កីឡាអន្តរជាតិ
អន្តរជាតិ
IOC ហាម​រុស្ស៊ី​ចូលរួម​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​
06, Dec 2017 , 11:19 pm         2746
រូបភាព
​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បានសម្រេច​ហាម​រុស្ស៊ី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ ដែល​ទីក្រុង​ព្យុង​ឆាង របស់​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​ជុំវិញ​រឿងអាស្រូវ​បន្លំ​លទ្ធផល​ធ្វើតេស្ត​រក​សារធាតុ​ហាមឃាត់​។ មន្ត្រី​កីឡា​សំខាន់ៗ​របស់​រុស្ស៊ី​ត្រូវបាន​ដាក់ពិន័យ​ចំពោះ​កំហុស​នេះ ប៉ុន្តែ​អត្ត​ព​លិ​ក​រុស្ស៊ី​ដែល​ស្អាតស្អំ មាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដដែល​ក្រោម​លក្ខខណ្ឌ​តឹងរ៉ឹង​បំផុត​។​


​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នៅ​ថ្ងៃទី​៥ ខែធ្នូ បាន​បញ្ចេញ​របាយការណ៍​ស៊ើបអង្កេត​របស់ខ្លួន​ជុំវិញ​រឿងអាស្រូវ​ប្រើប្រាស់​សា​ធាតុ​ហាមឃាត់​ក្នុងចំណោម​អត្ត​ព​លិ​ក​រុស្ស៊ី​។ ជា​លទ្ធផល IOC រកឃើញ​ភស្តុតាង​បង្ហាញ​ពី​ការ​បំភ្លៃ​ជា​ប្រព័ន្ធ​ពី​សំណាក់​រុស្ស៊ី​ពាក់ព័ន្ធ​ការធ្វើ​តេស្ត​រក​សារធាតុ​ហាមឃាត់​។ លទ្ធផល​នេះ ត្រូវបាន​រកឃើញថា​ក្រុម​ស៊ើបអង្កេត​ពិសេស​ពីរ​ក្រុម ដោយ​មួយក្រុម​ផ្ដោតលើ​អត្ត​ព​លិ​ក និង​មួយក្រុម​ទៀត​ស្វែងរក​ការពិត​ក្នុងចំណោម​មន្ត្រី​រុស្ស៊ី​។​

​ក្នុង​សេចក្ដីប្រកាស​របស់​ស្ថាប័ន​អូឡាំពិក​អន្តរជាតិ គណៈកម្មាធិការ​អូឡាំពិក​រុស្ស៊ី​ត្រូវ​ហាមឃាត់​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ នៅ​កូរ៉េខាងត្បូង​។ ប៉ុន្តែ​ក្នុងន័យ​ផ្ដល់ឱកាស​ឲ្យ​អត្ត​ព​លិ​ក​រុស្ស៊ី​ដែល​គ្មាន​កំហុស គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ បានផ្ដល់​សិទ្ធិ​ឲ្យ​អត្ត​ព​លិ​ក​ទាំងនោះ​ចូលរួម​ប្រកួត​ដោយ​ប្រើប្រាស់​ទង់​អ​ព្យា​ក្រិត ក្នុងករណី​ពួកគេ​ឆ្លងកាត់​លក្ខខណ្ឌ​តឹងរ៉ឹង​ដើម្បី​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់ខ្លួន​។​

​ការចូលរួម​ប្រកួត​ក្រោម​ទង់​អា​ព្យា​ក្រិត​នេះ​មានន័យថា អត្ត​ព​លិ​ក​រុស្ស៊ី​ទាំងអស់​គ្មាន​សិទ្ធិ​ចូលរួម​កម្មវិធី​បើក​ព្រឹត្តិការណ៍​ឡើយ ហើយ​ភ្លេងជាតិ​រុស្ស៊ី​ក៏​មិនត្រូវ​បាន​បន្លឺ​ដែរ បើ​អត្ត​ព​លិ​ក​រុស្ស៊ី​ណាមួយ​ឈ្នះ​មេដាយមាស​នោះ​។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្លាប់​អះអាងថា សេណា​រី​យ៉ូ​បែបនេះ គឺជា​ប្រមាថ​ដ៏​ធំ​សម្រាប់​រុស្ស៊ី​។ ជាមួយគ្នានេះ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​រុស្ស៊ី​ត្រូវអស់​សមាជិកភាព​នៅ IOC ឯ​មន្ត្រី​កីឡា​រុស្ស៊ី​ត្រូវ​ហាមឃាត់​ចូលរួម​អូឡាំពិក​មួយជីវិត​។​

​ជាមួយគ្នានេះ IOC ក៏​ពិន័យ​រុស្ស៊ី​ជា​ទឹកប្រាក់​ចំនួន​១៥​លាន​ដុល្លារ ដើម្បី​ទូទាត់​ការចំណាយ​របស់​ក្រុម​ស៊ើបអង្កេត​ពិសេស ដែល​ធ្វើការ​រយៈពេល​១៧​ខែ ក៏ដូចជា​សម្រាប់​បង្កើត​អាជ្ញាធរ​ធ្វើតេស្ត​ឯករាជ្យ (ITA)​។ អាជ្ញាធរ​នេះ​នឹង​ទទួលខុសត្រូវ​លើ​ការបង្កើត​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​ក​រុស្ស៊ី​ស្អាតស្អំ ដែល​ត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​នៅ​កូរ៉េខាងត្បូង ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុងយ៉ាង​។​

​រឿងអាស្រូវ​នៃ​ការ​បំភ្លៃ​លទ្ធផល​បែកធ្លាយ​ក្នុង​ឆ្នាំ​២០១៦ មុន​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្ដៅ​នៅ​ប្រេ​ស៊ី​ល​។ របាយការណ៍​របស់ Richard McLaren បង្ហាញថា អត្ត​ព​លិ​ក​រុស្ស៊ី​ច្រើនជាង​១​ពាន់​នាក់​ក្នុងចំណោម​កីឡា​ច្រើនជាង​៣០​ប្រភេទ ជាប់​ពាក់ព័ន្ធ​ក្នុងការ​បិទបាំង​លទ្ធផល​ធ្វើតេស្ត​រកសា​ធាតុ​ហាមឃាត់​ក្នុង​រយៈពេល​៥​ឆ្នាំ​។ យ៉ាងណាក្ដី រុស្ស៊ី​បាន​ទាត់ចោល​ការចោទប្រកាន់​លើ​ការ​លូកដៃ​របស់​រដ្ឋាភិបាល តែ​សារភាពថា អត្ត​ព​លិ​ក​ខ្លួន​ពិតជា​បំពាន​ច្បាប់​ស្ដីពី​ការហាមឃាត់​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​៕

Tag:
 IOC
  រុស្ស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...910next