អន្តរជាតិ
ត្រាំ​ទៅកាន់​វៀតណាម​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​៖ សូម​ប្រាប់​ខ្ញុំ បើ​មាន​អ្វីដែល​ខ្ញុំ​អាចជួយ​បាន​!
13, Nov 2017 , 9:19 pm        
រូបភាព
លោក ដូណាល់ ត្រាំ នាអំឡុងសន្និសីទសារព័ត៌មាននៅវៀតណាម កាលពី​ថ្ងៃទី១១ ខែ​វិច្ឆិកា។ រូបថត AFP
លោក ដូណាល់ ត្រាំ នាអំឡុងសន្និសីទសារព័ត៌មាននៅវៀតណាម កាលពី​ថ្ងៃទី១១ ខែ​វិច្ឆិកា។ រូបថត AFP
ដោយ:
​ក្នុង​វត្តមាន​លើកដំបូង​ទៅកាន់​វៀតណាម​ដើ​ម្ប​ចូលរួម​កិច្ចប្រជុំ APEC ក៏ដូចជា​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​នោះ​ផង ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ មិន​ទុក​ឲ្យ​វៀតណាម​ឯកា​ក្នុង​ការរក​វិធី​ដើម្បី​តទល់​ជាមួយនឹង​ចិន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ ។ លោក​ប្រធានាធិបតី បានបញ្ជាក់​បន្ថែម​លើ​ការអះអាង​លើ​ជំហរ​ចាស់ និង​ថែមទាំង​ប្រាប់​ពី​ការត្រៀមខ្លួន​ជួយ​វៀតណាម​ដើម្បី​ដោះស្រាយ​បញ្ហា​ផងដែរ ។



«​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង , យើង កំពុងតែ​តាមដាន​វា​ទាំងអស់គ្នា ។ ប្រសិនបើ​ខ្ញុំ​អាចជួយ​ធ្វើ​សន្ធានកម្ម ឬ​ម​ជ្ឈ​ត្ត​កម្មបាន សូម​ប្រាប់​ខ្ញុំ​ផង​។ ខ្ញុំ ដឹង យើង បាន​មាន​វិវាទ​ជាមួយនឹង​ចិន យូរហើយ​ដែរ ។ ... ខ្ញុំ គឺជា​អ្នកសម្របសម្រួល និង​ជាម​ជ្ឈ​ត្ត​ករ​ពូកែ​មួយរូប ។​... ដូច្នេះ​ប្រសិនបើ ខ្ញុំ អាចជួយ​អ្វី​បាន​នោះ ប្រាប់​មក​ខ្ញុំ​មក ។​» នេះ​គឺជា​ការ​ថ្លែង​ចំណាប់អារម្មណ៍​របស់​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​១២ មុនពេល​លោក​ចូលជួប​ពិភាក្សា​ទ្វេភាគី​ជាមួយនឹង​ប្រធានាធិបតី​វៀតណាម ។​

​សូម​ជម្រាប​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​មួយ ដែល​បានអូសបន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​រួម​ច្រើន​ឆ្នាំ​មកហើយ ។ ជម្លោះ​នេះ មាន​រដ្ឋ​ពាក់ព័ន្ធ​ដោយផ្ទាល់​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន ។

​បើទោះបីជា​អាមេរិក មិន​ស្ថិតនៅក្នុង​ភាគី​ពាក់ព័ន្ធ​ក៏ដោយ អាមេរិក បាន​ចូលរួម​យ៉ាង​សកម្មភាព​ក្នុង​ជម្លោះ​នេះ ជាពិសេស​នៅពេលដែល លោក​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា កាន់អំណាច ។ ក្នុង​រដ្ឋបាល​ចាស់​នោះ អាមេរិក បាន​មាន​កិច្ច​សហ​ប្រតិការ​ជិតស្និទ្ធ​ជាមួយនឹង​រដ្ឋ​អាស៊ាន​ដើម្បី​តទល់​ជាមួយនឹង​ចិន ។ អាមេរិក ថែមទាំង​បាន​បញ្ជូន​ទាំង​នាវា​ល្បាត និង​យន្តហោះ​ចម្បាំង​មក​ក្បែរ​តំបន់ មាន​វិវាទ​ទៀតផង ។

​គួរកត់សម្គាល់​នោះ បន្ថែម​ពី​ការលើកឡើង​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ​ខាងលើ អាមេរិក និង​វៀតណាម ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ក្រោយ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​ផងដែរ ។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏​ស្ថិតនៅ​ក្នុងចំណោម​បញ្ហា ដែល​បាន​បញ្ញា​ត្តិ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ផងដែរ ។​

​យោងតាម​សេចក្តីថ្លែងការណ៍ ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី​ការិយាល័យ​ព័ត៌មាន​របស់​សេត​វិមាន​នោះ មេដឹកនាំ​ទាំងពីរ បាន​ឲ្យ​តម្លៃ​លើ​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ការធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សេរី ការគោរព​សេរីភាព​នៃ​ការហោះហើរ និង​ធ្វើ​នាវាចរណ៍ និង​ការប្រើប្រាស់​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ច្បាប់​ផ្សេងៗ ។

​បន្ថែម​ពីនេះ ភាគី​ទាំងពីរ ក៏បាន​អះអាង​ជាថ្មី​ពី​គាំទ្រ​លើ​គោលជំហរ​ពីមុន ដែល​ធ្វើឡើង​រវាង​អតីត​រដ្ឋបាល​អាមេរិក និង​វៀតណាម​ផង ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង ការទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី , អនុវត្ត​សេចក្តីថ្លែងការណ៍​ក្រម​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​(DOC), ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​បាន​លឿន ហើយ​ភាគី​ពាក់ព័ន្ធ​ជម្លោះ គួរ​ទាមទារ​ដែន​អធិបតេយ្យ​ដោយយោង​តាម UNCLOS ផងដែរ ៕


Tag:
 ​សមុទ្រ​ចិន​ខាងត្បូង​
  អាមេរិក​
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com