ជាតិ
គម្រោង APYE អាច​ឲ្យ​យុវជន​កម្ពុជា ទទួល​បទពិសោធន៍​ពី​យុវជន​ប្រទេស​ដទៃ​
20, Nov 2017 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ Asia Pacific Youth Exchange គឺជា​គម្រោង​មួយ​ដែល​ផ្ដល់ឱកាស​ដល់​យុវជន​ក្នុងការ​ទទួលបាន​បទ​ពិសោធន៍​ពី​យុវជន​ដទៃទៀត ជាពិសេស​គឺ​នៅក្នុង​ប្រទេស​អាស៊ាន​។ ការផ្ដល់​នូវ​បទពិសោធន៍ ឲ្យ​គ្នា​ទៅវិញទៅមក​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​មួយ​ប្រកបដោយ​ចីរភាព​។ ក្រសួង​អប់រំ កំពុង​ពិចារណា ចុះ​កិច្ច​សហ​ប្រតិ​ប​ត្ត​កា​ជាមួយ​គម្រោង​នេះ ដើម្បី​ឲ្យ​យុវជន​កម្ពុជា មានឱកាស​តែ​ច្រើន​ថែមទៀត​។​



​សម្រាប់​យុវជន​ដែល​ចង់​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​បន្ថែម ពី​យុវជន​ដទៃទៀត​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន គម្រោង Asia Pacific Youth Exchange អាច​ផ្ដល់​ចំណេះដឹង​ទាំងនោះ ដល់​យុវជន​បាន​។ គម្រោង​APYE នេះ​មានបំណង​ជំរុញ​ឲ្យ​យុវជន​មាន​ភាពជា​អ្នកដឹកនាំ និង​ក្លាហាន និង​ពង្រឹង​ចំណេះដឹង​របស់​យុវជន ពី​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​(SDGs) និង​ប្រយោជន៍​SDG​ចំពោះ​ប្រទេសជាតិ ហើយ​ថា​តើ​ពួកគេ​ត្រូវ​ចូលរួម​យ៉ាងដូចម្តេច​ដើម្បី​សម្រេច​គោលដៅ​នេះ​។​

​លោក David Hyoungmin Kim អ្នកចាត់ការ​ទូទៅ​នៃ​សភា​យុវជន​ទីក្រុង និង​ការផ្លាស់ប្ដូរ​យុវជន​អាស៊ី​ប៉ាស៊ីហ្វិក លើកឡើង​ក្នុង​កម្មវិធី​ចែករំលែក​អំពី​កម្មវិធី​នេះ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​ថា កម្មវិធី​Asia Pacific Youth Exchange គឺ​បើកឱកាស​ឲ្យ​យុវជន​ទាំង​នៅ​ទីក្រុង និង​ជនបទ ដែល​អាយុ​ចន្លោះ​១៨-៣០​ឆ្នាំ ចូលរួម​។ តាម​លោក Kim គម្រោង​នេះ គឺ​ផ្ដោត​សំខាន់​នៅតាម​មូលដ្ឋាន មិន​ថា​គម្រោង​ដែល​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​ប្រទេស​ដទៃ​ឡើយ​។ លោក  Kim បញ្ជាក់​ដូច្នេះ​៖« កម្មវិធី​នេះ មិនមែន​ផ្ដោត​សំខាន់​តែ​លើ​ទីក្រុង​នោះទេ តែ​ផ្ដោត​សំខាន់​ទៅលើ​ការផ្ដល់​ចំណេះដឹង​ដល់​យុវជន​តាម​ជនបទ​។ យុ​វជ​នឹង​មានឱកាស​ផ្ដាស់​ប្ដូរ​បទពិសោធន៍ បង្កើត​បណ្ដាញ ដើម្បី​ការអភិវឌ្ឍ​សហគមន៍​»​។​



​លោក ហម សុ​ផា​ណ្ណា ប្រធាន​នាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ បានប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​នេះ ទន្ទឹមនឹង​ការអះអាង​ថា យុវជន អាច​ទទួលបាន​ប្រយោជន៍​ជាច្រើន ពី​គម្រោង​នេះ និង​អាច​ការសរសេរ​គម្រោង ស្នើសុំ​ជំនួយ​ពី World Bank មក​អភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន​ទៀតផង​។ លោក ហម សុ​ផា​ណ្ណា បញ្ជាក់បន្ថែម​បែបនេះ​ថា​៖ «​យុវជន​ភាគច្រើន​គាត់​ខ្វះ​ជំនាញ​អនុវត្តន៍ ដែល​APYE នេះ​បាន​បង្រៀន ហើយ​នៅពេលដែល​គាត់​ទៅ សហគមន៍ គាត់​អាច​ស្វែងយល់ថា​សហគមន៍​នោះ​មាន​បញ្ហា​អ្វី យុវជន​អាច​ពិភាក្សា​រក​ជំនួយ​ដើម្បី​ដោះស្រាយ​»​។

​យ៉ាងណា​ការ នៃ​គម្រោង​នេះ ជាមួយ​ក្រសួង​អប់រំ ចុះ​កិច្ច​សហប្រតិបត្តិ​ជាមួយ​គម្រោង​នេះ​នៅឡើយ ដោយ​ត្រូវការ​ពេលវេលា​សិក្សា​បន្ថែម​សិន​។ ប៉ុន្តែ​លោក សុ​ផា​ណ្ណា ក៏បាន​គូស​បញ្ជាក់ដែរថា ការចុះ​កិច្ចសហប្រតិបត្តិការ នឹងធ្វើ​បាន​លឿន បើ​មិន​ពាក់ព័ន្ធ​នឹង​ការចំណាយ​របស់​ក្រសួង​នៅក្នុង​កិច្ចសហការ​នេះ​។ 

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៧​ហើយ ដែល​គម្រោង Asia Pacific Youth Exchange បានរៀបចំ​ធ្វើ ក្នុងនោះ​មាន​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន ថៃ និង​កូរ៉េខាងត្បូង​។ នៅ​ឆ្នាំក្រោយ គម្រោង​នេះ នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន ប្រទេស​ថៃ ចិន កូរ៉េខាងត្បូង និង​កម្ពុជា​៕


Tag:
 APYE
  ការអប់រំ​
  បទពិសោធន៍
© រក្សាសិទ្ធិដោយ thmeythmey.com