បទយកការណ៍ / បទសម្ភាសន៍
លោក សយ សាវុធ​៖ អ្នកដឹកនាំ​ដែល​ជោគជ័យ ចោមរោម​ដោយ​ការ​«​គោរព​»​ចេញពី​ចិត្ត​បុគ្គលិក​
19, Nov 2017 , 7:39 pm        
រូបភាព
ដោយ:
​លោក សយ សាវុធ ជា​គ្រូ​បណ្តុះបណ្តាល​ស្ពី​ពី​ភាពជា​អ្នកដឹកនាំ មើលឃើញថា​អ្នកដឹកនាំ​ដែល​ជោគជ័យ ជា​បុគ្គល​ដែល​នាំ​បុគ្គលិក ទៅ​ស​ម្រ​ច​ចក្ខុវិស័យ​ដែល​ស្ថាប័ន​ចង់បាន​។ អ្នកដឹកនាំ​ដែល​ល្អ ជា​មេដឹកនាំ​ដែលមាន​អត្ត​ចរិតល្អ  មានបទពិសោធន៍ និង​ចំណេះដឹង អមដោយ​មុខតំណែង និង​ដែលមាន​ចោមរោម​ដោយ​យ​ការគោរព ស្រឡាញ់ ចេញពី​ចិត្ត​របស់​បុគ្គលិក នេះ​ជា​បញ្ជាក់​របស់ លោក សយ សាវុធ ដែល​នឹង​រៀបរាប់​យ៉ាង​លម្អិត នៅក្នុង​បទ​សម្ភាស​ជាមួយ លោក ទីន សុខ​លីម អ្នកកាសែត នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ខាងក្រោម​នេះ​។



សូម​អញ្ជើញ​អាន​ដូចតទៅ​៖

លោក ទីន សុខ​លីម​៖ តើ​អ្វី​ជា​ភាពជា​អ្នកដឹកនាំ​ជោគជ័យ​?

​លោក សយ សាវុធ​៖ អ្នកដឹកនាំ​ដែល​ជោគជ័យ ជា​បុគ្គល​ដែលមាន​សមត្ថភាព ដែល​អាច​ជះឥទ្ធិពល ដល់​ក្រុមការងារ សម្រេច​នៅ​ចក្ខុវិស័យ​ដែល​ស្ថាប័ន​ចង់បាន​។ ឥទ្ធិពល​នេះ កើតចេញពី​ខាងក្នុង​ខ្លួន​អ្នកដឹកនាំ ដែលមាន​ពី​អត្តចរិត​របស់​អ្នកដឹកនាំ​ផ្ទាល់ បទពិសោធន៍ និង​ចំណេះដឹង និង​មុខតំណែង​។  

លោក ទីន សុខ​លីម​៖ ប្រសិនបើ​នៅក្នុង​ស្ថាប័ន​មួយ មាន​ថ្នាក់ដឹកនាំ​ដែលមាន​អត្ថ​ចរិតមិនល្អ តើ​អាច​ឥទ្ធិពល​អវិជ្ជមាន​អ្វីខ្លះ​ដល់​ស្ថាប័ន​?

​លោក សយ សាវុធ​៖ ស្ថាប័ន​មាន​ផ្សេងៗ​គ្នា​។ ចំពោះ​ក្រុមហ៊ុន​បុគ្គល​ថ្នាក់ដឹកនាំ ដែលមាន​អត្តចរិត​មិនល្អ ប្រហែលជា​ពិបាក​ក្នុងការ​កាន់តំណែង​ធំ​ណាស់​។ បុគ្គល​បែបនេះ អាច​នឹង​មានឱកាស​ក្លាយជា​អ្នកដឹកនាំ ប្រសិនបើ​ស្ថាប័ន​នោះ មិនសូវមាន​បេក្ខជន​ដែលមាន​សមត្ថភាព​មក​ប្រជែង ប៉ុន្តែ​គេ​អាច​នឹង​ព្រមយក​យើង​សិន ទោះបីជា​យើង​អន់​ចរិត​ក៏ដោយ ដើម្បី​ឲ្យ​កាន់តំណែង​តែមួយ​រយៈ​ប៉ុណ្ណោះ​។ បើ​យើង​ដឹងខ្លួន​ឯង​ថា​អន់​ចរិត យើង​គួរតែ​ទទួលស្គាល់ និង​កែប្រែ​វា ពីព្រោះថា​យើង​មានចំណេះដឹង និង​បទពិសោធន៍​គ្រាន់តែ​អន់​ចរិត វា​មិន​ពិបាក​កែប្រែ​ទេ គ្រាន់តែ​ទាមទារ​ឲ្យ​យើង​មាន​វិន័យ​ខ្លួនឯង​ខ្លាំង​។ ប្រសិនបើ​យើង​ស្ទើរ​ចរិត ហើយ​បណ្តែត​បណ្តា​យ ថ្ងៃ​ណាមួយ​យើង​នឹង​របូត​តំណែង​នោះ​។

​លោក ទីន សុខ​លីម​៖ តើ​បុគ្គល​ម្នាក់ៗ គួរ​ធ្វើខ្លួន​បែបណា ដើម្បី​ក្លាយជា​អ្នកដឹកនាំ ដែល​ជោគជ័យ​? 

លោក សយ សាវុធ​៖ ចំពោះ​បុគ្គល​ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​ដែល​ល្អ គួរ​ដុសខាត់​ខ្លួនឯង​ឲ្យ​ល្អ ទាំង​អត្តចរិត សមត្ថភាព និង​ធ្វើខ្លួន​ឲ្យ​អ្នកដទៃ​ស្រលាញ់ ចូលចិត្ត ចង់​រាប់អាន សហការ និង​មានគុណ​តម្លៃ​មួយ​ច្បាស់លាស់​។ បន្ទាប់មក​ត្រូវ​រស់នៅ និង​រក្សា​គុណ​តម្លៃ​នោះ​ជាប្រចាំ​។ ការរស់នៅ​ជាមួយនឹង​គុណ​តម្លៃ​ខ្លួនឯង ជាប្រចាំ​នេះហើយ វា​នឹង​ជះឥទ្ធិពល​ដល់​ក្រុមការងារ និង​អ្នកដទៃ​។

លោក ទីន សុខ​លីម​៖ ក្នុង​ការដឹកនាំ​ជាក់ស្តែង ឃើញថា​ថ្នាក់ដឹកនាំ​មួយចំនួន បង្ហាញ​អាកប្បកិរិយា​ស្លូត​ពេក ស្រួល​ពេក​ចំពោះ​បុគ្គលិក ធ្វើ​ឲ្យ​មិន​ខ្លាច និង​មិន​ខំធ្វើការ​។ ថ្នាក់ដឹកនាំ​ផ្សេងទៀត ធ្វើ​កាច ម៉ឹងម៉ាត់​ចំពោះ​បុគ្គល បែរជា​បុគ្គលិក​ខ្លាច និង​ស្អប់​ទៅវិញ​។ ក្នុងនាម​ជា​អ្នកដឹកនាំ តើ​គួរ​ធ្វើខ្លួន​បែបណា ដើម្បី​ឲ្យ​អ្នក​នៅក្រោម​បង្គាប់​ស្រលាញ់​ចូលចិត្ត និង​ប្រឹងប្រែង​ធ្វើការ​?

​លោក សយ សាវុធ​៖ យើង​មិនគួរ​ធ្វើ​ឲ្យ​បុគ្គលិក​យើង​ខ្លាច​នោះទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​ឲ្យ​បុគ្គល​គោរព​យើង ហើយ​ការគោរព យើង​ក៏​មិនអាច​ទាមទារ ឬ​ដុំ​ឲ្យ​គេ​គោរព​យើង​បានដែរ គឺ​វា​ចេញពី​ក្នុង​ចិត្ត​។ គេ​ជឿ​យើង គេ​ទុកចិត្ត និង​គោរព​យើង លុះត្រាតែ​យើង​មាន​ប្រយោជន៍​សម្រាប់​គេ​។ មាន​ប្រយោជន៍​យ៉ាងម៉េច​? មានន័យថា យើង​ដឹងថា​គេ​ត្រូវការ​អ្វី​? អ្នកខ្លះ ម៉ឹងម៉ាត់​ចំពោះ​បុគ្គលិក​មែនទែន ប៉ុន្តែ​បុគ្គលិក​គាត់​នៅតែ​គោរព និង​ស្រលាញ់​គាត់​។ ដោយសារ​អ្នកដឹកនាំ និង​បុ​គ្ក​លិ​កយល់​គ្នា ស្គាល់គ្នា​ច្បាស់​៕


Tag:
 សយ សាវុធ​
 ​ អ្នកដឹកនាំ​
  ​ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com