ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់តែ​ហាត់ប្រាណ​សុខៗ​ស្រាប់តែ​ឈប់ តើ​មាន​អ្វី​កើត​ឡើងទៅ​?
08, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការធ្វើសកម្មភាព​រាង​កាយ​នឹង​ជួយ​ឲ្យ​មាន​សុខ​ភាពល្អ និង​សប្បាយចិត្ត​។ ថ្វីបើ​អ្នកត្រូវការ​ពេលខ្លះ​ជាសះស្បើយ​ពី​ជំងឺ ការមិន​បាន​ហាត់ប្រាណ​រយៈពេល​យូរ អាច​នាំ​ឲ្យ​ថយចុះ​ទំហំ​សាច់ដុំ កើន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន លើស​ជាតិ​ស្ករ និង​លើស​សម្ពាធ​ឈាម​ផង​។ ដោយសារតែ​ការហាត់​ប្រាណ​ជម្រុញ​ដល់​ការបញ្ចេញ​សារធាតុ Endorphins ដែលជា​អ័រម៉ូន​ជួយ​ឲ្យ​មាន​អារម្មណ៍ល្អ ដូច្នេះ​ការដែល​កង្វះ​សកម្មភាព​នេះ​អាចធ្វើ​ឲ្យ​អ្នក​ពិបាកចិត្ត និង​ខឹង​បាន​។ ការហាត់​ប្រាណ​ទៀងទាត់ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​នឹង​ជួយ​រក្សា​ភាព​សមសួន និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​បាន​។



​នៅពេល​អ្នក​ខាន​ហាត់ប្រាណ​ពីរ​បី​ថ្ងៃ វា​ពិតជា​ងាយ​ធ្វើ​ឲ្យ​អ្នក​ចង់​ខាន​ហាត់​ទៀត​ណាស់ ហើយក៏​លែង​ហាត់​រហូត​ក៏មានដែរ​។ យ៉ាងណាមិញ កាលណា​អ្នក​ខាន​ហាត់ប្រាណ​ច្រើនជាង​ពីរ​សប្តាហ៍​អ្នកនឹង​សម្គាល់​ឃើញ​ការប្រែប្រួល​ខាងក្រោម​នេះ​កើតឡើង​ក្នុង​រាងកាយ​ជាមិនខាន​។​

​លើស​សម្ពាធ​ឈាម​
​សកម្មភាព​រាងកាយ​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​ដោយសារតែ​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ធំ​។ រឿងនេះ​នឹង​ពង្រឹង​ដល់​របត់​ឈាម​រត់ និង​បង្កើន​លំហូរ​ឈាម​បាន​បណ្តោះអាសន្ន​។ នៅពេល​អ្នក​ឈប់​ហាត់ប្រាណ​រយៈពេល​យូរ សម្ពាធ​ឈាម​នឹង​កើនឡើង​ក្នុង​សរសៃឈាម​នៅពេល​កន្ត្រាក់​ម្តងៗ​។​

​បង្កើន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​
​ទោះបីជា​អ្នក​ឈប់​ហាត់ប្រាណ​ក៏ដោយ អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន​បន្ថែម​អំពី​អ្វីដែល​អ្នក​បាន​ញ៉ាំ​។ ការដែល​បង្កើន​ការ​ញ៉ាំ​មាន​កាឡូរី​ខ្ពស់ ហើយ​មិនបាន​រំលាយ​វា​ចេញ​គ្រប់គ្រាន់​ទេ វា​ពិតជា​អាច​បង្ក​ជា​ផល​អវិជ្ជមាន​ដល់​រាងកាយ​បាន​។ ការបន្ថយ​សកម្មភាព​រាងកាយ ហើយ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ទៀត​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់ និង​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​។​

​បន្ថយ​ទំហំ​សាច់ដុំ​
​បើសិនជា​អ្នកប្រើប្រាស់​ការហាត់​ប្រាណ​ដោយ​ការ​លើ​ទម្ងន់ នោះ​សាច់ដុំ​ដែល​ធ្លាប់តែ​ធំ​នឹង​តូច​ជាង​មុន​នៅពេល​ខាន​ហាត់​យូរ​។ ទំហំ​សាច់ដុំ​មិនមែនជា​អ្នកកំណត់​ភាពរឹងមាំ​របស់​អ្នក​ទេ​។ នៅពេល​អ្នក​ឈប់​ហាត់ប្រាណ ទោះបីជា​ទំហំ​សាច់ដុំ​ថយចុះ​ក៏ដោយ តែ​កម្លាំង​នៅតែមាន​ដដែល​អញ្ចឹងទេ​។​

​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​
​ការហាត់​ប្រាណ​គឺជា​ការប្រើប្រាស់​ជាតិ​ស្ករ​ក្នុង​ខ្លួន​ដើម្បី​បង្កើន​ថាមពល​។ ការរស់នៅ​ក្នុង​របៀប​រស់នៅ​ដែល​ស៊ី​ដេកៗ​អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​បេះដូង​និង​ទឹកនោមផ្អែម​បាន​។ ការថយចុះ​សកម្មភាព​រាងកាយ​ក៏​បណ្តាល​ឲ្យ​ថយចុះ​នៃ​ប្រសិទ្ធភាព​របស់​អាំង​ស៊ុយ​លីន ដូច្នេះ​រាងកាយ​នឹង​មិនអាច​ប្រើប្រាស់​ជាតិ​ស្ករ​បង្កើតជា​ថាមពល​បានទេ​។​

​អារម្មណ៍​ប្រែប្រួល​
​ការហាត់​ប្រាណ​នឹង​ជម្រុញ​ដល់​ការបញ្ចេញ​សារធាតុ Endorphins ក្នុង​រាងកាយ ដែល​អាច​ពង្រឹង​ដល់​អារម្មណ៍ល្អ​បាន​លឿន​។ ផ្ទុយទៅវិញ បើសិនជា​អ្នក​មិនបាន​ហាត់ប្រាណ​រយៈពេល​យូរ អ្នកនឹង​ងាយ​មាន​អារម្មណ៍​ស្ត្រេ​ស ឬ​ថប់​ក្នុង​អារម្មណ៍​ច្រើន​។ ការដែល​កង្វះ​ការហាត់​ប្រាណ​អាចធ្វើ​ឲ្យ​ពិបាក​ដោះស្រាយ​នឹង​ភាព​ស្ត្រេ​ស​ណាស់​។ បើសិនជា​អ្នក​កំពុងតែ​ជួប​បញ្ហា​បាក់​ទឹកចិត្ត​ទៀត យក​ល្អ​គួរតែ​កុំ​ឈប់​ហាត់ប្រាណ​អី ព្រោះ​វា​អាចជួយ​អ្នកធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ឡើងវិញ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com