ពីនេះ ពីនោះ
ត្រី​គល់រាំង ជា​ប្រភេទ​ត្រី​ធំៗ អាច​លូតលាស់​ដល់​ប្រវែង​៣​ម៉ែត្រ ទម្ងន់​៣០០​គីឡូក្រាម
11, Dec 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​គល់រាំង (Catlocarpio siamensis) គឺជា​ប្រភេទ​ត្រី​ទឹកសាប​មាន​ស្រកា ដែល​ជិត​ផុត​ពូជ និង​ធំជាងគេ​នៅលើ​ពិភពលោក​។ ត្រី​ប្រភេទ​នេះ អាច​ធំ​លូតលាស់​រហូតដល់​ប្រវែង​ដងខ្លួន​អតិបរមា​៣០០​ស​.​ម និង​មាន​ទម្ងន់​៣០០​គីឡូក្រាម​។



​ត្រី​គល់រាំង រស់នៅ​តាម​ដង​ទន្លេធំៗ ស្ទឹង និង​តំបន់​ទំនាប​លិច​ទឹក ជាពិសេស​នៅក្នុង​បឹង​ទន្លេសាប និង​ទន្លេមេគង្គ ទី​ដែល​វា​អា​ចរក​ចំណី​បាន​ដូចជា សារាយ ផ្លុ​ង​តុង ផ្លែ​រុក្ខជាតិ​ដែល​ដុះ​លួត​លាស់​មាន​ផ្លែផ្កា​នា​រដូវ​ទឹកជំនន់ និង​ពពួក​ត្រី​តូចៗ​ផងដែរ​។ ត្រី​គល់រាំង​ជំទង់ ភាគច្រើន​វា​អាច​សម្រប​ខ្លួន​រស់នៅក្នុង​ស្រះ ត្រពាំង ស្ទឹង និង​តំបន់​ទំនាប​លិច​ទឹកបាន ខណៈ​ត្រី​គល់រាំង​ពេញវ័យ ហាក់​ចូលចិត្ត​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅ​រស់នៅក្នុង​តំបន់​អាងទឹក​ជ្រៅៗ​ក្នុង​ទន្លេមេគង្គ​។

​នៅ​ប្រទេស​កម្ពុជា ត្រី​គល់រាំង​ពេញវ័យ បាន​ធើ្វ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​ចូលទៅ​រស់នៅក្នុង​អាងទឹក​ជ្រៅៗ​ក្នុង​ទន្លេមេគង្គ​លើ ចាប់ពី​ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រហូតដល់​ល្បាក់ខោន នា​ចុងរដូវ​ប្រាំង​។​

​ត្រី​គល់រាំង ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Critically Endangered) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​ធ្ងន់ធ្ងរ​។ ទន្លេមេគង្គ គឺជា​ជម្រក​របស់​ត្រី​ធំៗ​ច្រើន​ប្រភេទ ជាង​ទន្លេ​ដទៃទៀត​នៅលើ​ផែនដី​។ ការនេសាទ​ហួស​កម្រិត ការបាត់បង់​ទីជម្រក និង​ការកសាង​ទំនប់​វា​រី​អគ្គិសនី អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការធ្វើ​ចរាចរ​ផ្លាស់​ទី និង​កំណើន​ត្រី ជាពិសេស​ត្រី​ធំៗ ដែលមាន​រស់នៅ​ច្រើន​ក្នុង​ប្រព័ន្ធ​ទន្លេមេគង្គ​។ ចម្លាក់​នៅលើ​ជញ្ជាំង​នៃ​ប្រាសាទ​អង្គរ ដែលមាន​អាយុកាល​ពាន់​ឆ្នាំ​បាន​បង្ហាញថា នៅពេលនោះ ត្រី​រាជ និង​ត្រី​គល់រាំង គឺ​សម្បូរ​ជាង​ពេល​បច្ចុប្បន្ននេះ​ឆ្ងាយ​ណាស់​៕

 (​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com