អន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា មានប្រទេសជាច្រើននឹងរើស្ថានទូតទៅហ្ស៊េរុយសាឡិមដូចអាមេរិក
× នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយថា ប្រទេសជាច្រើនបានទាក់ទងជាមួយអ៊ីស្រាអែលដើម្បីរើស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។ លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ និយាយបែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ទីក្រុងសក្ការៈមួយនេះ ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ការប្រកាសរបស់លោក ត្រាំ រងការថ្កោលទោសយ៉ាងខ្លាំងពីអន្តរជាតិ ជាពិសេសពិភពលោកឥស្លាម។
ទីបំផុតទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសប្តូរទីតាំងស្ថានទូតអាមេរិកពីទីក្រុង តែល អាវីវ ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម ជាផ្លូវការនៅថ្ងៃពុធទី ៦ ខែធ្នូ ។ នេះមានន័យស្មើនឹងអាមេរិកប្រកាសទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល។ សហគមន៍អន្តរជាតិ ជាពិសេសរដ្ឋកាន់សាសនាឥស្លាម បានរិះគន់ការសម្រេចចិត្តរបស់លោក ត្រាំ កប់មាត់ ហើយខ្លះព្រមានផ្ទុះសង្គ្រាមទៅទៀត។
អ៊ីស្រាអែលឯណោះវិញ ពិតជារីកមុខរីកមាត់ខ្លាំងណាស់ ព្រោះបំណងរបស់ខ្លួនក្លាយជាការពិតហើយ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា មានប្រទេសជាច្រើននឹងដើរតាមអាមេរិកក្នុងការទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិម ហើយពួកគេកំពុងទាក់ទងអ៊ីស្រាអែលដើម្បីបញ្ចប់កិច្ចការនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ក្នុងវេទិកាមួយនៅក្រសួងការបរទេសអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ និយាយថា៖ «ខ្ញុំចង់ប្រកាសថា យើងមានទំនាក់ទំនងជាមួយប្រទេសជាច្រើន ដែលនឹងចេញសេចក្ដីប្រកាសដូចអាមេរិកដែរ។» ប៉ុន្តែប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលមិនបង្ហើបពីឈ្មោះប្រទេសដែលប្រុងដើរតាមអាមេរិកឡើយ គ្រាន់តែនិយាយថា ពេលអាមេរិកប្ដូរស្ថានទូតទៅកាន់ហ្ស៊េរុយសាឡិម ស្ថានទូតប្រទេសជាច្រើនទៀតនឹងរើទៅតាមដែរ។
អ៊ីស្រាអែល បានវាយដណ្តើមកាន់កាប់តំបន់នៅភាគខាងកើតហ្ស៊េរុយសាឡិមនៅក្នុងសង្គ្រាម ៦ថ្ងៃ រវាងអារ៉ាប់-អ៊ីស្រាអែលនៅក្នុងឆ្នាំ១៩៦៧ ។ អាជ្ញាធរអ៊ីស្រាអែលក៏បានភ្ជាប់ទឹកដីនេះនិងដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនដោយបង្រួបបង្រួមទីក្រុងហ្ស៊េរុយសាឡិមទាំងមូលជាផ្លូវការក្នុងឆ្នាំ១៩៨០ តែម្តង។ ចាប់ពីពេលនោះមក ទឹកដីហ្ស៊េរុយសាឡិមបន្តស្ថិតនៅក្រោមការកាន់កាប់របស់អ៊ីស្រាអែល។ ប៉ុន្តែគ្មានប្រទេសណាទទួលស្គាល់ការកាន់កាប់នេះឡើយ។
ចំណែកប៉ាឡេស្ទីនវិញ ចាត់ទុកផ្នែកខាងកើតនៃទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់ខ្លួននៅថ្ងៃអនាគត ពេលប៉ាឡេស្ទីនក្លាយជារដ្ឋពេញលេញ។ គេចាត់ទុកថាការកំណត់លក្ខន្តិកៈនៃទឹកដីហ្ស៊េរុយសាឡិមជាចំណុចស្នូលមួយក្នុងការដោះស្រាយជម្លោះរវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីនផង។ ប៉ុន្តែការប្រកាសរបស់លោក ត្រាំ ទំនងជាបានបំផ្លាញផ្លូវឆ្ពោះទៅរកសន្តិភាពរវាងអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន ហើយគេរំពឹងថា អំពើហិង្សានឹងកើនឡើងខ្លាំងមិនខា៕
© រក្សាសិទ្ធិដោយ thmeythmey.com