ជាតិ
សេដ្ឋកិច្ច
AMRO៖ សេដ្ឋកិច្ចកម្ពុជា​នៅតែ​រឹងមាំ​នៅ​ឆ្នាំ​២០១៧ និង​២០១៨ តែ​ត្រូវ​ពង្រឹង​ភាព​ប្រកួតប្រជែង​
11, Dec 2017 , 5:07 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា AMRO បាន​ព្យាករ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ថា​មាន​ភាពរឹងមាំ ដែល​ជំរុញ​ដោយ​វិស័យ​ទេសចរណ៍ និង​សំណង់​។ ប៉ុន្តែ​ស្ថាប័ន​នេះ​ក៏បាន​ដាស់តឿន​ឲ្យ​កម្ពុជា​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់ខ្លួន​ផងដែរ​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ការិយាល័យ​មួយ​នេះ​ស្ដីពី​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១១​ខែធ្នូ​នេះ​។​



AMRO បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន ៦,៩ ភាគរយ​នៅ​ឆ្នាំ​២០១៧ និង ៦,៨​ភាគរយ​នៅ​ឆ្នាំ​២០១៨ ។ AMRO បាន​ព្យាករ​ដូចនេះ ដោយ​យោងទៅលើ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០១៦  ដែលមាន​ភាពរឹងមាំ ដោយសារ​សកម្មភាព​ខ្លាំង​ក្លា​ក្នុង​វិស័យ​សំណង់ និង​ការ​រើប​ឡើង​នៃ​វិស័យ​កសិកម្ម បើទោះជា​វិស័យ​វាយ​ន​ភណ្ឌ​មាន​កំណើន​យឺត និង​ចំនួន​ទេសចរណ៍​មាន​កំណើន​ល្មម​។ ភាពរឹងមាំ​នៃ​វិស័យ​សំណង់ និង​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ នឹង​ជួយ​យឺត​យើង​ឥទ្ធិពល​នៃ​ការ​ថមថយ​របស់​វិស័យ​វាយ​ន​ភណ្ឌ​។​

​របាយការណ៍​របស់ AMRO ឲ្យ​ដឹង​ទៀតថា សកម្មភាព​ពាណិជ្ជកម្ម​ខាងក្រៅ​ប្រទេស​របស់​ក​ម្ពុ​ជា ត្រូវបាន​រំពឹងថា​នៅតែ​រឹងមាំ​នៅក្នុង​ឆ្នាំ​២០១៧​នេះ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​កាត់​ឱនភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​។

​អតិផរណា​អាច​នឹង​បន្ត​កើន​ឡើងដល់ ៣,៣​ភាគរយ​នៅ​២០១៧ ។ កាលពី​ឆ្នាំ​២០១៦ អតិផរណា​មាន​អត្រា ៣​ភាគរយ តែ​ឡើងដល់ ៣,៥​ភាគរយ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៧ ដោយសារ​ការកើនឡើង​តម្លៃ​ប្រេង ប៉ុន្តែ​នៅក្នុង​ឆមាស​ទី​២ អត្រា​នេះ​នឹង​ថមថយ​វិញ លុះដល់​ឆ្នាំ​២០១៨ អតិផរណា​នឹង​ស្ថិតក្នុង​រង្វង់ ៣,៥​ភាគរយ​។​

​រីឯ​កំណើន​ឥណទាន​កំពុង​ថយចុះ​នៅ​ឆ្នាំ​២០១៧ ខណៈ​ការដាក់​ប្រាក់​បញ្ញើ​មាន​កំណើន​រឹងមាំ​។ ឥណទាន​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ចុះមក​នៅត្រឹម ១៣,១​ភាគរយ​នៅ​ឆ្នាំ​២០១៦ បើ​ធៀប​នឹង ៣៧,៣​ភាគរយ​នៅ​ឆ្នាំ​២០១៥ ។ AMRO បាន​បញ្ជាក់ថា កំណើន​ឥណទាន​ទាំងមូល​ទំនងជា​រក្សា​ភាពទន់ភ្លន់ ជាមួយនឹង​ការបន្ត​អនុវត្ត​បទបញ្ញត្តិ​រប​ស់​រដ្ឋាភិបាល​។

​ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជា ក៏​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ផងដែរ​។ ការធ្លាក់ចុះ​សមត្ថភាព​ប្រកួតប្រជែង ដោយសារ​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។ ហានិភ័យ​មួយទៀត គឺ​បណ្ដា​លពី​ការពង្រឹង​ប្រាក់​ដុល្លារ​របស់​អាមេរិក ដែល​នឹង​ជះឥទ្ធិពល​ដល់​ការនាំចេញ​របស់​កម្ពុជា ដែលជា​ប្រទេស​ប្រើប្រាស់​ប្រាក់​ដុល្លារ​ខ្លាំង​។ លើសពីនេះ ការនាំចេញ​របស់​កម្ពុ​ជា​ត្រូវ​ប្រឈម​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ក្នុង​ទីផ្សារ​អឺរ៉ុប ខណៈ​ដែលមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហគមន៍​អឺរ៉ុប​-​វៀតណាម​។ មួយវិញទៀត កម្ពុជា​អាច​នឹង​បាត់បង់​អត្ថប្រយោជន៍​គ​ម្រោ​ង​ហិរញ្ញប្បទាន​មួយចំនួន ដោយសារ​កម្ពុជា​បាន​ចាក​ចេញពី​ប្រទេស​ចំណូល​ទាប​។​

​ស្ថាប័ន​មួយ​នេះ បាន​ណែនាំ​ឲ្យ​កម្ពុជា​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់ខ្លួន ដើម្បី​រក្សា​កំណើន​ក្នុង​រយៈពេល​មធ្យម តាមរយៈ​ការកែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម វិស័យ​ភស្តុភារ និង​បន្ថយ​តម្លៃ​អគ្គិសនី​៕


Tag:
 AMRO
  កំណើនសេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com