ជាតិ
ព័ត៍មានសុខភាព
ក្រោយ​ជំងឺផ្ដាសាយបក្សី​H5N1 កើត​មាននៅ​កំពង់ចាម ក្រសួងសុខាភិបាល ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រយ័ត្នប្រយែង​
13, Dec 2017 , 10:42 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម​បង្ការ​ជំងឺផ្ដាសាយបក្សី H៥N១ បន្ទាប់ពី​ជំងឺ​នេះ​បាន​កើតឡើង​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ក្នុងពេល​ថ្មីៗ​នេះ រួមទាំង​ជំងឺ​ផ្សេងទៀត​ផងដែរ ដែល​បណ្ដា​លពី​អាកាសធាតុ​ចុះ​ត្រជាក់​។



​នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ដែល​ចុះ​ថ្ងៃទី​១២​ខែធ្នូ​នេះ ក្រសួង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​បង្ការ​ជំងឺ​បណ្ដាល​ពី​អាការ​ធាតុ​ត្រជាក់ ដូចជា​ផ្ដាសាយ ក្អក​កណ្ដាស់ រលាក​ច្រមុះ បំពង់ក និង​ទងសួត ជាដើម ពិសេស​ត្រូវ​ចេះ​ការពារ​កុំ​ឲ្យ​មាន​ការឆ្លង​វីរុស​ផ្ដាសាយ​បក្សី H៥N១ ។ ក្រសួង​បាន​អំពាវនាវ ជាពិសេស​ដល់​ពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​កើតមាន​ករណី​ជំងឺ​ផ្ដា​យ​បក្សី H៥N១ ក្នុងពេល​ថ្មីៗ​នេះ នៅក្នុង​ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បើទោះបី​មន្ត្រី​ក្រសួង​ពុំទាន់​រកឃើញ​មានការ​ឆ្លង​មក​មនុស្ស​នៅឡើយ​ក៏ដោយ​។ ក្រសួងសុខាភិបាល លើកឡើងថា មន្ត្រី​ជំនាញ​របស់ខ្លួន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ជំងឺ​ផ្ដា​យ​បក្សី H៥N១ នេះ​។​

​ក្រសួងសុខាភិបាល បាន​ណែនាំ​វិធានការ​មួយចំនួន ដើម្បី​ការពារ​ជំងឺ​បណ្ដាលមកពី​អាកាសធាតុ​ត្រជាក់ និង​ជំងឺផ្ដាសាយបក្សី H៥N១ ។ ពលរដ្ឋ​ត្រូវ​ពាក់​សម្លៀកបំពាក់​ក្រាស់​ជិត​ខ្លួនប្រាណ ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​មនុស្ស​ចាស់ កុមារ​តូចៗ ឲ្យ​មាន​កម្ដៅ​ខ្លួន​ធម្មតា​ជានិច្ច​។ គេ​ត្រូវ​ពាក់​ម៉ាស់​ពេល​ក្អក កណ្ដាស់ និង​ប្រើ​កន្សែង​ស្អាត ឬ​ក្រដាសអនាម័យ ប្រសិនបើ​មាន​ហូរ​សំបោរ ហើយ​មិនត្រូវ​បោះចោល​ពាសវាល​ពាសកាល ដែល​អាច​ចម្លង​ទៅ​អ្នកដទៃ​នោះទេ​។

​ចំពោះ​វិធានការ​ផ្សេងទៀត គេ​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ រាល់​ក្រោយពេល​ជូត​សំបោរ ឬ​បន្ទោ​របង់ មុននឹង​ប៉ះពាល់​អ្នកដទៃ ឬ​កាន់​ម្ហូបអាហារ​។ ម្យ៉ាងទៀត គេ​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ចាប់​កាន់​សត្វ​បក្សី ពិសេស​កុំ​យក​សត្វ​មាន់ ទា ឬ​បក្សី​ផ្សេងទៀត​ដែល​ឈឺ ឬ​ងាប់ មក​ធ្វើជា​ម្ហូបអាហារ ឬ​លក់​បន្ត​។ វិធានការ​បន្តទៀត គេ​ត្រូវអនុវត្ត​អនាម័យ​ល្អ​ក្នុងការ​បោចរោម​សត្វ​បក្សី និង​ត្រូវ​ចំអិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ និង​ត្រូវ​កប់ ឬ​ដុត​បក្សី ដែល​ឈឺ ឬ​ស្លាប់​ឲ្យ​បាន​ត្រឹមត្រូវ​។

​ករណី​មានការ​សង្ស័យ​នរណាម្នាក់​មាន​រោគសញ្ញា​ជំងឺផ្ដាសាយបក្សី ត្រូវបញ្ជូន​បុគ្គល​នោះ​ទៅ​មន្ទីរពេទ្យ​។ ក្រសួង​បញ្ជាក់ថា ករណី​សង្ស័យ​បុគ្គល​ដែលមាន​ឆ្លង​ជំងឺផ្ដាសាយបក្សី គឺ​បុគ្គល​នោះ​មាន​រោគសញ្ញា​គ្រុនក្ដៅ លើសពី ៣៨,៥​អង្សារ​សេ ក្អក ឬ​ឈឺ​ក ឬ​ដកដង្ហើម​ហត់ៗ និង​មាន​ប្រវត្តិ​ប៉ះពាល់​បក្សី​ឈឺ ឬ​ងាប់ ក្នុងកំឡុងពេល​៧​ថ្ងៃមុន​ចេញ​រោគសញ្ញា​។​

​សូម​រម្លឹកថា ចាប់តាំងពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៤ ក្នុងប្រទេស​កម្ពុជា ធ្លាប់​កើតមាន​ជំងឺផ្ដាសាយបក្សី ដែល​បាន​ឆ្លង​ពី​បក្សី​មក​មនុស្ស​ចំនួន ៥៦​ករណី ដែល​ក្នុងនោះ ៣៧​ករណី​បាន​ស្លាប់​៕


Tag:
 ផ្ដាសាយ​បក្សី​
© រក្សាសិទ្ធិដោយ thmeythmey.com