ពីនេះ ពីនោះ
រវាង «ប្រដិត» , «ប្រតិដ្ឋ» និង «ប្រឌិត» តើមួយណាត្រឹមត្រូវ?
× ពាក្យ «ប្រដិត», «ប្រតិដ្ឋ» និង «ប្រឌិត» ទាំង៣នេះ នៅក្នុងភាសាខ្មែរមានការបញ្ចេញសំឡេងដូចគ្នា ប៉ុន្តែ ការសរសេរខុសគ្នា។ សាធារណជនមួយចំនួនមិនទាន់ចែកឲ្យដាច់រវាងពាក្យទាំងនោះឡើយ។ រវាងពាក្យ «ប្រដិត» , «ប្រតិដ្ឋ» និង «ប្រឌិត» ដោយយោងតាមវេចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវមានតែពីរប៉ុណ្ណោះ។
ពាក្យទី១ «ប្រដិត» ប្រើជាកិរិយាស័ព្ទមានន័យថា ការប្រកិត ដិតតាមជិតជាប់គ្នាមិនដាច់។ ឧទាហរណ៍៖ អ្នកប្រដិតតាមក្រោយខ្ញុំ។ ប្រើជានាមស័ព្ទ ជាឈ្មោះរោគម្យ៉ាង ដែលធ្វើឲ្យលាមក កកើតជាដុំតូចៗរឹងៗ ដែលបណ្តាលមកពីអង្គុយច្រើនម៉ោង ដូចជា កើតប្រដិត។
ពាក្យទី២ «ប្រតិដ្ឋ» ជាពាក្យដែលត្រឹមត្រូវតាមភាសាសំស្ក្រឹត និងបាលីលាយគ្នា មានន័យថា ការបង្កើតថ្មី ដែលគេប្រព្រឹត្តឲ្យមានឡើង។ ឧទាហរណ៍៖ ពេលគេនិយាយអីមួយ កុំអាលឆាប់ជឿពេក ព្រោះរឿងខ្លះជារឿងប្រតិដ្ឋ។
ចំណែកឯពាក្យ «ប្រឌិត» ពុំត្រឹមត្រូវឡើយ។ គួរបែរមកសរសេរ«ប្រតិដ្ឋ» វិញទើបត្រឹមត្រូវតាមភាសា សំស្ក្រឹត និងបាលីដែលមាននៅក្នុងវេចនានុក្រមខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com