អន្តរជាតិ
អាមេរិកដាក់កូរ៉េខាងជើងក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្ម
× ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែវិច្ឆិកា បានសម្រេចចិត្តដាក់កូរ៉េខាងជើងក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្ម។ ចំណាត់ការនេះ នឹងបើកផ្លូវឲ្យរដ្ឋបាលក្រុងវ៉ាស៊ិនតោនដាក់ទណ្ឌកម្មច្រើនទៀតលើរបបក្រុងព្យុងយ៉ាង បន្ថែមពីលើទណ្ឌកម្មរាប់សិបមានស្រាប់មកហើយនោះ។ ច្បាស់ណាស់ ការសម្រេចចិត្តបែបនេះ នឹងធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែកើនឡើងខ្លាំង ហើយសង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងកូរ៉េខាងជើង នឹងបន្តមានហូរហែរទៀត។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២០ ខែវិច្ឆិកា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីការដាក់កូរ៉េខាងជើងក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្ម។ លោក ត្រាំ ដែលទើបបញ្ចប់ទស្សនកិច្ច១២ថ្ងៃនៅអាស៊ី និយាយថា អាមេរិកនឹងចាត់វិធានការជាក់លាក់ តឹងរ៉ឹងលើកូរ៉េខាងជើង ឯការដាក់កូរ៉េខាងជើងជារដ្ឋគាំទ្រភេរវកម្មនោះ គឺជាជំហានចាប់ផ្ដើម។ បន្តពីនេះ ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទៀតនឹងលេចជារូបរាងផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ប្រធានាធិបតី ត្រាំ ហាក់បានរិះគន់រដ្ឋបាលប្រធានាធិបតីអាមេរិកមុនៗ ដែលមិនព្រមដាក់សម្ពាធខ្លាំងលើកូរ៉េខាងជើង។ លោកអះអាងថា ចំណាត់ការបែបនេះ គួរតែមានជាយូរណាស់មកហើយ។ លោក ត្រាំ ក៏បន្តចោទកូរ៉េខាងជើងថា បានគំរាមកំហែងពិភពលោកតាមរយៈកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងបានគាំទ្រសកម្មភាពភេរវកម្មអន្តរជាតិដូចជាការលួចធ្វើឃាតជនបរទេសជាដើម។
ជាមួយនឹងវិធានការខាងលើ លោក ត្រាំ ក៏បានព្រមានដាក់ទណ្ឌកម្ម និងពិន័យលើរបបក្រុងព្យុងយ៉ាង ក៏ដូចជាបុគ្គលពាក់ព័ន្ធផ្សេងទៀត។ ក្រសួងរតនាគារអាមេរិក នៅថ្ងៃទី២១ ខែវិច្ឆិកា នឹងប្រកាសទណ្ឌកម្មបន្ថែម ដែលជាទណ្ឌកម្មដ៏ធំមួយ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាមេរិក ដោយបានប្រាប់ឲ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិកខុសច្បាប់ ព្រមទាំងបញ្ឈប់ការគាំទ្រភេរវកម្មអន្តរជាតិ។
យ៉ាងណាមិញ ការដាក់កូរ៉េខាងជើងក្នុងបញ្ជីគាំទ្រភេរវកម្ម ត្រូវគេមើលឃើញថាគ្រាន់តែនិមិត្តរូបប៉ុណ្ណោះ ដ្បិតកូរ៉េខាងជើងចោមរោមដោយទណ្ឌកម្មអន្តរជាតិជុំជិតទៅហើយ។ លើសពីនោះទណ្ឌកម្មកន្លងមក ក៏មិនសូវមានឥទ្ធិពលលើក្រុងព្យុងយ៉ាងអ្វីដែរ ខណៈដែលកូរ៉េខាងជើងនៅតែបន្តការអភិវឌ្ឍនុយក្លេអ៊ែរដដែល ព្រោះនៅតែមានប្រទេសខ្លះបន្តរកស៊ីជាមួយ ដែលក្លាយជាខ្នងបង្អែកដ៏រឹងមាំសម្រាប់រដ្ឋកុម្មុយនីស្តមួយនេះ។
ចំណាត់ការរបស់ប្រធានាធិបតី ត្រាំ ក៏បង្កការព្រួយបារម្ភដែរ ព្រោះរឿងនេះនឹងធ្វើឲ្យកូរ៉េខាងជើងខឹងច្រឡោតតោតតូងមិនខាន។ អ្នកជំនាញខ្លះជឿថា កូរ៉េខាងជើងអាចឆ្លើយវិញដោយការបាញ់មីស៊ីល និងសាកល្បងនុយក្លេអ៊ែរមិនខាន ដើម្បីបង្ហាញពីឥទ្ធិពលរបស់ខ្លួន។ ម្យ៉ាងទៀតនោះ វាអាចបំផ្លាញលទ្ធភាពឈានទៅរកការចរចា ដែលចិនកំពុងប្រឹងប្រែងខ្លាំងទៅទៀត ហើយភាពតានតឹងនឹងនៅតែបន្តដដែល៕
Tag:
អាមេរិក
កូរ៉េខាងជើង
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com