ជាតិ
សង្គមជាតិ
គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ញឹកញាប់​នៅ​តំបន់​ពេជ្រនិល​៖ ការបើកបរ​ធ្វេសប្រហែស និង​អ​បិ​យ​ជំនឿ​
04, Dec 2017 , 9:39 pm        
រូបភាព
ដោយ:
​តំបន់​ពេជ្រនិល ស្ថិតនៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមាន​ចម្ងាយ​ប្រមាណ​ជា​៩៦​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដោយ​ធ្វើដំណើរ​នៅលើ​ផ្លូវជាតិ​លេខ​៤ ។ ប៉ុន្តែ​អ្វីដែល​ត្រូវបាន​គេ​កត់សម្គាល់​នោះ ឃើញថា កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​តំបន់​ពេជ្រនិល​នេះ តែងតែមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងជា​ញឹកញាប់​។ តើ​មូល​ហេតុអ្វី​បានជា​តំបន់​ពេជ្រនិល​នេះ សំបូរ​គ្រោះថ្នាក់​ចរាចរណ៍​?



«​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​វា​អាស្រ័យ​លើ​ការប្រុងប្រយ័ត្ន​របស់​អ្នកបើកបរ​»​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ជំនាញ ស្នងការរង​សណ្ដាប់​ចរាចរណ៍​ខេត្តកំពង់ស្ពឺ លោក តាប់ លន ដែល​បាន​បន្ថែមថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតឡើង​នៅ តំបន់​ជ្រោះ​ពេជ្រនិល​នេះ ដោយសារ​ខ្វះ​ការប្រុងប្រយ័ត្ន និង​បើកបរ​ហួស​ល្បឿន​កំណត់ ទោះបី​ជាមាន​ស្លាក​សញ្ញា​កំណត់​ល្បឿន​ក្ដី​។​



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ស្នងការរង​សណ្ដាប់​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​និយាយថា​៖« ឧបទ្ទវហេតុ​តែង​តែង​កើតមានឡើង​នេះ​ដោយសារ តែ​អ្នកបើកបរ​មួយចំនួន បើកបរ​លើស​ល្បឿន​ហួសកំណត់ ខ្វះ​ការប្រុងប្រយ័ត្ន នៅពេល​ថ្ងៃ​។ ហើយ​នៅពេល​យប់​មាន​សភាព​ងងឹត​មិនមាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ ហើយ​អ្នកបើកបរ​ឆ្លងកាត់​ទាំង​ប្រថុយប្រថាន​ក៏បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​។ ម្យ៉ាងទៀត​សភាព​ផ្លូវ​នៅ​តំបន់​នោះ​កោង​ខ្លាំង ដែល​តែងតែមាន​គ្រោះថ្នាក់​ព្រោះ​អ្នកបើកបរ​នៅតែ​មិន​គោរព ហើយ​នៅតែ​បើក​លឿន ទោះបី​ជាមាន​ស្លាក​សញ្ញា​ចរាចរណ៍​កំណ​ត់​ល្បឿន​ក្ដី ។ ដូច្នេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​បន្ថយល្បឿន ហើយ​កុំ​ជែង​វ៉ា​គ្នា​ទោះជា​ប្រញាប់​យ៉ាងណាក៏ដោយ នៅពេល​ធ្វើដំណើរ​ដល់​ចំណុច​នេះ »​។​


 
​ក្រៅពី​បញ្ហា​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​នេះ ការមិន​គោរព​ប្រតិបត្តិ​បន់ស្រន់​លោកយាយ​ម៉ៅ ដើម្បី​សុំ​សេចក្តីសុខ​តាមបែប​អ​បិ​យ​ជំនឿ​នោះ ក៏​អាចជា​រឿង​គួបផ្សំ​ផងដែរ​។ នេះ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក តាប់ លន ដែល​បាន​បន្ថែមថា​៖«​ចំពោះ​អ​បិ​យ​ជំនឿ​នៃ​ការ​បន់ស្រន់​វិញ​នៅ​ពេជ្រនិល​គឺ​តាម​អ្នក​ដែល​គេ​ជឿ ព្រោះ​អ្នកដំណើរ​ដែល​គេ​ជឿ​តែងតែ​ឈប់​ហើយ​ចូលទៅ​បន់ស្រន់​សុំ​សេចក្ដីសុខ​ពី លោក យាយ​ម៉ៅ ។​សម្រាប់ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏មាន​ជំនឿ​ផងដែរ ប៉ុន្តែ​ចំពោះ​អ្នក​មិន​ជឿ​ទៅតាម​គេ​ម្នាក់ៗ​។​


 
​លទ្ធផល​គ្រោះថ្នាក់​ចរ​ចរណ៍​មួយខែ​ចុងក្រោយ ចាប់ពី​ថ្ងៃទី​១០ ខែតុលា ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៤ កើតឡើង​ចំនួន ១០​លើក មនុស្ស​ស្លាប់​ចំនួន ១៨​នាក់ និង​របួស ១៦​នាក់​។ យោងតាម​របាយការណ៍​សណ្ដាប់ធ្នាប់​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​។​

​តាម​របាយការណ៍​ដដែល មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលមកពី បើ​កក​លើស​ល្បឿន​កំណត់ បើកបរ​ឆ្លងកាត់​មិន​គោរព​សិទ្ធិ​អាទិភាព វ៉ា​ជែង​ក្នុងស្ថានភាព​នៃ​គ្រោះថ្នាក់ និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជាដើម​។ សូមបញ្ជាក់ថា កាលពី​ថ្មីៗ​កន្លងទៅ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ខែ​មុននេះ ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​ទូរទស្សន៍​លេខ​៥ លោក ស ងួន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តំបន់​ពេជ្រនិល ក្នុងស្រុក​ភ្នំស្រួច នៃ​ខេត្តកំពង់ស្ពឺ​។ ហេតុការណ៍​នោះបាន​បណ្ដាល​ឲ្យ ភរិយា របស់លោក​ស្លាប់​នៅនឹងកន្លែង ហើយ​លោក និង​កូនស្រី​រងរបួស​យ៉ាងដំណំ​ផងដែរ​៕

Tag:
 គ្រោះថ្នាក​ចរាចរណ៍​
 ​ ជ្រោះ​ពេជ្រនិល​
 ​ តាប់ លន
© រក្សាសិទ្ធិដោយ thmeythmey.com