កីឡាអន្តរជាតិ
អន្តរជាតិ
Evra ដើរ​ចេញពី Marseille ក្រោយ UEFA ដាក់ពិន័យ​៧​ខែ​
11, Nov 2017 , 3:13 pm        
រូបភាព
 
​ដោយសារ​ហក់​ទាត់​អ្នកគាំទ្រ Patrice Evra ត្រូវ​សម្រេច​ចាក​ចេញពី Marseille ក្រោយ​អង្គភាព​វិន័យ​របស់ UEFA ក៏​ហាម​រូបគេ​ចូលរួម​ប្រកួត​ចំនួន​៧​ខែ ពោលគឺ​ការប្រកួត​ដែល​នៅ​សេសសល់​សម្រាប់​រដូវ​កាល​នេះ​។​


​ខ្សែការពារ​សញ្ជាតិ​បារាំង វ័យ​៣៦​ឆ្នាំ ត្រូវបាន UEFA ដាក់ពិន័យ​មិន​ឲ្យ​ចូលរួម​ការប្រកួត​រហូត​ដល់​ខែមិថុនា​ឆ្នាំ ២០១៨ និង​ជា​ពេលដែល​កិច្ចសន្យា​របស់គេ​នៅ Marseille ត្រូវបាន​បញ្ចប់​ដែរ​។​
​បន្ថែម​ពីលើ​នេះ អតីត​សមាជិក​ក្រុម Monaco, Manchester United និង Juventus ក៏ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់​ជិត​៩​ពាន់​ផោន ប្រហែល​ជិត​១២០០០​ដុល្លារ​អាមេរិក​។​
​ការដាក់ពិន័យ​ខាងលើនេះ បានធ្វើ​ឲ្យ Evra សម្រេច​ផ្តាច់​កិច្ចសន្យា ហើយ​ដើរ​ចេញពី Marseille តែម្តង​។​
 
មូលហេតុ​ដែល​នាំ​ឲ្យ​មានរឿង​រ៉ាវ​ដល់​ដំណាក់កាល​នេះ ក៏​ព្រោះតែ​អ្នកគាំទ្រ​ដែល​រងគ្រោះ​នោះ ស្រែក​ដៀមដាម​ដាក់ Evra ទើប​ធ្វើ​ឲ្យ​រូបគេ​ទ្រាំ​មិនបាន​ក៏​លោត​ធាក់​មួយ​ជើង​ចំ​មុខ អំឡុងពេល​កំពុង​ហ្វឹកហាត់ មុនពេល​ចាប់ផ្តើម​ការប្រកួត​ដែល Marseille ចាញ់​ក្រុម​ម្ចាស់ផ្ទះ Vitoria Guimaraes ១-០ នៃ​វគ្គ​ជម្រុះ​ពូ​ល I ពានរង្វាន់ Europa League។
 
​សូមបញ្ជាក់ថា Evra បាន​ចូលរួម​ជាមួយ Marseille កាលពី​ខែមករា ឆ្នាំ​២០១៧ បន្ទាប់ពី​ស្នាក់នៅ​ជាមួយ Juventus រយៈពេល​៣​រដូវ​កាល ក្រោយ​ចាក​ចេញពី​ទឹកដី Old Trafford ឆ្នាំ​២០១៤៕

Tag:
 បាល់ទាត់​
  Patrice Evra
© រក្សាសិទ្ធិដោយ thmeythmey.com