ជាតិ
គ​.​ជ​.​ប ឲ្យ​បក្ស​៦​ដែល​ត្រូវបាន​កៅអី​សភា រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​
19, Nov 2017 , 1:12 pm        
រូបភាព
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ជូនដំណឹង​ដល់​គណបក្សនយោបាយ​ចំនួន​៦ ដែល​ត្រូវ​ទទួលបាន​អាសនៈ​សភា ឲ្យ​ផ្តល់ព័ត៌មាន​ចាំបាច់​មួយចំនួន ដើម្បី​ឲ្យ​ខ្លួន ចាត់ចែង​អនុវត្ត​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​។ ការអនុវត្ត​ការបែងចែក​អាសនៈ​នេះ ធ្វើឡើង​តាម​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​



​តាម​វិសោធនកម្ម​ច្បាប់​នេះ អាសនៈ​ទាំង​៥៥ ក្នុង​រដ្ឋសភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​នានា​ក្នុងអំឡុងពេល​យ៉ាងយូរ​៧​ថ្ងៃ លើកលែងតែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​។ គណបក្សនយោបាយ​ទាំង​៦ ដែល​ត្រូវ​ទទួលបាន​អាសៈ​ពី​ការបែងចែក​នេះ រួមមាន​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។

​សូមជម្រាបថា​កន្លងមក គណបក្ស​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា  បានប្រកាស​ទទួលយក​កៅអី​សភា ដែល​នឹង​បែងចែក​នេះ ខណៈ​គណបក្ស​៤​ទៀត បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។
​បើ​យោងតាម​ខ្លឹមសារ​ថ្មី នៃ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ប្រកាស​អនុវត្ត​នៅ​ថ្ងៃទី​២៥ ខែតុលា​ឆ្នាំ​២០១៧​កន្លងទៅ ប្រសិនបើ​បក្ស​ទាំង​៤​នេះ មិន​យក​អាសនៈ​សភា​ដែល​នៅសល់ នោះ​អាសនៈ​ដែល​សល់​ពី​ការបែងចែក នឹង​ធ្លាក់​ទៅ​គណបក្ស ប្រជាជន​កម្ពុជា​។

​ចំណែក​អាសនៈ​សមាជិក ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៥,០០៧  របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹងត្រូវ​បែងចែក​ទៅ​គណបក្ស​ផ្សេង យ៉ាងយូរ​២​សប្តាហ៍​ខាងមុខ​ដែរ​៕


Tag:
 គ​.​ជ​.​ប​
 ​ អាសនៈ​សភា​
  ​កៅអី​សភា
© រក្សាសិទ្ធិដោយ thmeythmey.com