ជាតិ
សេដ្ឋកិច្ច
អ្នកចិញ្ចឹមជ្រូក បន្តសុំអន្តរាគមន៍ពីរដ្ឋាភិបាលលើការរឹតបន្តឹងជ្រូកនាំចូល
× ភ្នំពេញ៖ អ្នកចិញ្ចឹមជ្រូក បន្តអំពាវនាវស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលចំពោះការហូរចូលជ្រូកពីប្រទេសវៀតណាម ខណៈដែលពួកគេអះអាងថារងការខាតបង់ និងអ្នកមួយចំនួនបានផ្អាកអាជីវកម្ម ជាបន្តបន្ទាប់។
ចាប់ពីខែមេសាឆ្នាំនេះ អ្នកចិញ្ចឹមជ្រូក បានអំពាវនាវ និងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជាច្រើនដង ចំពោះការហូរចូលជ្រូកពីប្រទេសវៀតណាម ដែលអ្នកទាំងនោះអះអាងថាបានធ្វើឲ្យតម្លៃជ្រូករស់ ធ្លាក់ថ្លៃក្រោមថ្លៃដើមផលិតរបស់អ្នកចិញ្ចឹមក្នុងស្រុក។ ហើយនៅថ្ងៃទី៤ខែវិច្ឆិកានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានរៀបចំសន្និសីទមួយជុំវិញបញ្ហាដដែលនេះ ដើម្បីទទួលបានការអន្តរាគមន៍របស់រដ្ឋាភិបាល។
ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលធ្វើវាគ្មិនក្នុងសន្និសីទនោះ បានលើកឡើងថា ចូលដល់ឆ្នាំ២០១៧នេះ អ្នកចិញ្ចឹមជ្រូកក្នុងស្រុករងការខាតបង់ខ្លាំងណាស់ ដោយសារតែការហូរចូលយ៉ាងច្រើននៃជ្រូករស់ពីប្រទេសវៀតណាម ដែលបានវាយទម្លាក់តម្លៃជ្រូកក្រោមថ្លៃដើម។ វាគ្មិនបានបន្ថែមថា តម្លៃជ្រូករស់បានធ្លាក់ថ្លៃនៅត្រឹម ៥០០០ ទៅ៦០០០រៀលក្នុងមួយគីឡូក្រាម ខណៈថ្លៃដើមត្រូវចំណាយរង្វង់ ៧០០០រៀលឯណោះ។ តំណាងសមាគមប្រាប់ថា សមាជិករបស់សមាគមផ្នែកចិញ្ចឹមជ្រូកប្រមាណ ៥០ភាគរយបានផ្អាកការចិញ្ចឹមរបស់ខ្លួន ដែលបណ្ដាលពីបញ្ហាខាងលើនេះ។
សមាគមបានស្នើរដ្ឋាភិបាលមានវិធានការចំពោះជ្រូកនាំចូល ដោយធ្វើយ៉ាងណាកុំឲ្យជ្រូកទាំងនោះត្រូវបានលក់ក្រោមថ្លៃដើមរបស់អ្នកក្នុងស្រុក។ អ្នកតំណាងសមាគម ឲ្យដឹងថា ការនាំចូលក្រៅច្បាប់ តាមរយៈការនាំចូលជ្រូកដឹកតាមម៉ូតូ និងរថយន្តតូចៗ ជាចំនួនដែលមិនអាចគ្រប់គ្រងបាន និងមិនស្ថិតក្រោមចំនួនកូតារបស់ក្រសួងកសិកម្មនោះទេ។ វាគ្មិនប៉ាន់ស្មានថា ជ្រូកនាំចុលខុសច្បាប់ក្នុងមួយថ្ងៃពីចន្លោះពី ១៥០០ក្បាល ទៅ ១៨០០ក្បាល។ រីឯកូតារបស់ក្រសួងដែលកំណត់ ១២៥០ក្នុងមួយថ្ងៃ សមាគមលើកឡើងថាជាចំនួនអនុវត្តបានតែជាមួយក្រុមហ៊ុននាំចូលប៉ុណ្ណោះ។
តំណាងសមាគមនេះ លើកឡើងទៀតថា សមាគមបានដាក់លិខិតទៅក្រសួងកសិកម្ម អគ្គនាយកដ្ឋានកាំកុងត្រូល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឲ្យជួយរឹតបណ្តឹងការនាំចូលជ្រូក ប៉ុន្តែមិនទទួលការឆ្លើយតបពីស្ថាបប័ន អង្គភាពទាំងនោះទេ មកទល់ពេលនេះ។ ទោះយ៉ាងណា អ្នកនៅក្នុងវិស័យចិញ្ចឹមសត្វទាំងនោះ មានប្រសាសន៍ថា ខ្លួននៅតែបន្តសកម្មភាពតាមដាននាំចូលជ្រូក និងស្វែងរកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធបន្តទៀត។
វាគ្មិនក្នុងសន្និសីទនេះ រួមមាន លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា, លោក ជេត ភិរម្យ អនុវប្រធាន, លោក តាយា ក្រែងគ្រីវិត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម លោក ប៊ុន ហៀង សមាជិកក្រុមប្រឹក្សាភិបាល និងលោក មុត ពិសិដ្ឋ តំណាងក្រុមហ៊ុនស៊ីភីកម្ពុជា។
បើតាម លោក ហឿន ដែលជាអ្នកកាប់ និងលក់សត្វជ្រូកនៅខេត្តកណ្ដាល ជ្រូកដែលលោកលក់សព្វថ្ងៃ គឺផ្គត់ផ្គង់ដោយក្រុមហ៊ុនស៊ីភី ក្នុងមួយគីឡូ ៦២០០រៀល ដឹកមកដល់ផ្ទះ ខណៈជ្រូកវៀតណាមតម្លៃ ៥៨០០រៀល។
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម លោក សេន សុវណ្ណ អះអាងប្រាប់សារព័ត៌មានថ្មីៗថា មិនមានការហូរចូលជ្រូកពីប្រទេសវៀតណាមច្រើនដូចការលើកឡើងរបស់សមាគមចិញ្ចឹមសត្វនោះទេ ព្រោះថ្លៃជ្រូកក្នុងប្រទេសវៀតណាមប្រហាក់ប្រហែលកម្ពុជាដែរ។ លោកប្រាប់ថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានតែក្រុមហ៊ុនពីរប៉ុណ្ណោះ ដែលនាំចូលជ្រូកប្រហែល ៣០០ក្បាលក្នុងមួយថ្ងៃ ពោលគឺមិនដល់កូតារបស់ក្រសួងនោះទេ។
លោក សេន សុវណ្ណ មានប្រសាសន៍ថា បើអ្នកលក់ជ្រូក ដឹកជញ្ចូនជ្រូកយកទៅលក់នៅសត្វឃាតដ្ឋាន (កុងស៊ី) នោះនឹងបានថ្លៃជាងនេះ។ លោកឲ្យដឹងដូច្នេះថា៖«ជ្រូកលក់បានថោក ដោយសារអត់ដឹកឲ្យកុងស៊ី»។ លោកបន្ថែមថា កុងស៊ីនៅភ្នំពេញ ក្នុងពេលថ្មីៗនេះ ទិញជ្រូកដែលល្អគឺ ៦៥០០រៀលក្នុងមួយគីឡូក្រាម និងថោកបំផុតគឺ ៥៨០០រៀល។ លោកថែមទាំងទម្លាក់តួនាទីនេះទៅសមាគមចិញ្ចឹមសត្វថា សមាគមគួរប្រមូលតម្លៃនៅតាមកុងស៊ី និងយកទៅប្រាប់កសិករ។
ចំពោះការដឹកជញ្ជូនជ្រូកទ្រង់ទ្រាយតូចខុសច្បាប់ ដែលសមាគមបានលើកឡើងក្នុងសន្និសីទ លោក សេន សុវណ្ណ បានថ្លែងដូច្នេះថា៖«ខ្ញុំបានដាក់កម្លាំងចុះទៅមើលហើយ គឺនាំចូលតាមម៉ូតូជាប់ព្រំដែន ដែលពលរដ្ឋធ្វើបែបនេះជាទម្លាប់មកហើយ រឿងអ្វីយកមកផ្គត់ផ្គង់ទីផ្សារបាន»។
លោក សេន សុវណ្ណ បានជំរុញឲ្យអ្នកចិញ្ចឹមជ្រូកពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារសេរី។ លោកថ្លែងដូចនេះថា៖«វាលែងជាការចិញ្ចឹមមួយក្បាលពីរក្បាលលក់ក្នុងភូមិហើយ តែជាការចិញ្ចឹមបែបឧស្សាហកម្ម»។ លោកបានជំរុញឲ្យអ្នកចិញ្ចឹមជ្រូកវិនិយោគបន្ថែមលើការងារបច្ចេកទេស ដើម្បីចំណាយកាន់តែតិច និងតាមទាន់ការចិញ្ចឹមរបស់ប្រទេសជិតខាង។
ចំពោះការបន្តបើកឲ្យនាំចូលជ្រូក លោក សេន សុវណ្ណ បញ្ជាក់ថា រដ្ឋាភិបាលមិនអាចបិទបាននោះទេ ព្រោះដើម្បីរក្សាស្ថិរភាពថ្លៃ និងចៀសវាងការចំណេញបានទៅតែអ្នកចិញ្ចឹម តែប៉ះពាល់ប្រជាជនមួយភាគធំ។
បើតាមអ្នកនៅក្នុងវិស័យនេះ ដែលបានលើកឡើងកន្លងមក អ្នកចិញ្ចឹមក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គត់ជ្រូករស់ប្រមាណ ៦០ភាគរយនៃតម្រូវការទីផ្សារ៕
© រក្សាសិទ្ធិដោយ thmeythmey.com