កីឡាជាតិ
ជាតិ
បឹងកេតឡើងឈរកំពូលតារាង ឯភ្នំពេញក្រោនសងសឹកវេស្ទើនបានសម្រេច រូបភាពទាំងអស់ពីហ្វេសប៊ុកក្លិបណាហ្គាវើល
× ក្រុមបឹងកេតបានឡើងឈរកំពូលតារាងបណ្តោះអាសន្ន ប្រចាំពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក ក្រោយយកឈ្នះអគ្គិសនីកម្ពុជា ៤-១។ ណាហ្គាវើល ក្រោយយកឈ្នះអាស៊ីអឺរ៉ុប ៤-១ បានឡើងទៅឈរលេខរៀងទី២បណ្តោះអាសន្ន ប្រចាំសប្តាហ៍ទី២០។ ចំណែកក្រុមភ្នំពេញក្រោន សងសឹកវេស្ទើនភ្នំពេញបានសម្រេច ក្រោយយកឈ្នះ ៣-០ នៅលើទឹកដីវេស្ទើន។
ក្រុមឈរលេខរៀងទី២ បឹងកេត បានឡើងឈរកំពូលតារាងបណ្តោះ ក្នុងសប្តាហ៍ទី២០ នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក ក្រោយយកឈ្នះក្រុមអគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៤-១។ នាការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងប្រធានក្រុម ឃួន ឡាបូរ៉ាវី បានរកគ្រាប់បាល់នាំមុខ ១-០ ឲ្យបឹងកេតនៅនាទី៣១មុនកីឡាករ Maycon រកគ្រាប់បាល់ទី២នៅនាទី៣៩មុនបញ្ចប់វគ្គទី១។
បន្ទាប់មកកីឡាករ Gbenga បានសម្រេចគ្រាប់ទី៣ ឲ្យបឹងកេតនាំមុខ ៣-០ នៅនាទី៥៩ មុនសមាជិកក្រុមអគ្គិសនីកម្ពុជា សម្រេចគ្រាប់បាល់តាមពីក្រោយ ៣-១ សម្រាប់អគ្គិសនីកម្ពុជា មុនកីឡាករ ឃួន ឡាបូរ៉ាវី សម្រេចគ្រាប់ជ័យជម្នះ ៤-១ សម្រាប់បឹងកេត នៅនាទី៨៩។ ជ័យជម្នះនេះ ជួយឲ្យបឹងកេតឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន៤២ពិន្ទុ តែតំណែងកំពូលតារាងនេះ អាចរបូតទៅវិញប្រសិនបើស្វាយរៀង យកឈ្នះស៊ីម៉ាក់ នៅល្ងាចថ្ងៃអាទិត្យនេះ។
សម្រាប់ការប្រកួតនៅកីឡដ្ឋានវេស្ទើនភ្នំពេញ ក្រុមភ្នំពេញក្រោន បានយកឈ្នះម្ចាស់ផ្ទះវេស្ទើន ក្នុងលទ្ធផល ៣-០ ដើម្បីជាការសងសឹក ដែលពួកគេបានចាញ់ ៣-១ ក្នុងជើងទី១ នៅលើទឹកដីរបស់ខ្លួន។ តែយ៉ាងណាជ័យជម្នះនេះ មិនអាចជួយក្រុមដែលមានកីឡាករវ័យក្មេងច្រើនមួយនេះ ឡើងទៅឈរតំបន់ Top 4 នោះទេ ដោយបន្តឈរលេខរៀងទី៥ ជាមួយ៣៦ពិន្ទុ។
ក្រុមឈរលេខ៣ ក្នុងសប្តាហ៍ទី១៩ ណាហ្គាវើល បានឡើងឈរលេខទី២ បណ្តោះអាសន្ន ក្នុងសប្តាហ៍ទី២០ ជាមួយ៤២ពិន្ទុ ក្រោយយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-១ នៅកីឡដ្ឋានស្តាតចាស់៕
Tag:
Cambodian League 2017
បឹងកេត
ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com