។
ជាមួយគ្នានេះ កីឡាការិនីអាល្លឺម៉ង់ Beil Luzia កីឡាការិនីថៃ Wongchuvej Phantipha កីឡាការិនីតួកគី Caputlu Hulal និងកីឡាការិនីម៉ាដាហ្គាស្កា Randriamabahiny Cicine បានឱកាសទៅវគ្គបន្ត ក្រោយរកបានពិន្ទុមានប្រៀបលើក្រុមចំនួន១២ផ្សេងទៀតនៅវគ្គ Repechage។
ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ កីឡាការិនី កែ ឡេង បានយកឈ្នះកីឡាការិនីម៉ាដាហ្គាស្កា Randriamabahiny Cicine ៤៧-២៦ ហើយបន្តទម្លាក់កីឡាការិនីអាល្លឺម៉ង់ Beil Luzia ៣២-២១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននឹងទទួលជោគជ័យយ៉ាងធំធេងជូនជាតិបន្ថែមទៀតនៅវគ្គផ្តាច់ព្រ័ត្រ តាមរយៈការបំបាក់កីឡាការិនីថៃ Wongchuvej Phantipha ៤៣-៣៨ ៕
© រក្សាសិទ្ធិដោយ thmeythmey.com