អន្តរជាតិ
ដើម្បី​ការពារ​ប្រជាជន រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បញ្ឈប់​ការនាំ​ចូល​ផលិតផល​ដែល​ខុស​ស្តង់ដារ​ជាតិ​
12, Dec 2017 , 9:39 pm        
រូបភាព
រូបភាព៖ Jakarta Post jpg
រូបភាព៖ Jakarta Post jpg
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ផ្អាក និង​ព្រមាន​ក្រុមហ៊ុន​ផលិតផល​មួយចំនួន ដែល​មិនបាន​គោរព​តាមច្បាប់ និង​ផលិត​ទំនិញ​ខុស​ស្តង់ដារ​ជាតិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាជន​។ ការណ៍​ដែល​ក្រុង​ហ្សា​ការ​តា​ធ្វើបែបនេះ​ដើម្បី​ការពារ​ប្រជាជន​ដែលជា​អ្នកទិញ​និង​ដើម្បី​ធានា​ពី​ភាពត្រឹមត្រូវ​នៃ​ការធ្វើ​ជំនួញ​ក្នុងប្រទេស​ផងដែរ​។



​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​១០ ធ្នូ​កន្លងទៅ បានចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​លទ្ធផល​នៃ​ការធ្វើ​អធិការកិច្ច និង​ពិនិត្យ​លើ​ទំនិញ និង​ផលិតផល​ប្រចាំឆ្នាំ​២០១៧ ដោយ​ផ្អែកលើ​ប្រព័ន្ធ​ស្តង់ដារ​ជាតិ ។ លទ្ធផល​នោះ គឺ​ក្នុងចំណោម​ផលិតផល ៥៨២ មុខ មាន​១៧១​មុខ មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ធ្វើ​ឡើយ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post ។​

​តាម​ប្រភពព័ត៌មាន​ដដែល អគ្គនាយក​ទទួលបន្ទុក​ការការពារ​អតិថិជន និង​ការបញ្ជាទិញ​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី លោក Syahrul Mamma បាន​អះអាងថា ដោយសារ​ការបំពាន​នេះ ក្រសួង​បានចេញ​សេចក្តី​ព្រមាន និង​បញ្ឈប់​ការ​នាំចូល​ផលិតផល​មួយចំនួន​រួចហើយ​ផងដែរ ។ លោក បន្ថែមថា ប្រសិន​ក្រសួង រកឃើញថា មិនមាន​ការកែប្រែ ក្រសួង​នឹង​ប្តឹង​ក្រុមហ៊ុន​ទាំងនោះ​តាមច្បាប់​ជាតិ​ឥណ្ឌូណេស៊ី​ហើយ ។

​មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី​ដដែល​នោះ ក៏បាន​ឲ្យ​ដឹងថា ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី តែងតែ​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ផលិតផល​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលដៅ​ដើម្បី​ការពារ​ប្រជាជន ដែលជា​អ​ថិ​ជន ក៏ដូចជា​ដើម្បី​ធានា​ឲ្យ​បានការ​អនុវត្ត​ដោយ​តម្លាភាព​ក្នុងការ​ធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស ។

​លោក ក៏បាន​គូស​បញ្ជាក់ដែរថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នឹង​បន្ត​រឹតបន្តឹង​សកម្មភាព​ពាណិជ្ជកម្ម​ខុសច្បាប់​តាម​ព្រំដែន ដែលជា​ច្រក​មួយ​នៃ​ការ​នាំចូល​ផលិតផល​ខុស​ស្តង់ដារ ជាពិសេស​ដែលមាន​ផលិតផល​ដូចជា​របស់​ប្រើប្រាស់​ក្នុងផ្ទះ ផលិតផល​គ្រឿងចក្រ និង​ចំណីអាហារ​តែម្តង ៕ 


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com