កីឡាជាតិ
ជាតិ
បឹងកេត​ប្តេជ្ញា​ពង្រឹង​តំបន់​ការពារ ស្របពេល​វៀតណាម​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ជំនួប​ល្ងាច​នេះ​
13, Dec 2017 , 10:53 am        
រូបភាព
លោក ហៅ សុជាតិ (ស្តាំ) និងកីឡាករ ចាន់ វឌ្ឍនាកា ពេលចូលរួមសន្នីសីទសារព័ត៌មានមុនការប្រកួតនៅសណ្ឋាគាភ្នំពេញ
លោក ហៅ សុជាតិ (ស្តាំ) និងកីឡាករ ចាន់ វឌ្ឍនាកា ពេលចូលរួមសន្នីសីទសារព័ត៌មានមុនការប្រកួតនៅសណ្ឋាគាភ្នំពេញ
ដោយ:
​ក្រោយ​របូត​គ្រាប់​បាល់​លឿនៗ​ច្រើន​គ្រាប់ ក្នុង​ជើង​ទី​១ គ្រូបង្វឹក​ក្រុម​បឹងកេត​លោក ហៅ សុជាតិ នឹង​ផ្តោត​ខ្លាំង​លើ​តំបន់​ការពារ​សម្រាប់​ជំនួប​ជើង​ទី​២ នៃ​ពានរង្វាន់ Toyota Mekong Club Championship នា​ម៉ោង​៧​យប់​ថ្ងៃ​ពុធ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ទន្ទឹមនឹងនេះ គ្រូបង្វឹក​ក្រុម Sanna Khanh Hoa លោក Vo Dinh Tan ហាក់​បង្ហាញ​ក្តីបារម្ភ ចំពោះ​ជំនួប​កាត់សេចក្តី ដែល​បឹងកេត​ធ្វើជា​ម្ចាស់ផ្ទះ​។



​ការ​របូត​គ្រាប់​បាល់​លឿនៗ ក្នុងជំនួប​ជើង​ទី​១ ដែល​គ្រូបង្វឹក​ក្រុម​បឹងកេត​លោក ហៅ សុជាតិ ចាត់ទុកថា​មកពី​តំបន់​ការពារ​របស់ខ្លួន​នៅមាន​ចំណុចខ្សោយ បាន​បង្ខំ​ឲ្យ​បឹងកេត​ត្រូវផ្តោត​ខ្លាំង លើ​តំបន់​ការពារ​សម្រាប់​ជំនួប​ជើង​ទី​២ ដើម្បី​រារាំង​កុំ​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ច្រើន​ដូច​ជើង​ទី​១​។ សម្រាប់​ការប្រកួត​ជើង​ទី​១ នៅ​កីឡដ្ឋាន Heng Day ក្នុង​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃទី​៩ ធ្នូ ក្រុម​បឹងកេត​បាន​តាម​ស្មើ ៤-៤ ជាមួយ​ក្រុម Sanna Khanh Hoa​។

«​កាល​ប្រកួត​ជើង​ទី​១ យើង​បាន​របូត​គ្រាប់​បាល់​លឿនៗ​ពេក ដែល​បង្ហាញ​ឲ្យ​ឃើញថា យើង​នៅមាន​បញ្ហា​ច្រើន​ត្រង់​តំបន់​ការពារ​។ យើង​នឹង​ពង្រឹង​តំបន់​ការពារ​ឲ្យ​បានល្អ និង​ប្រយុទ្ធ​ឲ្យ​ខ្លាំង​ជាង​មុន ជាពិសេស​ការប្រកួត​ថ្ងៃនេះ យើង​នឹង​ផ្ដោតលើ​ប្រព័ន្ធ​ការពារ​ឲ្យ​បាន​ច្រើន​។ យើង​សង្ឃឹមថា វត្តមាន​របស់​កីឡាករ ចាន់ វឌ្ឍនាកា នឹងធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​កាន់តែខ្លាំង​ជាង​មុន​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ហៅ សុជាតិ ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការប្រកួត ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១២ ខែធ្នូ​។​


លោក Vo Dinh Tan គ្រូបង្វឹកក្រុម Sanna Khanh Hoa

​បញ្ហា​ទីលាន​ប្រើ​ស្មៅ​សិប្បនិម្មិត បទពិសោធន៍ និង​ខ្សែប្រយុទ្ធ​ដ៏​ខ្លាំង​របស់​បឹង​កេង ជា​ក្តីកង្វល់​សម្រាប់​លោក Vo Dinh Tan គ្រូបង្វឹក​ក្រុម Sanna Khanh Hoa សម្រាប់​ជំនួប​កាត់សេចក្តី​នៅថ្ងៃនេះ ខណៈ​ពួកគេ​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​ឡើង​ទីវ​គ្គ​១/២ បើ​ពុំ​នោះទេ​សូម្បីតែ​ស្មើ​ក្រោម​៤​គ្រាប់ ពួកគេ​ក៏​ធ្លាក់​ពី​ការប្រកួត​ដែរ​។

«​ខ្ញុំ​មានការ​បារម្ភ​លើ​ទីលាន ព្រោះ​បឹងកេត​ធ្វើជា​ម្ចាស់ផ្ទះ​។ បឹងកេត​មាន​បទពិសោធ ប្រកួត​អន្តរជាតិ​ច្រើន​ហើយ​តំបន់​ប្រយុទ្ធ​ក្រុម​នេះ លេង​បានល្អ ដែលជា​ក្តីបារម្ភ​សម្រាប់​យើង ខណៈ​កីឡាករ Maycon, Omogba និង Gbenga សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់​»​។ នេះ​ជាការ​បង្ហាញ​ក្តីបារម្ភ​លោក Vo Dinh Tan ដែល​បាន​បន្ថែមថា លោក​នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​។

​ដោយឡែក ខ្សែការពារ​ជនជាតិ​បារាំង និង​ជា​ប្រធាន​ក្រុម​កីឡាករ Chaher Zarour ហាក់​មាន​ទំនុកចិត្ត​ខ្ពស់ក្នុងការ​យកឈ្នះ​នៅ​ល្ងាច​នេះ ដោយ​រូបគេ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា ការប្រកួត​នៅថ្ងៃនេះ នឹងមាន​ការលំបាក ប៉ុន្តែ​ពួកយើង​មកពី​នេះ​ដើម្បី​ឈ្នះ​»​។


ខ្សែបម្រើជនជាតិបារាំង Chaher Zarour និយាយក្នុងសន្នីសីទសារព័ត៌មានមុនការប្រកួត

​សម្រាប់​ជំនួប​ជើង​ទី​២ ម៉ោង​៧​យប់ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែលជា​ការប្រកួត​កាត់សេចក្តី​ដើម្បី​ស្វែងរក​ក្រុម​ឈ្នះ ឡើងទៅ​វគ្គ​១/២​នៃ​ពានរង្វាន់ Toyota Mekong Club Championship 2017 ក្រុម​បឹងកេត​ត្រូវការ​ត្រឹម​ស្មើ​ក្រោម​៤​គ្រាប់​ប៉ុណ្ណោះ ដើម្បី​បាន​កៅអី​ទៅ​វគ្គ​បន្ត ខណៈ​ក្រុម Sanna Khanh Hoa ត្រូវការ​ឈ្នះ​ជាដាច់ខាត​៕


Tag:
 Toyota Mekong Club
  ហៅ សុជាតិ​
  Vo Dinh Tan
© រក្សាសិទ្ធិដោយ thmeythmey.com