ជាតិ
សេដ្ឋកិច្ច
ភ្នំពេញ​៖ ការវិវត្ត​នៃ​តំបន់​ទីក្រុង​…
10, Dec 2017 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ត្រូវបាន​កសាងឡើង​នៅ​ដើម​តំ​បប់​ដីសណ្ត​ទន្លេមេគង្គ នៅលើ​ចំណុចប្រសព្វ​នៃ​ដៃទន្លេ​ចំនួន​បួន ដែលជា​ទីតាំង​រាជធានី​ខ្មែរ​ពី​បុរាណ​(​ចតុមុខ​)​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​១៨៦៣ ក្នុងសម័យ​អាណាព្យាបាល​បារាំង សម័យ​អាណានិគម​និង​សម័យ​សង្គមរាស្ត្រនិយម គឺជា​វេលា​កាលពីរ​នៃ​ការពង្រីក​និង​ធ្វើ​ទំនើបកម្ម​តំបន់​ទីក្រុង ដែល​ស្លាកស្នាម​ជាច្រើន បាន​បាត់​រូបរាង​ដោយសារតែ​សកម្មភាព​កែលម្អ​សំណង់​អគារ និង​កំណើន​ដង់ស៊ីតេ​កាន់តែ​ខ្ពស់​នៅ​តំបន់​កណ្តាល​ក្រុង​។


 
​រូបភាព​ផ្កាយរណប​ឆ្នាំ​២០១៦ បង្ហាញថា តំបន់​ដែលមាន​ដង់ស៊ីតេ​ខ្ពស់ គឺ​លាតសន្ធឹង​ក្នុង​ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​ទៅដល់​ព្រំប្រទល់​ថ្មី​នៃ​ទីក្រុង​។ ភ្នំពេញ​កំពុង​ពង្រីក​យ៉ាង​ឆាប់រហ័ស​តម្រង់​ទៅ​ទិស​ខាងត្បូង​ឆ្ពោះទៅ​ប្រទេស​វៀតណាម និង​ទៅ​ទិស​ខាងលិច​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​ដែល​បង្ហាញ​ពី​តួនាទី​នៃ​បណ្តាញ​ផ្លូវ​គមនាគមន៍ និង​ការបើកចំហរ​នៃ​សេដ្ឋកិច្ច​។ មុខព្រួញ​ទី​៣ គឺ​ឆ្ពោះទៅ​ទិស​ខាងជើង​តាម​បណ្តោយ​បឹង​ទន្លេសាប អាស្រ័យ​ដោយ​ការជីក​ទំនប់​កប់​ស្រូវ​។ នៅ​ចន្លោះ​នៃ​មុខព្រួញ​ទាំងនេះ​សំណង់​អគារ​ជាច្រើន​បាន​គ្របដណ្តប់​តំបន់ដីសើម និង​ហ៊ុមព័ទ្ធ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ពីដំបូង​ឡើយ​ជា​គម្រោង​សាងសង់​ខ្សែក្រវ៉ាត់​ក្រុង​។ 
 
​ជារួម ភ្នំពេញ​កំពុង​ត្រូវបាន​អភិវឌ្ឍ​ក្នុង​រាង​ជា​រង្វង់​តាម​បណ្តា​យ​ច្រាំង​ខាងស្តាំ​ទន្លេសាប​។ នៅ​ច្រាំង​ខាងឆ្វេង​ទន្លេសាប​ភ្នំពេញ​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​តំបន់​ព្រែកលៀប​ដែល​កាន់​តែមាន​ភាពងាយស្រួល​បន្ទាប់ពី​សាងសង់​ស្ពាន​ជ្រោយចង្វារ​បន្ថែម​មួយទៀត ក៏ប៉ុន្តែ​ពុំ​សូវ​មាន​សំណង់​អគារ​ច្រើន​នៅឡើយ​ទេ ពីព្រោះ​ពុំមាន​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​។ ការឆ្លងកាត់​ដោយ​នាវា​ចម្លង​ដែល​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​បាន​ជំរុញ​ឲ្យ​អ្នក​រស់នៅក្នុង​ទីក្រុង​សាងសង់​ផ្ទះ​ស្នាក់នៅ ឬ​ផ្ទះ​សម្រាក​កម្សាន្ត​នៅ​តំបន់​អរិយ​ក្សត្រ ក៏ប៉ុន្តែ​ការអភិវឌ្ឍ​នៅតែមាន​ឧបសគ្គ ទោះបី​មានការ​កែលម្អ​បណ្តាញ​ត​ភា្ជ​ប់​ដោយ​សាឡាង​ក៏ដោយ​។​
 
​ទីក្រុង​ភ្នំពេញ​ដែល​អភិវឌ្ឍ​ឡើង​នៅលើ​ច្រាំង​ម្ខាង​នៃ​ទន្លេ កំពុងតែ​ប្រឈម​នឹង​បញ្ហា​នានា​ដូចជា​ទីក្រុង​ដទៃទៀត (​ទីក្រុង​បាងកក​)​ដោយសារ​នគរូបនីយកម្ម​មាន​ការវិវត្ត​លឿន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បណ្តាល​មាន​បញ្ហា​ដូចជា​៖ កង្វះ​សួនឧទ្យាន ការកកស្ទះ​ចរ​ចរាណ៍ ការបំពុល​ខ្យល់ និង​ទឹក ការគ្រប់គ្រង​កាកសំណល់ និង​ប្រព័ន្ធ​លូ​។ 
 
​ដើម្បី​កាត់បន្ថយ​ភាព​កកស្ទះ​នៅក្នុង​ទីក្រុង សាលាក្រុង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ធ្វើការ​អភិវឌ្ឍ​ទីក្រុង​រណប​បុរី ព្រមទាំង​នៅ​កោះ​ផងដែរ​។ គំរូ​នៃ​ការអភិវឌ្ឍ​ដោយ​វិស័យ​ឯកជន (​ដែល​បង្កើត​ឲ្យ​មាន​សំណង់​បុរី ឬ​ខុន​ដូ ហ៊ុមព័ទ្ធ​ដោយ​របង​បិទ​ជិត និង​កាត់បន្ថយ​នូវ​ភាព​លាយឡំ​គ្នា​នៃ​ក្រុម​សង្គម ប៉ុន្តែ​សំណង់​ទាំងនោះ មាន​ស្តង់ដារ​រៀបចំ​ក្រុង​ស្របតាម​កម្រិតជីវភាព​ធូរធារ និង​មធ្យម និង​ជនបរទេស​កាន់តែច្រើន​៕
 
[​អត្ថបទ​ដកស្រង់​ពី​សៀវភៅ​៖ ផែនទី​ភូមិសាស្ត្រ​នយោបាយ របស់​កម្ពុជា​នៅក្នុង​អាស៊ី និង​ពិភពលោក ដោយ​លោក ម៉ា​រី មឺ​ឡាក់​]
 

© រក្សាសិទ្ធិដោយ thmeythmey.com