ជាតិ
​​​ន​យោ​បាយ​ជាតិ​
កៅអី​គ្រប់លំដាប់​ថ្នាក់​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចែក​ឲ្យ​បក្ស​ដទៃ រួចរាល់​អស់ហើយ​
02, Dec 2017 , 11:13 am        
រូបភាព
​ភ្នំពេញ​៖ ក្រោយរងការរំលាយចោល ពីសំណាក់តុលាការកំពូល អាសនៈ​៣​លំដាប់ថ្នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួមមាន​អាសនៈ​ជា​សមាជិក​រដ្ឋសភា អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បែងចែក​ទៅ​ឲ្យ​គណបក្ស​នានា អស់ហើយ​។



​អាសនៈ​ជា​សមាជិក​រដ្ឋសភា​ទាំង​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅលើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៤១ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​១១ គណបក្ស​សញ្ជាតិ​កម្ពុជា ចំនួន​២ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ចំនួន​១​។ ការ​ប្រកា​សសុ​ភព​ភាព​ជូន​សមាជិក​រដ្ឋសភា​ថ្មី មកពី​គណបក្ស​ទាំង​៤​ខាងលើ ដែល​ត្រូវ​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សមត្ថកិច្ច​របស់​រដ្ឋសភា​។

​ចំណែក អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៨៦ បាន​ទៅលើ​គណបក្ស​តែ​២​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​៧៨​អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​៨​អាសនៈ​។ រីឯ​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៦៧៩ ក៏បាន​ទៅលើ​គណបក្ស​តែ​២​នេះដែរ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​៦៣៩​អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​៤0​អាសនៈ​។

​ដោយឡែក អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥00៧ ត្រូវបាន​បែងចែក​ទៅ​ឲ្យ​គណបក្ស​ចំនួន​៦ ដោយ​ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​រហូតដល់​ទៅ ៤៥៤៨​អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​២៣៩​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​២0១​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា បាន​១0​អាសនៈ គណបក្ស​យុវជន​កម្ពុជា បាន​៣​អាសនៈ និង​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា បាន​៣​អាសនៈ​។​

​ចំពោះ​សមាជិក​ថ្មី មកពី​គណ​បក្សនានា ដែល​ត្រូវ​ទទួល​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​អាសនៈ​ក្រុមប្រឹក្សាឃុំ​ សង្កាត់ ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ដែន​សមត្ថកិច្ច​របស់​គ​.​ជ​.​ប ផ្ទាល់​តែម្តង ដែល​ត្រូវ​ប្រកាស​សុពលភាព​ជូន​ពួកគេ​។ នេះ​ជាការ​អះអាង​របស់លោក សោម សូ​រី​ដា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប​។ លោក បញ្ជាក់ថា ក្រោយ​គ​.​ជ​.​ប ប្រកាស​សុពលភាព​រួច​ហើយ ក្រសួងមហាផ្ទៃ នឹង​ប្រកាស​តែងតាំង​ជា​ផ្លូវការ នៅពេល​ពួកគេ ចូលកាន់​តំណែងជា​សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

​គ​.​ជ​.​ប តែង​លើកឡើងថា ការបែងចែក​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ដទៃ គឺ​សមស្រប​ទៅតាម​ច្បាប់​ទាំង​៤ ដែល​រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ ច្បាប់​ចំនួន​៤ ដែល​ត្រូវបាន​កែប្រែ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ខ្លឹមសារ​ជារួម​ថា​«​បើ​គណបក្ស​ណាមួយ ត្រូវបាន​រំលាយ រាល់​អាសនៈ​នៃ​គណបក្ស​នោះ ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​»​។​

​យោងតាម​ច្បាប់​ទាំង​៤​ខាងលើ អាសនៈ​ទាំង​៣​លំដាប់ថ្នាក់​ខាងលើ របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវអស់​សុពលភាព ក្រោយ​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបាន​តុលាការ​កំពូល​រំលាយចោល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​មិន​ទទួលស្គាល់​ការសម្រេច​របស់​តុលាការ​កំពូល ហើយ​អះអាងថា ខ្លួន​នៅតែ​ជា​តំណាង​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដដែល​៕


Tag:
 គជប​
  ចែក​អាសន​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com