អន្តរជាតិ
ចិន-អាស៊ាន ព្រមព្រៀងគ្នាចាប់ផ្តើមចរចាធ្វើ«ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»
× រដ្ឋាភិបាលក្រុងប៉េកាំង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានសម្រេចព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមនីតិវិធីក្នុងការធ្វើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (CoC) ដើម្បីបង្កើតឲ្យមានលិខិតូបករណ៍រួមគ្នាគ្រប់គ្រងសកម្មភាពនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់ជម្លោះរវាងរដ្ឋអាស៊ាន និងចិននោះ ។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន Harry Roque បានអះអាងថា ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ាន-ចិន មេដឹកនាំអាស៊ាន និងចិន នៅថ្ងៃ១៣ វិច្ឆិកា បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមការចរចាដើម្បីធ្វើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន ABS-CBN ។
តាមប្រភពព័ត៌មានដដែលនោះ អ្នកនាំពាក្យហ្វីលីពីន ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានរូបនោះ បានសង្កត់ធ្ងន់ថា៖«លទ្ធផលផ្លែផ្កាមួយនៃកិច្ចប្រជុំ គឺជាការចាប់ផ្តើមចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដែលមានប្រសិទ្ធភាព និងប្រាកដប្រជាមួយ»។
សូមជម្រាបផងដែរថា សមុទ្រចិនខាងត្បូង គឺជាដែនសមុទ្រដ៏មានសក្តានុពលផ្នែកធនធានធម្មជាតិមួយ ដែលកំពុងតែធ្វើឲ្យរដ្ឋពាក់ព័ន្ធអាស៊ាន និងចិន មានរឿងប្រទាំងប្រទើសគ្នាដោយសារតែការទាមទារដែនអធិបតេយ្យត្រួតស៊ីគ្នា ។ ជម្លោះ ដែលអូសបន្លាយជាច្រើនទសវត្សរ៍មកនេះ កន្លងមក មានរដ្ឋសមាជិកអាស៊ានខ្លះទាមទារឲ្យដោះស្រាយរួម ខណៈចិន ជំទាស់ដាច់ខាតថា ត្រូវដោះស្រាយដោយទ្វេភាគី ។
ជុំវិញនៃការព្រមព្រៀងគ្នាដើម្បីធ្វើក្រមប្រតិបត្តិនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានមើលឃើញថា វាជាសញ្ញាណវិជ្ជមានមួយ ។ យោងតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទសចិនចុះថ្ងៃ១៣ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី លី ឃឺឈាំង ដែលជាតំណាងចិនក្នុងកិច្ចប្រជុំនោះ បានបង្ហាញពីជំហរចិនយ៉ាងដូច្នេះថា៖«ក្តីសង្ឃឹមធំបំផុតរបស់ចិននោះគឺ សន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង»។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ចិន ក៏សង្ឃឹមដែរថា ការចរចាលើក្រមប្រតិបត្តិនឹងជួយជំរុញឲ្យភាគីពាក់ព័ន្ធមានទំនុកចិត្ត និងការយោគយល់គ្នារួម ហើយចិន នឹងព្យាយាមសម្រេចឲ្យបានឯកច្ឆន្ទភាពលើបញ្ហានេះ ។ តែយ៉ាងណាក៏ដោយ លោក មិនអាចបញ្ជាក់ពីពេលកំណត់ ដែលការចរចាអាចត្រូវបានបញ្ចប់ដោយជោគជ័យនៅពេលណាឡើយ ៕
Tag:
ចិន
អាស៊ាន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com