កីឡាជាតិ
ជាតិ
Hun Sen Cup វគ្គ​១/២៖ ស្វាយរៀង​តទល់​ជាមួយ​អគ្គស​នី​កម្ពុជា ឯ​ណាហ្គា​វើ​ល​ជួប​បឹងកេត​
27, Nov 2017 , 8:19 am        
រូបភាព
ដោយ:
​ក្រោយ​បញ្ចប់​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​កាលពី​ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ​២០១៧ ពានរង្វាន់​បាល់ទាត់​សម្តេច ហ៊ុន សែន រកឃើញ​ក្រុម​ខ្លាំង​ទាំង​៤​ដើម្បី​ឡើងទៅ​ប្រកួត​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ហើយ​។ ប៉ុន្តែ​ក្នុងចំណោម​ក្រុម​ទាំងនេះ​គ្មាន​វត្តមាន​ក្រុម​ការពារ​តំណែង​ជើងឯក​ក្រសួងការពារជាតិ​នោះទេ ក្រោយ​ចាញ់​ក្រុម​ជើងឯក​រង​ព្រះខ័ន​រាជ​ស្វាយរៀង​។ ទោះបី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នេះ​មិនទាន់​បង្ហាញ​ពី​ការជួបគ្នា​ជា​ផ្លូវការ​ក៏ដោយ តែ​តាមរយៈ​រូបមន្ត​ប្រកួត​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​តទល់​ជាមួយ​អគ្គស​នី​កម្ពុជា ឯ​បឹងកេត​ប្រជែង​ជាមួយ​ណាហ្គា​វើ​ល​។



​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ បាន​ឈានដល់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​សប្តាហ៍​ក្រោយ​។ ក្នុងនោះ​ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៦​ព្រះខ័ន​រាជ​ស្វាយរៀង​ក្រោយ​ទម្លាក់​ក្រុម​ការពារ​ជើងឯក​ក្រសួងការពារជាតិ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៤-១ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​ដែល​ទម្លាក់​ប៉ូលិស​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៣-១​។ ចំណែក​ក្រុម​បឹងកេត​ក្រោយ​ធ្វើ​ឲ្យ​គីរីវង់​សុខ​សែន​ជ័យ​ខកចិត្ត​ជាមួយ​ការ​ចាញ់​ទាំងពីរ​ជើង ៤-២ ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​ដែល​ទម្លាក់​ភ្នំពេញ​ក្រោ​ន​ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៣-១​។​



​សម្រាប់​ការប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ព្រះខ័ន​រាជ​ស្វាយរៀង​បានបញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ក្រសួងការពារជាតិ​ក្នុង​ជើង​ទី​១ មុន​យកឈ្នះ ៣-០ នៅលើ​ទឹកដី​ខ្លួនឯង​កាលពី​ថ្ងៃទី​២២ វិច្ឆិកា ដើម្បី​ទម្លាក់​ជើងឯក​ឆ្នាំ​២០១៦​ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៤-១​។ រីឯ​ក្រុម​អគ្គិសនី​កម្ពុជា​ក្រោយ​យកឈ្នះ​ប៉ូលិស ១-០ ក្នុង​ជើង​ទី​១​បាន​បន្ត​យកឈ្នះ ២-១ នា​ការប្រកួត​ជើង​ទី​២ ដើម្បី​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១/២​ជាមួយ​ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ៣-១​។

​ចំណែក​ក្រុម​បឹងកេត​ក្រោយ​បញ្ចប់​លទ្ធផល​ស្មើ ២-២ ជាមួយ​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​ជើង​ទី​១​នៅលើ​ទឹកដី​ខេត្តតាកែវ ក្រុម​នេះ​បាន​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-០ នា​ការប្រកួត​ជើង​ទី​២​កាលពី​ល្ងាច​ថ្ងៃទី​២២ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​នាំ​ឲ្យ​បឹង​កេង​បាន​ឡើងទៅ​លេង​នៅ​វគ្គ​១/២ ជាមួយ​ជ័យជម្នះ​សរុប​ទាំងពីរ​ជើង ៤-២​។

​ដោយឡែក​ក្រុម​ណាហ្គា​វើ​ល​បានធ្វើ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​រង​ការខកចិត្ត បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ២-១ ក្នុង​ជើង​ទី​១ និង​បន្ត​ឈ្នះ ១-០ ក្នុង​ជើង​ទី​២​នៅលើ​ទឹកដី RSN កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ការប្រកួត​វគ្គ​១/២​គ្រោង​ចាប់ផ្តើម​ជើង​ទី​១​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា និង​ជើង​ទី​២​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧៕  

© រក្សាសិទ្ធិដោយ thmeythmey.com