ជាតិ
សង្គមជាតិ
ទូត​អាមេរិក​ស្វែងរក​អ្នកឯកទេស​ខ្មែរ និង​បរទេស​សម្រាប់​គម្រោង​ដោះមីន ២​លាន​ដុល្លារ​
25, Nov 2017 , 3:30 pm        
រូបភាព
ដោយ:
​ស្ថានទូត​អាមេរិកប្រចាំកម្ពុជា ប្រកាសផ្ដល់ប្រាក់​ចំនួន​២​លាន​ដុល្លារអាមេរិក ដើម្បី​ឲ្យ​ក្រុម​អ្នកមាន​សមត្ថភាព​ទាំង​ជាតិ និង​អន្តរជាតិ ស្នើសុំ​គម្រោង​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​។ គម្រោង​នេះ មាន​រយៈពេល​មួយឆ្នាំ ត្រូវអនុវត្ត​នៅ​ឆ្នាំ​២០១៨ ហើយនឹង​អាច​បន្ត​រយៈពេល​បាន​២​ឆ្នាំ​ទៀតផង​ដែរ​។​

 

ដើម្បី​ចូលរួម​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ស្ថានទូត​អាមេរិក បានសម្រេច​ផ្ដល់​ថវិកា​ចំនួន​២​លាន​ដុល្លារ រយៈពេល​មួយឆ្នាំ​សម្រាប់​ការសិក្សា​អង្កេត និង​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។ ថវិកា​នេះ​ស្ថានទូត​អាមេរិក បានប្រកាស​ទទួល​ពាក្យស្នើសុំ​ថវិកា​នេះ​សម្រាប់​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០១៩ និង​អាចមាន​លទ្ធភាព​សម្រាប់​២​ឆ្នាំ​ទៀត​។​

ឯកអគ្គរដ្ឋទូត​អាមេរិក លោក William Heidt បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា សហរដ្ឋអាមេរិក​បាន​ជួយ​ដោះមីន មនុស្សធម៌​នៅ​កម្ពុជា អស់​រយៈពេល​២០​ឆ្នាំ​មកហើយ ហើយ​មានការ​ប្ដេជ្ញាចិត្ត​ក្នុងការ​ដោះស្រាយ​កេរដំណែល​នៃ​សម័យ​សង្គ្រាម​។ លោក Heidt បញ្ជាក់​ដូ​ច្ន​៖«​យើង​កំពុង​រកមើល​ក្រុម​អ្នកឯកទេស​ខ្មែរ និង​ក្រុម​អ្នកឯកទេស​អន្តរជាតិ ដើម្បី​ឲ្យ​មកជួយ​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​»​។​

២០​ឆ្នាំ​មកនេះ សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រាក់​អស់​១៣១​លាន​ដុល្លារ ដើម្បី​រកមើល និង​ដោះចេញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ របស់​អាមេរិក​នៅ​ភាគ​ខាងកើត​។ តាម​សេចក្ដីប្រកាស​ព័ត៌មាន  មិន​ត្រឹមតែ​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​របស់​អាមេរិក​ទេ តែ​កន្លងទៅ អាមេរិក​ក៏បាន​ជួយ​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​របស់​ប្រទេស​ចិន វៀតណាម និង​សហភាពសូវៀត នៅតាម​តំបន់​ផ្សេងទៀត ក្នុងប្រទេស​កម្ពុជា​ដែរ​។​

​សូមបញ្ជាក់ថា ក្រសួងការបរទេស​ក​ម្ពុ​ជា​ធ្លាប់បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១​ខែ វិច្ឆិកា ពី​ការ​ប្តឹងទៅ​អង្គការ​ហាមឃាត់​អាវុធ​គីមី ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់​។ ការប្រកាស​ប្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា បាន​រកឃើញ​អាវុធ​គីមី​របស់​អាមេរិក កាន់តែច្រើន​ទៅៗ​នៅលើ​ទឹកដី​ប៉ែក​ខាងកើត នៃ​ប្រទេស​កម្ពុជា​៕

Tag:
 ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​
 ​កម្ពុជា​
 ​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com