កីឡាជាតិ
ជាតិ
លីកកំពូលវិលមកវិញចុងសប្តាហ៍នេះខណៈក្រុម Top4 មានភាគរយខ្ពស់ក្នុងការរក្សាទីតាំង ក្រុមណាហ្គាវើលប្រកួតជាមួយភ្នំពេញក្រោនកាលពីជើងទី២នៅកីឡដ្ឋាន RSN
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ នឹងបន្តការប្រកួតសប្តាហ៍ទី២០របស់ខ្លួននៅចុងសប្តាហ៍នេះ បន្ទាប់ពីសម្រាកអស់រយៈពេល២សប្តាហ៍ដោយសារកីឡាករមួយចំនួនជាប់ភារកិច្ចក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួត AFC Asian Cup 2019។ សម្រាប់ការវិលត្រឡប់នេះដែរក្រុមឈរតំបន់ Top 4 ហាក់មានភាគរយទទួលបាន៣ពិន្ទុខ្ពស់ដោយសារជួបក្រុមដែលខ្លួនធ្លាប់យកឈ្នះកាលពីជើងទី១។
ក្រោយសម្រាក២សប្តាហ៍ដោយសារកីឡាករតាមក្លិបមួយចំនួនជាប់បំពេញភារកិច្ចក្នុងក្រុមជម្រើសជាតិនាការប្រកួតវគ្គជម្រុះ AFC Asian Cup 2019 ការប្រកូតបាល់ទាត់ក្របខណ្ឌលីកកំពូលកម្ពុជាត្រូវបន្តការប្រកួតសប្តាហ៍ទី២០របស់ខ្លួននៅសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ សម្រាប់ការវិលមកទីលានជាថ្មីនេះក្រុមឈរតំបន់ Top 4 ដូចជាព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គាវើល និងក្រសួងការពារជាតិសុទ្ធតែមានភាគរយទទួលបាន៣ពិន្ទុខ្ពស់ ដើម្បីបន្តឈរទីតាំងរបស់ខ្លួន។
ក្រុមឈរកំពូលតារាងព្រះខ័នរាជស្វាយរៀងទទួលស្វាគមន៍ក្រុមភ្ញៀវមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាដែលពួកគេធ្លាប់លត់ ៧-០ រីឯក្រុមលេខ២បឹងកេតតទល់ជាមួយអគ្គិសនីកម្ពុជាដែលខ្លួនបានលត់ ៤-០ នៅកីឡដ្ឋានខេត្តស្វាយរៀងដូចគ្នា។ ចំណែកក្រុមលេខ៣ណាហ្គាវើលជួបក្រុមដែលខ្លួនធ្លាប់យកឈ្នះ ៤-០ អាស៊ីអឺរ៉ុប មុនក្រសួងការពារជាតិស្វាគមន៍ក្រុមដែលខ្លួនបានយកឈ្នះ ២-០ គីរីវង់សុខសែនជ័យនៅកីឡដ្ឋានស្តាតចាស់ដូចគ្នា។
ក្រៅពីជំនួបទាំងនេះ ក្រុមអតីតជើងឯក៤សម័យកាលដែលរបូតពីតំបន់ Top 4 ភ្នំពេញក្រោនត្រូវជួបសងសឹកជាមួយក្រុមដែលបានយកឈ្នះខ្លួន ៣-១ ក្នុងជើងទី១វេស្ទើនភ្នំពេញនៅកីឡដ្ឋានវេស្ទើនភ្នំពេញ រីឯក្រុមខេមបូឌានថាយហ្គឺរត្រូវសងសឹកអគ្គស្នងការនគរបាលជាតិដែលខ្លួនបានចាញ់ ៥-២ នៅកីឡដ្ឋានខេត្តសៀមរាប៕
Tag:
Cambodian League 2017
បឹងកេត
ស្វាយរៀង
ទ័ព
ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com