ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា ប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​១៦​នាក់​ជា​ផ្លូវការ​
07, Dec 2017 , 9:09 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រដ្ឋសភា​ពេញអង្គ បានប្រកាស​សុពលភាព​តំណាងរាស្ត្រ​ថ្មី​១៦​រូប ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៧ ធ្នូ​នេះ ដោយ​សំឡេងគាំទ្រ​ជាឯកច្ឆ័នពី​សមាជិកសភា​ចំនួន​១០២លើ១០២ កូរ៉ុម​។​


 
​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​មកពី​កូតា​គណបក្ស​ប្រជាជនមាន​ចំនួន​១៥​នាក់ រួមមាន លោក សៀង ស៊ុត​ថង លោក អ៊ី សំអុល លោក ម៉ា ឈឿន លោកស្រី ខុន ស៊ុន​អេង លោក គោ​ស៊ុំ សារឿ​ត លោក ជៀប ស៊ី​វន លោក ពេជ្រ គឹម​ស្រ៊ាង លោក លី ឆេង និង​លោក ម៉ុម ស៊ីបុន​។ រីឯ​លោក ឡុង ប៊ុ​ន្នី  និង​លោក វ៉ាន សំអឿន ដែលជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ទទួល​កៅអី​ក្នុង​រដ្ឋសភា​ដែរ ដោយ​សារបាន​ចូលរួម​អាជីព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​
 
​ចំណែក​បេក្ខជន​ថ្មី​៤​នាក់​ផ្សេងទៀត ដែលមាន លោក សុខ ប៊​ន លោក អ៊ុក ដាម​រី លោក ជុំ យុ​ហៀន និង​លោក ពៅ សាមី ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ជំនួស​អតីត​តំណាងរាស្ត្រ​លោក សុខ ឥសាន លោក ហែម ខន លោក អាយ ខន និង​លោក ម៉ម ជុន​ហ៊ុយ ដែល​បាន​លាលែង​តួនាទី ដើម្បី​ទៅ​ឈរ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​វិញ​។  
 
​រីឯ​តំណាងរាស្ត្រ​ថ្មី​មក​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​លោក ប៉ោ ប៊ុន​ស្រ៊ី ត្រូវដាក់​ជំនួស​លោក នុត សុខុម ដែល​ត្រូវបាន​សភា​ប្រកាស​សុពលភាព​ឲ្យ​ក្លាយជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​)​។​
 
​ក្រោយពី​សភា​ប្រកាស​សុពលភាព​រួច អ្នកតំណាងរាស្ត្រ​ខាងលើនេះ នឹងត្រូវ​ចូល​ស្បថ​នៅក្នុង​ព្រះបរមរាជវាំង នៅ​ថ្ងៃទី​៧ ធ្នូ​នេះ​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា នៅពេលនេះ​រដ្ឋសភា មាន​តំណាងរាស្ត្រ​គ្រប​ចំនួន​អាសនៈ​១២៣​រូប​ហើយ ក្រោយពី​គណៈកម្មាធិការ​បាន​យក​កៅអី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥ បែងចែក​ឲ្យ​ទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន ៤១​កៅអី គណបក្ស​សញ្ជាតិ​កម្ពុជា​២​កៅអី គណបក្ស​ខ្មែរ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច​១​កៅអី ហើយ​គណបក្ស​ប្រជាជន​ឡើង​៧៩​កៅអី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com