ជាតិ
សង្គមជាតិ
កម្ពុជា ពិចារណា​លើ​គម្រោង​ជ្រើស​កម្មសិក្សាការី​ខ្មែរ បម្រើ​ការងារ​ថែទាំ​មនុស្ស​ចាស់​នៅ​ជប៉ុន​
24, Nov 2017 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងការងារ
រូបភាពពីហ្វេសប៊ុកក្រសួងការងារ
ដោយ:
​ភ្នំពេញ​៖ កម្ពុជា កំពុង​ពិចារណា​លើ​គម្រោង​ជ្រើស​កម្មសិក្សាការី​ខ្មែរ ទៅ​បម្រើ​ការងារ​លើ​វិស័យ​ថែទាំ​មនុស្ស​ចាស់​នៅ​ជប៉ុន​។ គម្រោង​ការងារ​ថែទាំ​មនុស្ស​ចាស់​នេះ ត្រូវបាន​លោក CHIBA Shinya ប្រធាន​សហជីព​ធនធាន​មនុស្ស​អន្តរជាតិ​ជប៉ុន លើកយក​ពិភាក្សា​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៣ វិច្ឆិកា​។​



​តាមរយៈ​គម្រោង​នេះ វា​អាចជា​ការពង្រីក​ទីផ្សារការងារ​សម្រាប់​ព​លករ​ខ្មែរ​បន្ថែមទៀត ដើម្បី​អាច​ទទួលបាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគេ​។ ប៉ុន្តែ​យ៉ាងណា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​នឹង​ពិចារណា​លើ​គម្រោង​ជ្រើស​កម្មសិក្សាការី​ខ្មែរ​នេះដែរ​។ អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ថា ក្រសួង​មិនទាន់​កំណត់​ការ​ជ្រើស​កម្មសិក្សាការី ទៅ​បម្រើ​ការងារ​លើ​វិស័យ​ថែទាំ​មនុស្ស​ចាស់​នៅ​ជប៉ុន​នោះទេ ដោយសារ​រងចាំ​មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ​សិន​។ បើតាម​លោក ហេង សួរ ការកំណត់​ចំនួន​កម្មសិក្សាការី​ខ្មែរ​ទៅ​បម្រើការ​នៅ​ជប៉ុន​នោះ គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​ជប៉ុន​។​



​អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា​៖«​ការ​បញ្ជូនទៅ​ពេលណា​មិនទាន់​ដឹង​នៅឡើយ នេះ​គ្រាន់តែ​ជា​គម្រោង​ប៉ុណ្ណោះ​។ ហើយ​ទីផ្សារការងារ​អាស្រ័យ​លើ​អ្នក​ចង់បាន និង​អ្នក​ចង់ទៅ​។ ប្រទេស​ដែល​ចង់បាន​ចាប់ផ្ដើម​ទទួល ហើយ​អ្នក​ដែល​ចង់ទៅ​បានការ​ឯកភាព​គ្នា​នោះ​នឹងត្រូវ​បញ្ជូនទៅ​តែម្ដង​»​។​

​ប្រធាន​សហជីព​ធនធាន​មនុស្ស​អន្តរជាតិ​ជប៉ុន​លោក CHIBA Shinya បាន​និយាយថា រាជរដ្ឋាភិបាល​ជប៉ុន ត្រូវការ​កម្មសិក្សាការី ពី​បរទេស​ចំនួន​២០​ម៉ឺន ទៅ​៣០​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ដើម្បី​បម្រើ​ការងារ​លើ​វិស័យ​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​។ ក្នុងជំនួប​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក CHIBA Shinya បានបញ្ជាក់​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន​ប្រទេស​ជប៉ុន​មាន​ប្រជាជន​វ័យ​ចំណាស់​ច្រើន ហើយ​កម្លាំង​ពលកម្ម​មានការ​ថមថយ​ចុះ ដូច្នេះ​រដ្ឋាភិបាល​រៀបចំ​បង្កើត​ច្បាប់​ថ្មី ដើម្បី​ទទួល​កម្មសិក្សាការី​ផ្នែក​ថែទាំ​មនុស្ស​ចាស់​»​។​

​ជាការ​ឆ្លើយតប​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​គាំទ្រ​ចំពោះ​គម្រោង​ភាគី​ជប៉ុន ដែល​ត្រូវការ​កម្មសិក្សាការី​ពី​កម្ពុជា​ទៅ​បម្រើ​ការងារ​ថែទាំ​មនុស្ស​ចាស់​។ លោក អ៊ិត សំហេង បញ្ជាក់ថា​៖«​ខាង​សហជីព​ធនធានមនុស្ស​អន្តរជាតិ ត្រូវមាន​ការណែនាំ តម្រង់ទិស និង​បណ្តុះបណ្តាល​ពី​ភាគី​ជប៉ុន មុននឹង​បញ្ជូន​កម្មសិក្សាការី​ទៅ​បម្រើ​ការងារ​។ សហជីព​ត្រូវបង្កើត​ភ្នាក់ងារ​ដើម្បី​ណែនាំ និង​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​ជាមុនសិន​»​។​



​កន្លងមក រដ្ឋាភិបាល​ជប៉ុន​បានទទួល​កម្មសិក្សាការី​កម្ពុជា ទៅ​បម្រើ​ការងារ​ជាង​៥​ពាន់​នាក់ ក្នុងនោះ​មានដូចជា​វិស័យ កសិកម្ម ឧស្សាហកម្ម និង​សំណង់​។ កម្ពុជា​ឈរ​លេខ​រៀង​ទី​៦ ក្នុងចំណោម​ប្រទេស​ទាំង​១៧ ដែល​បាន​បញ្ជូន​កម្មសិក្សាការី​ទៅ​បម្រើ​ការងារ​នៅ​ជប៉ុន ។ នេះ​បើតាម​លោក អ៊ិត សំហេង​៕


Tag:
 អ៊ិត សំហេង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com