ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​សម្រេច​បន្ថយ​ពន្ធ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​
16, Nov 2017 , 9:21 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​បានសម្រេច​បន្ធូរបន្ថយ​ពន្ធ​កាក់​ទុក​លើ​ប្រាក់កម្ចី​ពី​បរទេស​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​បន្ថយ​ពី ១៤​ភាគរយ មក ១០​ភាគរយ​។ នេះ​បើតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៧​ខែតុលា​។​



​កា​រស​ម្រ​ច​បន្ធូរ​បន្ថយពន្ធ​នេះ គឺធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​បានកំណត់​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្ដល់​កម្ចី​ដល់​ប្រជាពលរដ្ឋ​ដោយ​គិត​អត្រា​ការប្រាក់​មិន​លើសពី ១៨​ភាគរយ​ក្នុង​មួយឆ្នាំ​។​
​ប្រកាស​ខាងលើ​បាន​កំណត់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវអនុវត្ត​ការ​កាត់​ទុក​ប្រាក់​ពន្ធ​លើ​ការប្រាក់​ដែល​ខ្ចី​ពី​បរទេស​ចំនួន ១០​ភាគរយ ដោយ​នៅសល់ ៤​ភាគរយ​ទៀត​ជា​បន្ទុក​របស់​រដ្ឋ​។​

​ការសម្រេច​នេះ ក្រសួង​អះអាង​ដូច្នេះ​ថា​៖«​ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​លើ​ការប្រាក់​ចំពោះ​ប្រាក់​ដែល​ខ្ចី​ពី​បរទេស​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​រក្សា​និរន្តរភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​»​។​

​ប្រកាស​នេះ​កំណត់​ទៀតថា​៖«​ការអនុគ្រោះ​នេះ ត្រូវអនុវត្ត​ចំពោះ​ការ​ទូរ​ទាត់​ការប្រាក់​ក្នុងអំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ប៉ុន្តែ​មិន​អនុវត្ត​ចំពោះ​ការប្រាក់​ដែល​បាន​ទូទាត់​មុនពេល​ចូល​ជាធរ​មាននៃ​ប្រកាស​នេះ​ទេ​»​។​

​លោក សុខ វឿន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា ការ​បន្ធូរ​ប​ន្ធ​យ​ពន្ធ​នេះ​ជា​ផល​វិជ្ជមាន​មួយ ដែល​បាន​ជួយ​សម្រាល​បន្ទុក​របស់​មីក្រូហិរញ្ញវត្ថុ​លើ​ការចំណាយ​សម្រាប់​ទទួល​បាន​ប្រភព​ទុន​ពី​បរទេស​។ ប៉ុន្តែ​លោក​ថ្លែងថា ការទទួលបាន​អត្ថប្រយោជន៍​នេះ​មាន​រយៈ​ខ្លី ខណៈ​ឆ្នាំ​២០១៧​ជិត​ផុត​ទៅហើយ​។​

​បើតាម​ការអះអាង​រប​ស់​អ្នក​ក្នុង​វិស័យនេះ ទឹកប្រាក់​កម្ចី​ពី​បរទេស បើ​គិត​សម្រាប់តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​ចំនួន ៧ មាន​ចំនួន ១,០៩​ពាន់​លាន​ដុល្លារ ស្នើ​នឹង ៨១​ភាគរយ​នៃ​កម្ចី​សរុប ១,៣៣ ពាន់​លាន​ដុល្លារ គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៦ ។ ហើយ​ជាមួយ​ការ​បន្ធូរ​ប​ន្ធ​យ​ពន្ធ​នេះ អាចធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ​សន្សំ​បាន​ប្រមាណ ៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕


Tag:
 ពន្ធ​កាត់​ទុក​
  ឥណទាន​
© រក្សាសិទ្ធិដោយ thmeythmey.com