អន្តរជាតិ
សង្គ្រាមឧបទ្វីបកូរ៉េ? កូរ៉េខាងជើងថា សំណួរពេលនេះគឺសង្គ្រាមនឹងផ្ទុះពេលណា?
× កូរ៉េខាងជើងបានបរិហារសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងធ្វើនៅឧបទ្វីបកូរ៉េ និងសម្ដីរបស់មន្ត្រីអាមេរិកដែលលើកឡើងពីលទ្ធភាពដែលសង្គ្រាមអាចផ្ទុះឡើងនៅឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងចាត់ទុកសមយុទ្ធមិនចប់មិនចេះហើយរបស់អាមេរិកជាការដុតកម្ដៅសង្គ្រាមនុយក្លេអ៊ែរ ដែលអាមេរិកនឹងទទួលផលសងវិញមិនខាន។ មន្ត្រីក្រុងព្យុងយ៉ាងអះអាងថា កូរ៉េខាងជើងមិនត្រូវការសង្គ្រាមឡើយ តែក៏មិនបោះបង់ការត្រៀមខ្លួនធ្វើសង្គ្រាមដែរ។
ពេលនេះ អាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ ដែលមានវត្តមានយន្តហោះចម្បាំងស៊េរីទំនើបៗជាច្រើនគ្រឿង ដែលជាការសម្ញែងអានុភាពដាក់កូរ៉េខាងជើងផង និងពង្រឹងសមត្ថភាពយោធាផង។ ស្របគ្នានោះ មន្ត្រីអាមេរិកនៅឯក្រុងវ៉ាស៊ិនតោនឯណោះ នាំគ្នាក៏បន្ទរជាបន្តបន្ទាប់ថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែឈានទៅរកសង្គ្រាម ហើយអាមេរិកគួរជម្លៀសប្រជាជនខ្លួនឲ្យហើយ។
ក្នុងវិចារណកថាចុះផ្សាយលើទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានរិះគន់សមយុទ្ធជាច្រើនលើករបស់អាមេរិក ដែលបានបង្កើតជាស្ថានភាពមិនច្បាស់លាស់នៅឧបទ្វីបកូរ៉េ ក៏ដូចជាមន្ត្រីអាមេរិកដែលលើកឡើងពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅកូរ៉េដែរ។ អ្នកនាំពាក្យដដែលបន្តថា ស្ថានភាពបែបនេះធ្វើឲ្យការផ្ទុះសង្គ្រាមកូរ៉េគឺជាការពិត ហើយសំណួរចុងក្រោយ គឺសង្គ្រាមផ្ទុះនៅពេលណាប៉ុណ្ណោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap ។
ខណៈដែលសមយុទ្ធរួមគ្នាកំពុងរៀបចំនៅកូរ៉េខាងត្បូង មន្ត្រីក្រុងវ៉ាស៊ិនតោនក៏បានធ្វើសង្គ្រាមវោហារសាស្ត្រដែរ។ កាលពីចុងសប្ដាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក H.R. McMaster ព្រមានថា ពីមួយថ្ងៃទៅមួយថ្ងៃ ឧបទ្វីបកូរ៉េកំពុងដើរទៅរកសង្គ្រាមហើយ។ ឯសមាជិកព្រឹទ្ធសភាអាមេរិក Lindsey Graham ក៏ស្នើឲ្យមានការជម្លៀសប្រជាជនអាមេរិកពីកូរ៉េខាងត្បូងដែរ។ កូរ៉េខាងជើងចាត់ទុកសម្ដីទាំងនេះ ជាការព្រមាន ដែលចាំបាច់ត្រូវឆ្លើយវិញ។
អ្នកនាំពាក្យក្រសួងបរទេសខាងលើអះអាងថា៖ «សម្ដីរបស់មន្ត្រីអាមេរិក ព្រមគ្នានឹងសមយុទ្ធរួមគ្នារវាងក្រុងវ៉ាស៊ិនតោន និងក្រុងសេអ៊ូល បង្ហាញថា អាមេរិកកំពុងដើរមួយជំហានម្ដងៗដើម្បីបង្កសង្គ្រាមនៅឧបទ្វីបកូរ៉េ។» យ៉ាងណាមិញ កូរ៉េខាងជើងមិនមានបំណងធ្វើសង្គ្រាមអ្វីដែរ តែត្រៀមខ្លួនរួចស្រេចដើម្បីធ្វើសង្គ្រាម ក្នុងករណីអាមេរិកចង់សាកល្បងការអត់ធ្មត់របស់កូរ៉េខាងជើង។ ក្រុងព្យុងយ៉ាងក៏បានប្រាប់ឲ្យអាមេរិករៀបអាកប្បកិរិយាឲ្យសមរម្យ បើមិនចង់មានភ្លើងដុតខ្លួនឯងទេនោះ។
នេះមិនមែនជាលើកទីមួយទេ ដែលកូរ៉េខាងជើងផ្ញើសារគំរាមឆ្លើយតបសមយុទ្ធរួមរបស់អាមេរិក និងកូរ៉េខាងត្បូង។ ក្រុងព្យុងយ៉ាងតែងប្រតិកម្មរាល់ពេលដែលក្រុងវ៉ាស៊ិនតោនប្រកាសរៀបចំសមយុទ្ធម្ដងៗនោះ និងចាត់ទុកជាការប្រុងប្រៀបរបស់ក្រុមសម្ព័ន្ធមិត្តដើម្បីឈ្លានពានទឹកដីខ្លួនទៀតផង។ ដោយសារតែការឆ្លើយឆ្លងពាក្យសម្ដី សហគមន៍អន្តរជាតិព្រួបារម្ភយ៉ាងខ្លាំង ព្រោះគេមិនងាយស្មានចិត្តទាំងលោក ដូណាល់ ត្រាំ ទាំងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ៕
Tag:
កូរ៉េខាងជើង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com