ពីនេះ ពីនោះ
«​ការដាក់​ខ្លួន​»​បង្ហាញ​ពី​ភាពចាស់ទុំ និង​បង្ហាញ​ពី​ភាពជា​មនុស្ស​
12, Dec 2017 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
«​ការដាក់​ខ្លួន​» គឺជា​សញ្ញា​នៃ​គុណធម៌ និង​ភាពចាស់ទុំ និង​បង្ហាញ​ពី​ភាពជា​មនុស្ស ដែលមាន​ភាពល្អ​ប្រពៃ​។ មនុស្ស​ដែលមាន​ភាពល្អ​ប្រពៃ គឺជា​មនុស្ស​ដែលមាន​ភាពងាយស្រួល​ជិតស្និទ្ធ ជាមួយ​អ្នកដទៃ​។ ផ្ទុយទៅវិញ មនុស្ស​ដែលមាន​អំនួត​ខ្លាំងពេក ធ្វើ​ឲ្យ​បាត់បង់​ការប្រាស្រ័យ​ទាក់ទង ហើយ​អ្នកដទៃ​មិនសូវមាន​អ្នក​រាប់រក​។



«​ការដាក់​ខ្លួន​» គឺ​បង្ហាញថា​បុគ្គល​នោះ ជា​មនុ​ស្សពិត​។  មានន័យថា មនុស្ស​ដែល​ដាក់ខ្លួន ទោះជា​មានការ​ផ្លាស់ប្តូរ​នូវ​តួនាទី ឬ​តំណែង​អ្វីមួយ មានសម្បត្តិ​ស្តុកស្តម្ភ មានចំណេះ​វិជ្ជា មាន​កេ​រិ៍្ត​ឈ្មោះ ឬ​ទទួលបាន​កិ​តិ្ត​នាម​ណាមួយ បើសិន​យើង​ជា​បុគ្គល​ដែល​ដាក់ខ្លួន នោះ​ប្រាកដថា នឹង​មិនមាន​អ្វីដែល​ផ្លាស់ប្តូរ​ចិត្តគំនិត ឥរិយាបថ និង​អាកប្បកិរិយា​របស់​បុគ្គ​ល​នោះឡើយ​។ ផ្ទុយទៅវិញ បុគ្គល​ដែលមាន​អំនួត​លើ​ខ្លួនឯង​ប្រាកដ​ណាស់​ថា នឹង​ផ្លាស់ប្តូរ​អត្តចរិត ឫកពា ជាមិនខាន ពី​ល្អ​ទៅ​អាក្រក់ ឬ​ក្អេងក្អាង ជាដើម​។​

«​ដាក់ខ្លួន​» ជា​ផ្លូវ​ទៅកាន់​សេចក្តីសុខ ហើយ​ផ្តល់​ឲ្យ​យើង ទទួល​សេចក្តី​គោរព​ពី​មនុស្សម្នា​ទូទៅ និង​មានការ​កោតសរសើ​រយ៉ា​ង​ក្រៃលែង​ផងដែរ​។ ការដាក់​ខ្លួន​នេះដែរ មនុស្ស​យើង​ម្នាក់ៗ​ចាំបាច់​ត្រូវតែ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ពីព្រោះ​វា​ប្រៀបបាន​ដូចជា​កូនសោរ ទៅកាន់​គុណធម៌​ទាំងឡាយ​។​

​ម្យ៉ាងវិញទៀត បុគ្គល​ដែល​ដាក់ខ្លួន គឺ​កើតចេញពី​បុគ្គល​ដែលមាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ មានការ​អប់រំ​ល្អ ប្រកបដោយ​សីលធម៌ គុណធម៌ និង​សុជីវធម៌ ហើយ​បុគ្គល​ទាំងនោះ មិន​ស្ពាយ​អំនួត​នៅ​ចំពោះមុខ​ឡើយ​។ «​ការដាក់​ខ្លួន​» មានន័យថា តែងតែ​បន្ទាប បន្ទន់​ខ្លួនឯង ឲ្យ​ស្របទៅតាម​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព​មនុស្ស​ទាំងឡាយ​ជានិច្ច​៕


© រក្សាសិទ្ធិដោយ thmeythmey.com