អន្តរជាតិ
នយោបាយអន្តរជាតិ
COP23៖ អាមេរិកមិនបោះបង់កិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុប៉ារីសឡើយ លោក Paul Bodnar អតីតអ្នកចរចារឿងប្រែប្រួលអាកាសធាតុក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា
× (Bonn)៖ ទោះជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុក្រុងប៉ារីស (Paris Agreement) បណ្តាទីក្រុង និងរដ្ឋជាច្រើនជាពិសេសកាលីហ្វ័រនីញ៉ាមិនបានបោះបង់ការប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុឡើយ។ អតីតអ្នកចរចារឿងអាកាសធាតុក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ក៏បានបញ្ជាក់ផងដែរថា អាមេរិក មិនបោះបង់ទំនួលខុសត្រូវក្នុងការជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុឡើយ។
អាមេរិកនៅតែបញ្ជូនប្រតិភូរបស់ខ្លួនមកចូលរួមចរចាក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ (COP23) ខណៈដែលបណ្តាមេដឹកនាំអាមេរិកតំណាងរដ្ឋ ទីក្រុង និងក្រុមហ៊ុនអាមេរិកបង្កើតយុទ្ធនាការមួយមានឈ្មោះថា America’s Pledge ដើម្បីប្រាប់ពិភពលោកថា អាមេរិកមិនបែរខ្នងចំពោះការប្រែប្រួលអាកាសធាតុឡើយ ទោះរដ្ឋបាល ដូណាល់ ត្រាំ សម្រេចដកចេញកាលពីខែមិថុនាកន្លងទៅក៏ដោយ។
អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា Jerry Brown និងបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកទីក្រុង និងការប្រែប្រួលអាកាសធាតុ បានប្រកាសពីគម្រោង America’s Pledge នៅក្នុងសន្នីសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់។
ពាក់ព័ន្ធបញ្ហានេះ អតីតអ្នកចរចាពីបញ្ហាប្រែប្រួលអាកាសធាតុនៃរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា លោក Paul Bodnar បានថ្លែងដូច្នេះ៖ «ខ្ញុំបានធ្វើការងារជាមួយតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Michael Bloomberg និង អភិបាលរដ្ឋកាលីហ្វ័រនីញ៉ាJerry Brown និងបណ្តាមេដឹកនាំផ្សេងទៀត ដើម្បីបង្ហាញទៅពិភពលោកថា អាមេរិកនៅតែប្តេជ្ញាចិត្តចូលរួមជាមួយពិភពលោកក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស»។
អ្នកការទូតរូបនេះបន្តបានបន្តថា បណ្តាទីក្រុង និងរដ្ឋរួមទាំងក្រុមហ៊ុនធំៗដែលបន្តប្តេជ្ញាចិត្តគាំទ្រកិច្ចព្រមព្រៀងប្រែប្រូលអាកាសធាតុនោះនឹងបន្តប្រឹងប្រែងបន្តកាត់បន្ថយឧស្ម័នកាបូនិចទៅកាន់បរិយាកាសដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
«តាមពិតទៅ បណ្តារដ្ឋ និងទីក្រុងដែលបានប្រកាសគាំទ្រកិច្ចព្រមព្រៀងអាកាសធាតុនេះ មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្រិតទំហំនៃការបញ្ចេញថាមពលឧស្ម័នកាបូនិចទៅកាន់បរិយាកាស។ ដូច្នេះសាររបស់ខ្ញុំគឺ យើងនៅទីនេះ។ យើងនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស»។ នេះជាសម្តីរបស់លោក Paul Bodnar ឆ្លើយក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថ្មីៗពាក់ព័ន្ធការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ ។
លោក Bodnar បានបន្តថា វាជាពេលដែលត្រូវបញ្ចប់នយោបាយការទូតអាកាសធាតុ ដែលគ្រប់គ្នាផ្តោតតែលើការចរចាឥតឈប់ពីបញ្ហាប្រឈម។ វាជាពេលដែលគ្រប់គ្នាត្រូវចាប់ផ្តើមចាប់ដៃគ្នាដើម្បីដោះស្រាយបញ្ហប្រែប្រួលអាកាសធាតុសកលនេះ៕
Tag:
COP23
ប្រែប្រួលអាកាសធាតុ
ដូណាល់ ត្រាំ
Paul Bodnar
© រក្សាសិទ្ធិដោយ thmeythmey.com