ជាតិ
កម្ពុជា​នៅសល់​ផ្ទៃដី​ចម្ការមីន​ជាង ២​ពាន់​គីឡូ​ម៉ែត្រក្រឡា​
02, Dec 2017 , 10:19 pm        
រូបភាព
​សៀមរាប​៖ គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​នៅសល់​ចម្ការមីន​ចំនួន ១៤,៦០០ ហើយ​សរុប​ជា​ផ្ទៃដី​ស្មើ​ប្រមាណ ២១១១ គីឡូម៉ែត្រ​ក្រឡា​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អាជ្ញាធរ​មីន​។​



​លោក លី ធុជ អនុប្រធាន​ទី​២ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន បាន​ឲ្យ​ដឹងថា កម្ពុជា​នៅសល់​ផ្ទៃដី​ចម្ការមីន​ប្រមាណ ២១១១​គីឡូម៉ែត្រ​ក្រឡា​។ គិតពី​ឆ្នាំ​១៩៩២ ដល់​ខែតុលា ឆ្នាំ​២០១៧ ស៊ីម៉ាក់ បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី​សរុប​ប្រមាណ ១៦៧.០០០​ហិកតា ដោយ​ក្នុងនោះ​រួមមាន គ្រាប់មីន​ប្រឆាំង​មនុស្ស ១,៧៧៩,០៤៦​គ្រាប់ មីន​ប្រឆាំង​រង​ក្រោះ ៦០,៨២៤​គ្រាប់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ៦,២៥៧,១០២ គ្រាប់ និង​អំបែង ៧៤១,៧១៥,៤៩១ គ្រាប់​។

​ក្នុង​ពិធី​គម្រប់​ខួប​លើក​ទី​២០ នៃ​អនុសញ្ញា​អូ​តា​វ៉ា នៅ​មជ្ឈមណ្ឌល​មេត្តាករុណា នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា លោក លី ធុជ បាន​ឲ្យ​ដឹង​ទៀតថា ទិន្នន័យ​ជនរងគ្រោះ គិត​ចាប់ពី​ឆ្នាំ ១៩៩៧ ដល់​ខែកញ្ញា ឆ្នាំ​២០១៧ សរុប​ទាំងអស់​មាន ៦៤,៧០៥​នាក់ ក្នុងនោះ​គ្រោះថ្នាក់​ដោយសារ​មីន​ចំនួន ៥១,០៥៦​នាក់ និង​គ្រាប់ ៦៤,៩១៣​នាក់​។​

​ក្នុងនោះដែរ តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​របស់​រាជរដ្ឋាភិបាល ឆ្នាំ​២០១៨-២០២៥ កម្ពុជា​គ្រោង​សម្រេច​គោលដៅ​មួយចំនួន​រួមមាន ត្រូវ​ដោះ​ផ្ទៃដី​ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយ​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម ឲ្យ​អស់​ក្នុង​ឆ្នាំ ២០២៥​។ កាត់បន្ថយ​កម្រិត​ទាប​បំផុត នូវ​អត្រា​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម លើកកម្ពស់​ជីវភាពរ​បស់​ជនរងគ្រោះ និង​សហគមន៍​ដែល​រងគ្រោះ​។ ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ និង​អន្តរជាតិ ផ្នែក​វិស័យ​សកម្មភាព​មីន បង្កើត​ការកសាង​សមត្ថភាព​ជាតិ ប្រកបដោយ​ចីរភាព លើ​បញ្ហា​គំរាមកំហែង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រោយ​ឆ្នាំ ២០២៥​។ ធានា​សកម្មភាព​មីន​ឲ្យ​មានការ​គាំទ្រ ដោយ​ប្រព័ន្ធគ្រប់គ្រង​គុណភាព ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព និង​មានការ​ចូលរួម​ពី​យេនឌ័រ និង​ការពារបរិស្ថាន​៕


Tag:
 ចម្ការមីន​
© រក្សាសិទ្ធិដោយ thmeythmey.com