ជាតិ
សេដ្ឋកិច្ច
សំណង់​អគារ​៤២​ជាន់​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩ ដោយ​ចំណាយ​១៤០​លាន​ដុល្លារ​បន្ថែមទៀត
22, Nov 2017 , 2:46 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​កូរ៉េ Yon Woo នឹង​ដំណើរ​ការសាងសង់​អគារ​ខុន​ដូរ Golden Tower ៤២​ជាន់​នៅ​ដើមឆ្នាំ ២០១៨ ខាងមុខនេះ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សាងសង់​របស់​ចិន នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​នេះ​។



​អគារ Golden Tower ត្រូវបាន​ចាប់ផ្ដើម​សាងសង់​តាំងពី​ឆ្នាំ ២០០៨ និង​បាន​ផ្អាក​សកម្មភាព​សាងសង់​ជាច្រើនលើក​រហូតមកទល់​ពេលនេះ ដែល​សម្រេចបាន​ត្រឹម ៣១​ជាន់​នៃ​គម្រោង ៤២​ជាន់​។ ប៉ុន្តែ​នៅថ្ងៃនេះ​ក្រុមហ៊ុន Yon Woo បាន​ចុះកិច្ចសន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន Hongtao Decoration និង​ក្រុមហ៊ុន Waiman Construction&Engineering ពី​ប្រទេស​ចិន ដើម្បី​បន្តដំណើរ​ការសាងសង់​អគារ​នេះ​។​



​លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន Yon Woo បាន​អះអាងថា បន្ទាប់ពី​មាន​កិច្ចសន្យា​នេះ ដំណើរការ​សាងសង់​នឹង​ចាប់ផ្ដើម​នៅ​ខែមករា ឬ​កុម្ភៈ​ឆ្នាំ​២០១៨ និង​បញ្ចប់​គម្រោង​នៅ​ចុងឆ្នាំ​២០១៩ ។ លោក​បន្ថែមថា ការសាងសង់​ដែល​បាន​ផ្អាក​ដំណើរការ​កន្លងមកនេះ ក្រុមហ៊ុន​បាន​ចំណាយ​ទុន​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក ហើយ​គ្រោង ១៤០ លានដុល្លារ​ទៀត​ដើម្បី​សាងសង់​បញ្ចប់​គម្រោង​។



​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​ចុះហត្ថលេខា​សាងសង់ លោក Kim Tae Yeon បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការចាប់​ដំណើរការ​សាងសង់​របស់ខ្លួន​។ លោក​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សម្លឹង​ឃើញ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា​ឆ្ពោះទៅមុខ ទីផ្សារ​មិនមាន​បញ្ហា ហើយ​កំណើនសេដ្ឋកិច្ច​បន្ត ៧​ភាគរយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឆន្ទៈ​ចាប់ផ្ដើម​បន្ត​សាងសង់​អគារ​នេះ​»​។ បើតាម​ប្រធាន​ក្រុមហ៊ុន Yon Woo រូបនេះ អគារ Golden Tower ទាំងមូល​នៃ​គម្រោង គឺ​រួមមាន​បន្ទប់​ស្នាក់នៅ​ចំនួន ៣៩៩ យូ​នី​ត ផ្សារ​ទំនើប និង​ការិយាល័យ​៕


Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com