ជាតិ
សេដ្ឋកិច្ច
បច្ចុប្បន្ន​កម្ពុ​ជាមាន​អគ្គិសនី​ប្រើប្រាស់ ៨០​ភាគរយ​នៅ​ទូទាំងប្រទេស
28, Nov 2017 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អគ្គិសនី​ប្រើប្រាស់ ៨០​ភាគរយ​នៅ​ទូទាំងប្រទេស ខណៈ​រដ្ឋាភិបាល​មាន​ទិសដៅ​ធ្វើ​ឲ្យ​សម្រេច​ឲ្យ​បាន ១០០​ភាគរយ​នៅ​ឆ្នាំ​២០២០​។ នេះ​បើតាម​លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ថ្នាក់​តំបន់ ស្ដីពី​សន្តិសុខ​ថាមពល​ក្នុងប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV) នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​។​



​រដ្ឋាភិបាល​មាន​ផែនការ​ធ្វើ​ឲ្យ​ភូមិ​ទាំងអស់ មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ឆ្នាំ​២០២០ ខណៈ​បច្ចុប្បន្ន​តំបន់​នៅ​ទូទាំងប្រទេស​ប្រមាណ ៨០​ភាគរយ បាន​ប្រើ​អគ្គិសនី​។ នេះ​ជា​ថាមពល​អគ្គិសនី​ទាំង​របស់​រដ្ឋ និង​ឯកជន​។ ចំពោះ​ការតភ្ជាប់​នឹង​ខ្សែបណ្ដាញ​ជាតិ នាពេល​បច្ចុប្បន្ន​សម្រេច​បាន​៦០​ភាគរយ ហើយ​នៅ​ឆ្នាំ ២០៣០ រដ្ឋាភិបាល នឹង​ភ្ជាប់​ឲ្យ​បាន​យ៉ាងតិច ៧០​ភាគរយ​។​



​កម្ពុជា​នៅ​មិនទាន់​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​ខ្លួនឯង​នោះទេ​។ បើតាម​លោក អ៊ិត ប្រាំង កម្ពុជា​ទិញ​អគ្គិសនី​ពី​ឡាវ​តិចជាង ០,៥​ភាគរយ​, ថៃ ៤,៥​ភាគរយ និង​រៀ​ត​ណា​ម ១៥​ភាគរយ នៅក្នុង​ឆ្នាំ​២០១៧ ។ លោក​ប្រាប់ថា នៅក្នុង​រដូវវស្សា កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់ ដោយ​មិនចាំបាច់​នាំចូល​អគ្គិសនី​ពី​ក្រៅប្រទេស​នោះទេ​។​

​ទោះយ៉ាងណា​ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា​នៅតែ​ខ្ពស់ជាង​ប្រទេសជិតខាង​របស់ខ្លួន​។ លោក អ៊ិត ប្រាំង អះអាងថា រដ្ឋាភិបាល ព្យាយាម​ទម្លាក់​ថ្លៃ​អគ្គិសនី​ជា​បន្តបន្ទាប់​មកទល់ពេលនេះ​។ ប៉ុន្តែ​ស្ថាប័ន​អន្តរជាតិ​ធំៗ អ្នកជំនាញ ក៏ដូចជា​អ្នកជំនួញ នៅតែ​ទទូច​ឲ្យ​បញ្ចុះតម្លៃ​ភ្លើង​បន្ថែមទៀត ដើម្បី​បន្ទាប​ថ្លៃដើម​នៃ​ការផលិត និង​ធ្វើ​អាជីវកម្ម ដែល​នឹង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​ផលិតផល​របស់​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ​៕


Tag:
 អគ្គិសនី​
  អ៊ិត ប្រាំង​
© រក្សាសិទ្ធិដោយ thmeythmey.com