កីឡាជាតិ
ជាតិ
កីឡាករ​មកពី​១១​ប្រទេស​ត្រូវ​ប្រជែង​គ្នា​ក្នុង​គុន​ខ្មែរ​អន្តរជាតិ​លើកដំបូង​នៅ​ចុង​សប្តាហ៍​នេះ​
08, Dec 2017 , 8:39 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ ប្រកាស​រៀបចំ​ការប្រកួត​ដ៏​ធំ​មួយ ដែលមាន​កីឡាករ​មកពី​១១​ប្រទេស​ចូលរួម នៅ​ចាប់ពី​ថ្ងៃទី​៨-១០ ខែធ្នូ ចុង​សប្តាហ៍​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ទន្ទឹមនឹង​ជំរុញ​ឲ្យ​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម​កាត់ក្តី ដោយ​ឈរលើ​គោលការណ៍  Fair Play  លោក វ៉ា​ត់ ចំរើន បានចាត់ទុក​ការប្រកួត​នេះ ជា​ជំហាន​ផ្សព្វផ្សាយ​ដំបូង ទៅកាន់​ពិភពលោក ក្នុងការ​ទាក់ទាញ​អ្នកចូលរួម​ឲ្យ​កាន់​ច្រើន នៅ​ឆ្នាំ​បន្ទាប់​។ លោក​រំពឹងថា កីឡា​នេះ នឹង​អាច​ទាក់ទាញ​ប្រទេស​ចន្លោះ​ពី​៣០ ទៅ​៧០​ចូលរួម នៅ​ថ្ងៃ​អនាគត​។​



​កីឡាករ​ចំនួន​៤៦​រូប មកពី​១១​ប្រទេស រួមទាំង​ម្ចាស់ផ្ទះ​កម្ពុជា នឹង​ប្រកួតប្រជែង​ដណ្តើម​ជើងឯក ប្រចាំ​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ប្រចាំឆ្នាំ​២០១៧ ដែល​រៀ​ចំ​លើកដំបូង ដោយ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ សហជា​មួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​គណៈក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​។ ការប្រកួតដែល​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូល​ទស្សនា​ដោយ​សេរី​នេះ​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​៨ ដល់ទី​១០ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​បើ​យោងតាម លោក មៀម រ៉ា ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ ការប្រកួត​នេះ​បែង​ចែកជា​៣​កម្រិត គឺ​ស្ម័គ្រចិត្ត ពាក់កណ្តាល​អាជីព និង​កម្រិត​អាជីព​។ សម្រាប់​កម្រិត​ស្ម័គ្រចិត្ត និង​ពាក់កណ្តាល​អាជីព កីឡាករ​ទាំងអស់ ត្រូវ​ពាក់​ប្រដាប់​ការពារ​ដៃ ជើង ក្បាល និង​ក្បាលពោះ​ជាដើម ខណៈ​កម្រិត​អាជីព គ្មាន​ពាក់​អ្វី​នោះទេ​។



​ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន ដែល​សួរថា​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៦ តើ​ហេតុអ្វី​សហព័ន្ធទើបតែ​រៀបចំ​ជើងឯក​លើកដំបូង​រប​ស់​ខ្លួន​នៅ​ឆ្នាំ​២០១៧? លោក មៀម រ៉ា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ចំណាយពេល​១​ឆ្នាំ​ដំបូង ដើម្បី​ដើរ​ជុំវិញ​ពិភពលោក មកដល់ពេលនេះខ្ញុំ​ដើរ​បាន​ពីរ​ជុំទាំង​៥​ទ្វីប ប៉ុន្តែ​គេ​អត់​ស្គាល់​យើង ដូច្នេះហើយ​ទើប​ពួកគេ មិន​ចង់​មក​។ តែ​នៅ​ឆ្នាំនេះយើង​អាចទាក់ទង​បាន​ជាង​១០​ប្រទេសទើប​យើង​សម្រេច​ធ្វើ ឯ​ឆ្នាំ​ដែល​មិនទាន់​ធ្វើ ជា​ឆ្នាំ​ផ្សព្វផ្សាយ​។

​លោក​បាន​បន្ថែមថា​៖«​ឆ្នាំនេះ​ក៏​ដូចគ្នាមាន​ប្រទេស​ជាង​១០​ដែល​សន្យាថា​មក តែ​បែរជា​មិន​មក​ដោយសារ​នៅមាន​ការមិនទុកចិត្ត​មួយចំនួនហើយ​ប្រទេស​ជាង​១០ដែល​ចូលរួម​ឆ្នាំនេះ គឺ​ពួកគេ​ចូលរួម​ដើម្បី​សាកល្បង​។ ដូច្នេះយើង​ត្រូវ​រៀបចំ​ឲ្យ​បានល្អ​បំផុត​នៅ​ឆ្នាំនេះដើម្បី​ទាក់ទាញ​ប្រទេស​ដែល​បដិសេធន៍​ទាំងនោះចូលរួម​នៅ​ឆ្នាំក្រោយព្រោះ​ពួកគេ​កំពុង​មើល​យើង​»​។

​ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ​រូបនេះជឿជាក់ថា​​ ប្រសិនបើ​កម្ពុជា​រៀបចំ​ការប្រកួត​លើក​ទី​១​បានល្អ​នៅ​ឆ្នាំនេះ កម្ពុជា​នឹង​អាច​ទាក់ទាញ​ប្រទេស​ចូលរួម​កាន់តែច្រើន នៅ​ឆ្នាំក្រោយៗ​ទៀត​។ លោក​រំពឹងថា បើ​ការរៀបចំ​ប្រកបដោយ​យុ​តិ្ត​ធម៌ ត្រឹមត្រូវ មិន​លំអៀង យ៉ាងតិច​មាន​ប្រទេស​ជាង​២០​ចូលរួម​នៅ​ឆ្នាំក្រោយ​។​

​នា​ពិធី​ជួបពិភាក្សា​ជាមួយ​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម​កាលពី​ថ្ងៃទី​៥ ធ្នូ នៅ​ទីស្នាក់ការ NOCC អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាត​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​លើ​ភាពយុត្តិធម៌ ពោលគឺ​ត្រូវ​កាត់ក្តី​ឲ្យ​ត្រឹមត្រូវ មិន​លំអៀង​លើ​ភាគី​ម្ខាងៗ ជាពិសេស ឈរលើ​គោលការណ៍​សមធម៌ ឬ Fair Play​។

​ការជំរុញ​បែបនេះ របស់​អគ្គលេខាធិការ NOCC ព្រោះ​លោក​មាន​មហិច្ឆតា​ទាក់ទាញ​ប្រទេស​ឲ្យ​ចូលរួម​ឲ្យ​បាន​ច្រើនដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ស្ថាប័ន​អន្តរជាតិ ក្នុង​គោលបំណង​ដាក់បញ្ចូល​កីឡា​នេះ​ក្នុង​កីឡា​អូឡាំពិកនាពេល​អនាគត​។ លោក​បាន​បញ្ចា​ក់ថា​៖«​យើង​នឹង​រៀបចំ​ឲ្យ​បានល្អ​ប្រសើរអ្វីដែល​ចំណុច​ខ្វះខាត​នៅ​ឆ្នាំនេះយើង​នឹង​កែតម្រូវ​នៅ​ឆ្នាំ​បន្ទាប់ ដើម្បី​ទាក់ទាញ​ប្រទេស​ចូលរួម​កាន់តែច្រើន​។ ភាពជោគជ័យ​របស់​កីឡា​គុន​ខ្មែរ​អន្តរជាតិ​យើង ធ្វើយ៉ាងណា​ទាក់ទាញ​ប្រទេស​ចូលរួម​យ៉ាងតិច ពី​៣០ ទៅ​៧០​ប្រទេស ដើម្បី​បានការ​គាំទ្រ​ពី​អន្តរជាតិ​។ មហិច្ឆតា​យើង គឺ​ចង់​បញ្ចូល​ក្នុង​កីឡា​អូឡាំពិក​។ ដូច្នេះយើង​ត្រូវមាន​សមាជិក​យ៉ាងតិច​៧៥​ប្រទេសទើប​អាច​ចូលរួមបាន​»​។​

​លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ទៀតថា​៖«​ការប្រកួត​គុន​ខ្មែរ​អន្តរជាតិ​របស់​យើង មិន​ត្រឹមតែ​ធ្វើ​នៅលើ​ទឹកដី​កម្ពុជា​នោះទេ នៅ​ថ្ងៃក្រោយយើង​នឹង​ពង្រីក​ទៅ​ក្រៅប្រទេសតាមរយៈ​ការរៀបចំ​ការប្រកួតនៅតាម​ប្រទេស​ដែលជា​សមាជិក​។ ប្រសិនបើ​គ្មាន​ប្រទេស​ណា​រៀបចំ យើង​នឹងធ្វើ​រៀងរាល់ឆ្នាំ​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​បច្ចេកទេសសមត្ថភាព​ឲ្យ​កាន់​រីកចម្រើន មុន​ឈានទៅ​ក្រៅប្រទេស​»​។



​ជាមួយគ្នានេះ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក តែម ម៉ឺន ជំរុញ​ឲ្យ​បច្ចេកទេស អាជ្ញាកណ្តាល និង​ចៅក្រម​ទាំងអស់ ត្រូវ​គិត​ផង​ប្រយោជន៍​ប្រទេសជាតិ​ជាធំ​។ ការជំរុញ​បែបនេះ ព្រោះ​លោក​យល់ថា ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ខុសពី​ការប្រកួត​នៅលើ​សង្វៀន តាម​ស្ថានីយទូរទស្សន៍​ផ្សេងៗ ពោលគឺ​ជាការ​ប្រកួត ដែល​តំណាង​ឲ្យ​មុខមាត់​ប្រទេសជាតិ​។

​ពិធី​បើក​ការប្រកួតនឹង​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជានា​វេលា​ម៉ោង​៥​រសៀល ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​ដែល​បើក​ឲ្យ​អ្នក​ទស្សនិកជន​ចូលរួម​ទស្សនា​ដោយ​សេរី មានការ​ប្រកួត​ចំនួន​២៣​គូ ហើយ​ការប្រកួត​នេះ មានការ​ផ្សាយ​ពី​ស្ថានីយទូរទស្សន៍ កងយោធពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥៕ 


Tag:
 គុន​ខ្មែរ​អន្តរជាតិ​
  មៀម រ៉ា​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com