ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​កងទ័ព​មួក​ខៀវ​នៅ​លី​បង់ មានការ​ប្រុងប្រយ័ត្ន​ពី​ការវាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​
12, Dec 2017 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួងការពារជាតិ យកចិត្តទុកដាក់​លើក​ង​ទ័ព​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​នៅ​លី​បង់ ព្រោះ​ពួកគេ​អាច​ងាយ​រង​ការវាយប្រហារ​ណាមួយ​កើតឡើង ពី​សំណាក់​អ៊ី​ស្រា​អែល​។ មូល​ហេតុដែល​សម្ដេច លើកឡើង​បែបនេះ ដោយ​ផ្អែកលើ​ការប៉ះទង្គិច​គ្នា​ រវាង​ក្រុមបាតុករ​របស់​លី​បង់ ជាមួយ​សមត្ថ​កិច្ចការ​ពារ​ទូត​អាមេរិក នៅក្នុង​ទី​ក្រុងបេ​រូត ប្រទេស​លី​បង់ ដោយសារ​ការមិន​ពេញចិត្ត​ចំពោះ​ទង្វើ​អាមេរិក ដែល​ប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ជា​របស់​អ៊ី​ស្រា​អែ​ល ។ តាមរយៈ​ការសន្និដ្ឋាន​ក្រៅផ្លូវការ​នោះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា ការប៉ះទង្គិច​គ្នា​នេះ អាច​នឹង​ជំរុញ​ឲ្យ​ប្រទេស​អ៊ី​ស្រា​អែល វាយប្រហារ​មកលើ​ប្រទេស​លី​បង់​វិញ​។



​ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់ឲ្យប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ អាគារ​ហ្វឹកហ្វឺន ជំនាញ​ចារកម្ម និង​បុកគ្រឹះ​សាងសង់​សាលប្រជុំ នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​-​ចារកិច្ច
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​





​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សភាពការណ៍​នៅ​ម​ជ្ឈិ​ម​បូព៌ា​កំពុង​តានតឹង​ខ្លាំង ​ក្នុង​បរិបទ​ថ្មី​មួយទៀត ក្រោយពី​អាមេរិក​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ប្រទេស​អ៊ី​ស្រា​អែល ។ ស្ថានការណ៍​តានតឹង​នេះ កាន់តែ​នាំ​ឲ្យ​មាន​ចលនា​ប្រឆាំង​អ៊ី​ស្រា​អែល​ខ្លាំង​ឡើង ដែល​នាំ​ឲ្យ​តំបន់​ម​ជ្ឈិ​ម​បូព៌ា​កាន់តែ​ផុយស្រួយ ងាយ​នឹងមាន​សង្គ្រាម​ប្រដាប់អាវុធ​កើតឡើង​ថែមទៀត​៕


Tag:
 ហ៊ុន សែន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com