English-Français
តារាល្បីៗ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
តារាល្បីហ្វីលីពីន Jodi ក្រោកម៉ោង៣ទៀបភ្លឺ ចាំមើលព្រះអាទិត្យរះនៅអង្គរវត្ត
× នាដើមខែធ្នូនេះ តារាភាពយន្តល្បីឈ្មោះរបស់ហ្វីលីពីន Jodi Sta. Maria បានធ្វើដំណើរកម្សាន្តជាលក្ខណៈឯកជនមកខេត្តសៀមរាបដើម្បីទស្សនាប្រាសាទនានារបស់ខ្មែរ និងបានបន្តមកទស្សនារាជធានីភ្នំពេញផងដែរ។ បេក្ខជននៃពានរង្វាន់ Emmy Award ឆ្នាំ២០១៦ របស់ហ្វីលីពីន ដែលមានឈ្មោះកំណើតថា Jodi Chrissie Garcia Santamaria បានផ្តល់បទសម្ភាសផ្តាច់មុខដល់សារព័ត៌មានថ្មីៗ ដើម្បីនិយាយអំពីអារម្មណ៍រំភើបរបស់គាត់នៅក្នុងប្រទេសកម្ពុជា។
សូមទស្សនាវីដេអូសម្ភាសរបស់Jodi ដែលបង្ហាញកាយវិការដ៏រស់រវើក
Jodi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយលោក គី សុខលីម អ្នកកាសែតនៃសារព័ត៌មានថ្មីៗថា ការដែលអ្នកស្រីបានមកកម្សាន្តនៅកម្ពុជាដើម្បីទស្សនាប្រាសាទអង្គរវត្ត គឺជា ក្តីសុបិន្តមួយរបស់អ្នកស្រីដែលក្លាយជាការពិត។ អ្នកស្រីបានឃើញរូបថតជាច្រើន និងព័ត៌មានច្រើននិយាយពីប្រាសាទអង្គរវត្ត។ អ្នកស្រីបានទស្សនាភាពយន្ត Tomb raider ដែលបង្ហាញតួស្រីហូលីវូត Angelina Jolie សម្តែងនៅក្នុងប្រាសាទបុរាណខ្មែរ។ ទាំងអស់នេះហើយដែលកាន់ជំរុញតារាភាពយន្តហ្វីលីពីនឲ្យមកទស្សនាខេត្តសៀមរាបរបស់កម្ពុជា។
មិនមែនតែប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិលោករបស់ខ្មែរមួយទេដែល Jodi Sta. Maria ចង់ឃើញ។ នៅក្នុងបទសម្ភាស Jodi បានគិតតាំងពីប្រទេសកំណើតរបស់ខ្លួនថា គាត់នឹងសាកល្បងបរិភោគសត្វអាពីងនៅទីប្រជុំជនស្គន់។ ផ្ទុយទៅវិញ ពេលមកដល់កន្លែងផ្ទាល់ Jodi បែរជាខ្លាច និងរត់ចូលទៅអង្គុយក្នុងរថយន្តវិញ។ Jodi ខ្លាចអាពីង។
Jodi បានថ្លែងទាំងរីករាយប្រាប់សារព័ត៌មានថ្មីៗថា អ្នកស្រីស្រឡាញ់សៀមរាប ស្រឡាញ់ភ្នំពេញ និងស្រឡាញ់ប្រជាជនខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com